បើកសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សាខាប្រចាំខេត្តសៀមរាប (មានវីដេអូ)
សៀមរាប៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ក្រោមប្រធានបទ (សុខភាព និងជីវិតកាន់តែប្រសើរ លើទឹកដីអច្ឆរិយ) បានបើកសាខាថ្មីរបស់ខ្លួននៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ ដោយមានវត្តមានជាអធិបតីឯកឧត្តម អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Ng Keng Hooi នាយកប្រតិបត្តិ និងប្រធាននៃសម្ព័ន្ធ អេ អាយ អេ និង លោក Tan Hak Leh ដែលជានាយកប្រតិបត្តិប្រចាំតំបន់ និង ភ្ញៀវជាតិ អន្តរជាតិ តំណាងមកពីដៃគូអាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា ធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ទីប្រឹក្សាផែនការជីវិត អេ អាយ អេ ជាច្រើនរយនាក់ថែមទៀត។
មានប្រសាសន៏នាឪកាសនោះ ឯកឧត្តម អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងនៃកំណើតអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់កម្ពុជាទាំងមូល និងភាពប្រសើរឡើងស្របគ្នានៃជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្រោមគោលនយោបាយ និងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ចំពោះការអភិវឌ្ឍយ៉ាងលឿនរបស់(ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា)។ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា បានរីកលូតលាស់បន្តែមទៀត ស្របពេលនិងទីផ្សារធានារ៉ាប់រងនៅកម្ពុជាកំពុងមានការកើនឡើងយ៉ាងឆាប់រហ័សដោយបុព្វលាភធាខារ៉ាប់រងដែលសរុបមានកំណើនប្រមាណ៣៥% ជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយកើនឡើងដល់ចំនួន ១៦,៤៣៥ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ជាមួយនឹងសំណងសម្រាប់ហានិភ័យបានកើតឡើងដែលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់បានទូទាត់ជួនដល់អតិថិជនចំនួន ២៥.៨លានដុល្លារអាមេរិក នៅឆមាសទី១ សម្រាប់ឆ្នាំ២០១៩ ទីផ្សារធានារ៉ាប់រងមានបុព្វលាភចំនួន ១១៨ លានដុល្លារអាមេរិក ក្នុងនោះបុព្វលាភធានារ៉ាប់រងទូទៅមានចំនួន ៤៧ លានដុល្លារអាមេរិក និងបុព្វលាភធានារ៉ាប់រងអាយុជីវិតមានចំនួន ៤៧ លានដុល្លារអាមេរិក។ ចំនួនបុព្វលាភធានារ៉ាប់រង ព្យាករណ៍ថា នឹងកើនឡើងដល់ ប្រមាណ ២៦០ លាន នៅចុងឆ្នាំ២០១៩។ យើងសង្កេតឃើញថា ចាប់តាំងពីឆ្នាំ ២០១៨ មកបុព្វលាភធានារ៉ាប់រងអាយុជីវិត មានការកើនឡើងយ៉ាងសម្បើម។ កំណើននេះបានបង្ហាញពីការចាប់ផ្តើមយយល់ដឹង និងតម្រូវការរបស់ប្រជាពលរដ្ឋ អំពីសារៈប្រយោជន៍នៃការធានារ៉ាប់រងជីវិត។ ដោយសារតែការធានារ៉ាប់រងជីវិត គឺជាវិស័យមួយថ្មីសម្រាប់ប្រទេសកម្ពុជា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមិនទាន់បានជ្រាប់នៅឡើយ។
លោក Ng Keng Hooi បានមានប្រសាសន៍ថា «ថ្ងៃនេះ គឺជាដំណើរឆ្ពោះទៅមុខយ៉ាងសំខាន់មួយ នៃភាពរីកចម្រើន និងភាពជោគជ័យរបស់ អេ អាយ អេ នៅកម្ពុជា។ ការសម្ពោធសាខាខេត្តសៀមរាបរបស់យើងដែលធ្វើឡើងត្រឹមក្នុងរយៈពេលជាងពីរឆ្នាំបន្ទាប់ពីការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេស ស្របពេលនឹងការអបអរខួប១០០ឆ្នាំរបស់សម្ព័ន្ធទាំងមូលដែរនោះ ធានាថាយើងមានមូលដ្ឋានរឹងមាំ ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ប្រជាជនកម្ពុជាកាន់តែច្រើនដើម្បីជួយឲ្យពួកគាត់រស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ រួមជាមួយគ្នានេះ យើងក៏កំពុងតែជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញរបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឲ្យបានកាន់តែខ្លាំងថែមទៀត»។ ជាក់ស្តែងការបើកសម្ពោធសាខាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលក្រុមហ៊ុននេះធ្វើយុទ្ធនាការទីផ្សារពេញមួយខែ គឺ “យុទ្ធនាការសៀមរាបក្រហម” ដែលសំដៅដល់ពណ៌ និងស្លាកសញ្ញា របស់ អេ អាយ អេ។ យុទ្ធនាការនេះ បានចាប់ផ្តើមពីដើមខែនេះផ្ទាល់ ដោយផ្តល់ជូនវត្ថុអនុស្សាវរីយជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សហគ្រាសតូចៗ សិស្សានុសិស្ស និងសាធារណជនទូទាំងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនឹងលិខិតអញ្ជើញមកធ្វើការពិនិត្យសុខភាពលើស្ថានភាពតម្រងនោម និងលំពែងដោយឥតគិតថ្លៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅសាខា អេ អាយ អេ ខេមបូឌា ប្រចាំសៀមរាប។ សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ក្នុងការជួយប្រជាជនថែរក្សាសុខភាព និងរស់នៅប្រកបដោយសុខភាពកាន់តែប្រសើរ»។
លោកស្រី Pauline Teoh អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌាបានមានប្រសាសន៍ថា «ការបើកសាខាខេត្តសៀមរាបរបស់យើង គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតនៅក្នុងបេសកកម្មរបស់យើងដើម្បីជួយប្រជាជនកម្ពុជាទាំងអស់ឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ សាខាថ្មីនេះនឹងជួយឲ្យយើងផ្តល់ការការពារឈានមុខគេលើទីផ្សារ ដោយផ្តោតលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែច្រើន និងបង្កើតការងារថ្មីៗជាច្រើននៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ។ យើងជឿជាក់ថាការឈានជើងចូលខេត្តសៀមរាបរបស់យើង នឹងប្រែក្លាយទៅជាឥទ្ធិពលវិជ្ជមានជាច្រើនសម្រាប់ប្រជាជនលើដែនដីអច្ឆរិយនេះ»។ សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា៕ ដោយ ស៊ាន សុផាត