ពលរដ្ឋរងគ្រោះដោយសារខ្ចីបុលលុយធនាគាររាប់ម៉ឺនដុល្លារដើម្បីទិញផ្ទះល្វែងបុរី (វេងឡុង) នៅខណ្ឌច្បារអំពៅ ស្នើសុំសម្ដេចទាំងទ្វេរជួយដោះស្រាយ
(ភ្នំពេញ)៖ ក្រុមហ៊ុនបុរី (វេងឡុង) ដែលសាងសង់សំណង់ផ្ទះល្វែងដើម្បីលក់ មានទីតាំងស្ថិតក្នុង ភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ រងការចោទប្រកាន់ថា បាននិងកំពុងគេចវេសមិនទទួលខុសត្រូវគ្រប់យ៉ាង រយៈពេលជាង៣ឆ្នាំមកហើយ ក្រោយពីអតិថិជនមួយចំនួន ខ្ចីបុលលុយចងការប្រាក់ក្នុងម្នាក់ៗ រាប់ម៉ឺនដុល្លារ ពីធនាគារមកកក់ទិញផ្ទះល្វែងពីក្រុមហ៊ុន (វេងឡុង) មួយនេះរួចរាល់ បែរជាស្ងាត់ៗឃើញខាងក្រុមហ៊ុនផ្សេងទៀត មកប្រកាសលក់ឡៃឡុង រហូតបច្ចុប្បន្នក្រុមហ៊ុនបុរី (Chey outdone) ចូលគ្រប់គ្រងទាំងស្រុងទៅវិញ។
តាមរយៈអង្គភាពសារព័ត៌មាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ លោក ព្រហ្ម វណ្ណដា និងភរិយាលោកស្រី គង់ សុភ័ស្ដ ជាអាជីវករលក់ដូរ ស្នាក់នៅផ្ទះលេខ141B ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ជាប្រជាពលរដ្ឋ១គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដ៍ទៃទៀត ដែលបានទិញផ្ទះល្វែងបុរី (វេងឡុង) ស្នើសុំយ៉ាងទទូចដល់ស្ថាប័នរដ្ឋពាក់ព័ន្ធ ជាពិសេសសម្ដេចទាំងទ្វេរ មេត្តាជួយចាត់ការលើលោកស្រី តែ គឹមឆេង និងលោក តេង ម៉ាប់ (២នាក់ប្ដីប្រពន្ធ) ម្ចាស់ក្រុមហ៊ុនបុរី (វេងឡុង) ដើម្បីអោយចេញមុខមកទទួលខុសត្រូវចំពោះមុខច្បាប់ពីបញ្ហា (ក្បត់ទំនុកចិត្ត) ក្នុងការដោះស្រាយរកយុត្តិធម៌តាមកិច្ចព្រមព្រៀងទិញ-លក់ ជូនអតិថិជនរបស់ខ្លួនមួយចំនួន ដែលរងទុក្ខសោកដោយសារខ្ចីបុលលុយធនាគារមកទិញផ្ទះល្វែងបុរី (វេងឡុង) ពោលគឺទិញកក់ប្រាក់រួចរាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ រយៈពេលជាង៣ឆ្នាំមកហើយគ្មានដំណោះស្រាយ បែរជាស្ងាត់ៗខាងធនា គារ ភ្នំពេញ ពាណិជ្ជ (PPCB) ប្រកាសដាក់លក់ឡៃឡុងទៅវិញ នៅមុនពេលក្រុមហ៊ុនបុរី (Chey outdone) ចូលគ្រប់គ្រងទាំងស្រុងបច្ចុប្បន្ន។
ម្ចាស់ សំណង់ផ្ទះល្វែងបុរីក្រុមហ៊ុន (វេងឡុង) លោក តេង ម៉ាប់ ភេទ ប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ កាន់ អត្តសញ្ញាណ ប័ណ្ណ ខ្មែរ លេខ ០១០០៧៩៨៩៨ ចុះ ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០១ អាស័យដ្ឋាន បច្ចុប្បន្ន ផ្ទះ លេខ ២១៦ ផ្លូវ លេខ ៣៥៩ ភូមិ ដើម ម៉ាក់ ក្លឿ សង្កាត់ ច្បារអំពៅ ១ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ និង ឈ្មោះ តែ គឹម ឆេង ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ កាន់ អត្តសញ្ញាណប័ណ្ណ ខ្មែរ លេខ ០១០៤៨៤៩៨៥ ចុះ ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០០៣ អាស័យដ្ឋាន បច្ចុប្បន្ន ផ្ទះ លេខ ២១៦ ផ្លូវ លេខ ៣៥៩ ភូមិ ដើម ម៉ាក់ ក្លឿ សង្កាត់ ច្បារអំពៅ ១ ខណ្ឌ ច្បារអំពៅ ត្រូវជា ភរិយា ដែលជា ភាគី អ្នកលក់ ។
ក្នុងកិច្ចព្រមព្រៀងទិញ-លក់ផ្ទះល្វែងរបស់លោក ព្រហ្ម វណ្ណដា និងលោកស្រី គង់ សុភ័ស្ដ បញ្ជាក់ថា ពិតជាបានទិញផ្ទះល្វែងEO លេខ33B ដែលមានទទឹង ៤ម៉ែត្រ បណ្ដោយ ១៦ម៉ែត្រ ក្នុងគម្រោងទី៥ របស់ក្រុមហ៊ុនបុរី (វេងឡុង) ប្រាកដមែន ក្នុងទំហ៊ំទឹកប្រាក់ ចំនួន៦៣០០០ដុល្លារ (ប្រាំមួយម៉ឺនបីពាន់ដុល្លារ) ដោយបានផ្ដិតមេដៃលើឯកសារកក់ប្រាក់ជាមុនរួចរាល់៣លើកមកហើយ ចំនួន១៣០០០ដុល្លារ (មួយម៉ឺនបីពាន់ដុល្លារ) ហើយស្នើសុំបង់រំលោះជាមួយអ្នកលក់ គឺលោកស្រី តែ គឹមឆេង ចំនួនប្រាក់ដើម ៥០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ) ក្នុងអត្រាការប្រាក់ ១% សម្រាប់រយៈពេល៥ឆ្នាំ (៦០ខែ) ជារៀងរាល់ដើមខែ ចាប់ពីថ្ងៃទី០១ ខែ០៤ ឆ្នាំ២០១៦តទៅ ក្រៅពីប្រជាពលរដ្ឋដ៍ទៃទៀត ខ្ចីប្រាក់ ពី ធនាគារ ផ្សេងៗ យកមកកក់ទិញផ្ទះក្នុងម្នាក់ៗ រាប់ម៉ឺនដុល្លារ។
ក្នុងកិច្ចព្រមព្រាងទិញ-លក់ផ្ទះល្វែងដដែលរបស់លោក ព្រហ្ម វណ្ណដា និងលោកស្រី គង់ សុភ័ស្ដ បញ្ជាក់ទៀតថា គឺបានកក់ប្រាក់លើកទី១ ជូនក្រុមហ៊ុនបុរី (វេងឡុង) ចំនួន៥០០ដុល្លារ និងលើកទី២ ចំនួន៣០០០ដុល្លារ កាលពីថ្ងៃទី១៤ និងថ្ងៃទី២៩ ខែ០១ ឆ្នាំ២០១៦ ហើយលើកទី៣ កក់ប្រាក់នៅថ្ងៃទី២៩ ខែ០២ ឆ្នាំ២០១៦ ចំនួន៩៥០០ដុល្លារបន្ថែមទៀត សរុប ១៣០០០ដុល្លារ (មួយម៉ឺនបីពាន់ដុល្លារ) ដោយក្រុមហ៊ុនធានាបន្តការសាងសង់ត្រូវបញ្ចប់កំឡុងពេលត្រឹម ១៨ខែ (ដប់ប្រាំបីខែ) ប៉ុណ្ណោះ នៅមុនពេលលោក តេង ម៉ាប់ និងលោកស្រី តែ គឹមឆេង ម្ចាស់ក្រុមហ៊ុនបុរី (វេងឡុង) ទាំង២នាក់ប្ដីប្រពន្ធ កើតជម្លោះផ្ទៃក្នុងប្ដឹងផ្ដល់លែងលះគ្នានៅស្ថាប័នតុលាការកំពូល។
ការមិនចេញមុខដោះស្រាយរយៈពេលជាង៣ឆ្នាំដោយសារតែជម្លោះផ្ទៃក្នុងប្ដឹងផ្ដល់លែងលះគ្នានៅស្ថាប័នតុលាការ បណ្ដាលឲ្យប្រជាពលរដ្ឋ (អ្នកទិញផ្ទះល្វែង) រងទុក្ខសោកនេះ បានផ្ទុះឡើងលើ «កំណត់ហេតុស្ដីពីនិតិវិធីត្រៀមសម្រាប់ការទាញហេតុផល» ក្នុងពេលលោកស្រី តែ គឹមឆេង តំណាងដោយឈ្មោះ វេង ឡុង ចូលខ្លួនមកបំភ្លឺក្នុងនាមចុងចម្លើយ ដែលមានដើមចោទឈ្មោះ ព្រហ្ម វណ្ណដា (ភាគីរងគ្រោះ) ប្ដឹងទាមទារប្រាក់ ចំនួន ៥២០០០ដុល្លារ (ប្រាំម៉ឺនពីរពាន់ដុល្លារ) (សងជម្ងឺចិត្ត និងខាតបង់ពេលវេលា) នៅសាលាដំបូងរាជធានីភ្នំពេញ រឿងទិញ-លក់ផ្ទះល្វែងនេះឯង តាមការកោះហៅរបស់លោកក្រឡាបញ្ជី លី វ៉ាន់ហេង និងលោកចៅក្រម ធ្ធាំ ប៊ុណ្ណា កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។