សិស្សប៊ែលធី “និទ្ទេស A” ១៨ រូប ចែករំលែកបទពិសោធន៍ភាពជោគជ័យនៃការសិក្សាដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី
សិស្សប៊ែលធី “និទ្ទេស A” ១៨ រូប បានមកចែករំលែកបទពិសោធន៍ភាពជោគជ័យនៃការសិក្សាដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី ដែលនឹងត្រូវ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សាថ្មី២០១៩-២០២០ ចំនួន ១ពាន់,៧រយ២១នាក់ ដែលពិធីនេះប្រព្រឹត្តទៅ នៅសហសាលនៃសាកលវិទ្យាល័យ ប៊ែលធីអន្ដរជាតិ ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និង និងលោកជំទាវ ។
តាមរយនៃការបញ្ជាក់បទពិសោធន៍នៃការសិក្សាពីក្នុងចំណោមសិស្សនិទ្ទេស A ទាំង១៨រូប យុវសិស្សឌី ពេជ្រសុផានាថបានឲ្យដឹងថាភាពជោគជ័យដែលទទួលបានពីការសិក្សានាពេលកន្លងមក មិនកើតឡើងដោយឯកឯងនោះទេ គឺកេីតឡើងដោយការខិតខំព្យាយាមសិក្សា ពិសេសសិស្សថ្នាក់ទី១២ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនចំណាយពេលវេលាឥតប្រយោជន៍ឡើយ ត្រូវចេះបែងចែកពេលវេលាសំរាប់ការសិក្សាឲ្យបានច្បាស់លាស់ ដោយខ្លួនយើងផ្ទាល់និយាយរួម ភាពជោគជ័យនៃការសិក្សាមាន៤ កត្តាសំខាន់ គឺកត្តាសាលា កត្តាគ្រួសារ កត្តាសង្គម.និងកត្តាខ្លួនឯង។
ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះ សិស្សនិទ្ទេសA ទាំង ១៨រូប និងសិស្សជ័យលាភីទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនា ព្រមទាំងបាន បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ផងដែរ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗសិក្សាបន្ថែមនៅផ្ទះ និង គោរពវិន័យសាលាបានល្អ។
ដើម្បីជាការជំរុញនិងលើកទឹកចិត្តដល់សិស្ស ឯកឧត្តមបណ្ឌិត អគ្គនាយក និងលោកជំទាវ បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ឧកញ៉ា លី ឆេង សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ជូនដល់សិស្សនិទ្ទេស A ទាំង ១៨រូប ព្រមទាំង ឧបត្ថម្ភថវិកាសម្រាប់ការ ចំណាយផ្សេងៗក្នុងម្នាក់ៗ ២ពាន់ដុល្លារ ជូនដល់ លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានសិស្សជាប់និទ្ទេសA នូវលិខិតសរសើរ និងថវិកាលើកទឹកចិត្តក្នុងម្នាក់ៗ ១០០ដុល្លារ ផងដែរ។
គួរបញ្ជាក់ដែរថា ៖គិតមកដល់ឆ្នាំសិក្សា២០១៨-២០១៩ សាលាប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១ម៉ឺន,១ពាន់១រយ២៩ នាក់ ស្មើនឹង ៨៥.២៤ ក្នុងនោះសិស្សនិទ្ទេសA ចំនួន ១១២នាក់ និងមានសិស្សពូកែទូទាំងរាជធានី និងទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ សរុបចំនួន ៦៤នាក់ នារី ៣៨នាក់ ហើយសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រពីរ ១. ចេញដោយ សាលា ប៊ែលធី អន្តរជាតិ ២- ចេញដោយក្រសួងអប់រំយុវជន និងកីឡា ៕