ជូនដំណឹង! សូមពលរដ្ឋ១៧៧ខ្នងផ្ទះ នៅលើដីចំណីផ្លូវលេខ១៨០០ «ប្លង់គោលក្នុងតំបន់អភិវឌ្ឍន៌ឫស្សីកែវ» និងពលរដ្ឋនៅលើដីឡូត៌ទិញពីអតីតសាលាក្រុងភ្នំពេញ នាំគ្នាទៅចាប់ឆ្នោតយកដី នាថ្ងៃទី២៣ខាងមុខ
(ភ្នំពេញ)៖ គណៈកម្មការសម្រាប់បែងចែកដីឡូត៌ក្នុងតំបន់អភិវឌ្ឍន៌ខណ្ឌឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង អំពីការបែងចែកដីប្រទានកម្មរបស់រដ្ឋ ជូនប្រជាពលរដ្ឋ ចំនួន១៧៧ខ្នងផ្ទះ តាមរយៈការចាប់ឆ្នោត ដែលប្រព្រឹត្តទៅនៅសាលប្រជុំចាស់ជាន់ទី២ សាលារាជធានីភ្នំពេញ នាវេលាម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងផ្លូវការមួយ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលភ្នាក់ងារព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដល់ប្រជាពលរដ្ឋ ចំនួន១៧៧ខ្នងផ្ទះ ដែលកំពុងស្នាក់នៅលើដីចំណីផ្លូវសាធារណៈលេខ១៨០០ គម្រោងផ្លូវសាធារណៈមួយចំនួន (ប្លង់គោលតំបន់អភិវឌ្ឍន៍ឫស្សីកែវ) និងស្នាក់នៅលើដីឡូត៌របស់ប្រជាពលរដ្ឋ ដែលទិញពីសាលារាជធានីភ្នំពេញ (អតីតសាលាក្រុងភ្នំពេញ) ឫដីមានប័ណ្ណកម្មសិទ្ធិរួចហើយ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា គណៈកម្មការសម្រាប់បែងចែកដីឡូត៌ជូនបង-ប្អូនប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការបែងចែកដីប្រទានកម្មរបស់រដ្ឋ ជូនប្រជាពលរដ្ឋទាំង១៧៧ខ្នងផ្ទះ តាមរយៈការចាប់ឆ្នោត ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤៖៣០នាទីរសៀល នៅសាលប្រជុំចាស់ជាន់ទី២ សាលារាជធានីភ្នំពេញ។
ដូចនេះ សូមប្រជាពលរដ្ឋទាំង១៧៧ខ្នងផ្ទះ ចូលរួមចាប់ឆ្នោតដោយផ្ទាល់ទៅតាមកាលបរិឆ្ឆេទ និងទីកន្លែងខាងលើដោយភ្ជាប់មកជាមួយនូវសលាកបត្រ ឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធផ្សេងៗ៕ ដោយ ហាស់ កំសាន្ដ