សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

អត្ថបទដោយ៖
Kien Sereyvuth

ហ្សាកាតា, ឥណ្ឌូនេស៊ី៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារ ដោយផ្ទាល់ជាមួយឯ,ឧ ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្តើមនៃជំនួប ឯ,ឧ ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ឯ,ឧ ។ ឯ,ឧ ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណឯ,ឧ ប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយ ក្នុងការចូលរួមពិធីដ៏សែនមានអត្ថន័យមួយនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនឯ,ឧ ប្រធានាធិបតីចូកូ វីដូដូ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះ ឯ,ឧ ប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ខណៈអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយបានបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហារបស់ទីម័រ ដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយ ជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។

សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូត នៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។

ឯ,ឧ ប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រប្រទេសទីម័រ។ លោកប្រធានាធិបតី បានលើកឡើងថា ជារឿងដ៏ល្អសម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។

សម្រាប់បញ្ហាទំនាក់ទំនងទ្វេភាគីវិញលោកប្រធានាធិបតី បានមើលឃើញមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដូចជាវិស័យសុខាភិបាលប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូនវិញប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាផងដែរ។

ប៉ុន្តែឯ,ឧ ប្រធានាធិបតីមើលឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពលហើយត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតី ចូកូ វីដូដូ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២ របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពីលោកបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner