កម្ពុជា-តួកគី បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកម្ហូបហាឡាល់ដល់កម្ពុជា
(អង់ការ៉ា, តួកគី)៖ ឆ្លៀតឱកាសពីការចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា និងតួកគី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកជំទាវ រូស្សា ប៉េខេន (Ruhsar Pekcan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតួកគី ដែលបានប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅក្រសួងពាណិជ្ជកម្មតួកគី ទីក្រុងអង់ការ៉ា ប្រទេសតួកគី។ តាមរយៈជំនួបនេះ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីថែមទៀត ដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ។
នៅក្នុងជំនួបនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្វាគមន៍លទ្ធផលផ្លែផ្កានៃកិច្ចប្រជុំថ្នាក់បច្ចេកទេសនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា និងតួកគី ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅក្រសួងពាណិជ្ជកម្មតួកគី។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីទំហំពាណិជ្ជកម្មដែលភាគីទាំងពីរសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានទំហំតិចតួចនៅឡើយ និងស្នើស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរចូលរួមធ្វើការជាមួយគ្នា ដើម្បីស្វែងរកវិធានការនានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុនអាកាសចរតួកគី Turkish Airlines បើកការហោះហើរត្រង់មកកម្ពុជា និងស្នើភាគីតួកគីផ្តល់ជំនួយបច្ចេកទេសអនាម័យ និងការចេញវិញ្ញាបនបត្រ ដើម្បីលើកកម្ពស់ម្ហូបហាឡាល់នៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាកំពុងស្ថិតនៅដំណាក់ចាប់ផ្តើមនៃការអភិវឌ្ឍម្ហូបហាឡាល់នេះ។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតួកគី Ruhsar Pekcan បានគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរ ចូលរួមសហការជាមួយគ្នាដើម្បីស្វែងរកវិធានការគន្លឹះក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងឯកភាពលើការបង្កើតក្រុមការងាររួម សំដៅផ្តល់ជំនួយបច្ចេកទេសលើម្ហូបហាឡាល់ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងការចែករំលែកនូវបទពិសោធន៍ល្អៗរបស់តួកគីលើម្ហូបហាឡាល់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍម្ហូបហាឡាល់នៅកម្ពុជា។