អាជ្ញាធរខេត្តស្ទឹងត្រែង បានជម្រុញដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាប្រពៃណី ទំនៀមទំលាប់ ជំនឿ សាសនា ភាសា និងវប្បធម៌ ដើម្បីរក្សាបាន នូវអត្តសញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច ប្រកបដោយនិរន្តរភាព!

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ  បានថ្លែងជម្រុញបែបនេះ គឺនៅក្នុងការប្រារព្ធពិធី ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២៥ និងលើកទី១៥ នៅកម្ពុជា ០៩ សីហា  ក្រោមប្រធានបទ « ភាសាជនជាតិដើមភាគតិច » ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក ថាក់ ខាំតាន់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងអង្គការដៃគូនានា សហគមន៍ និងប្រជាពលរដ្ឋប្រមាណ ៤០០នាក់។ ពិធីបានរៀបចំធ្វើឡើងដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង សហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧តុលា ឆ្នាំ២០១៩ ម្សិលមិញ។
  អភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ បានមានប្រសាសន៍ថា ការប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២៥ និងលើកទី១៥នៅកម្ពុជានេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ សម្តេចបាន និងកំពុងយកចិត្តទុកដាក់ទៅលើការស់នៅរបស់ បងប្អូនជនជាតិដើមភាគតិច ក្នុងការផ្ដល់ឱកាស និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ យោបល់ ដើម្បីការអភិវឌ្ឍប្រទេសជាតិ។ លោកអភិបាលរងខេត្ត បានថ្លែងទៀតថា ការប្រារព្វពិធីនេះឡើង គឺសំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ របស់បងប្អូនជនជាតិដើមភាគតិច។ លោកបានជម្រុញដល់មន្ត្រីរាជការ អង្គការដៃគូ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការគ្នា ថែរក្សា ការពារប្រពៃណី ទំនៀមទំលាប់ ជំនឿ សាសនា ភាសា វប្បធម៌ ដើម្បីរក្សាបាន នូវអត្តសញ្ញាណជនជាតិដើមភាគតិច ប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់ដែលបងប្អូនជនជាតិដើមរស់នៅ។ លោក ដួង ពៅ បានបញ្ជាក់ថា ជំនួសមុខថ្នាក់ដឹកនាំខេត្ត នឹងបន្តខិតខំជម្រុញការងារអភិរក្ស និងអភិវឌ្ឍ ជូនបងប្អូនជនជាតិដើមភាគតិច ឲ្យបានសមស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល រួមទាំងគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច ពោល គឺ នឹងធ្វើឲ្យមានការប្រែប្រួល និងភាពរីកចម្រើនយ៉ាងពិតប្រាកដ ទាំងជីវភាពរស់នៅ ការថែរក្សាអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ធ្វើការផ្សព្វផ្សាយច្បាប់ និងគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច និងគោលនយោបាយនានា ដែលពាក់ព័ន្ធជនជាតិដើមភាគតិច ឲ្យបានទូលំទូលាយនៅក្នុងទូទាំងខេត្ត និងនៅតាមបណ្តាខេត្ត ដែលមានបងប្អូនជនជាតិដើមភាគតិចរស់នៅ។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក ព្រំ ចាន់ថា បានថ្លែងថា នេះជាលើកទី១ សម្រាប់ខេត្តស្ទឹងត្រែង ដែលបានប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោក លើកទី២៥ និងលើកទី១៥ នៅកម្ពុជា។ លោកថា ថ្ងៃទិវា ៩សីហា គឺជាថ្ងៃមួយដែលមានតម្លៃបំផុត សម្រាប់ជនជាតិដើមភាគតិច នៅក្នុងពិភពលោក និង នៅទូទាំង ១៥ខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងខេត្តស្ទឹងត្រែងផងដែរ ដើម្បីចូលរួមអបអរទិវា ក្នុងស្មារតីរំលឹកពីប្រវត្តិសាស្ត្រ ជនជាតិដើមភាគតិច ជាពិសេស ដើម្បីបង្ហាញអំពីគុណតម្លៃ នៃប្រពៃណី អត្តសញ្ញាណជនជាតិដើមភាគតិចលើផ្នែកភាសា ឲ្យយើងទាំងអស់គ្នាកាន់តែយល់ច្បាស់ ព្រោះភាសាជាយានសំខាន់ណាស់សម្រាប់ពូជសាសន៍ ជនជាតិនីមួយៗ ដើម្បីសម្គាល់អត្តសញ្ញាណ និងសម្រាប់ការងារអភិរក្ស និងអភិវឌ្ឍ លើការកសាងសន្តិភាព និងការផ្សះផ្សារជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍អង្គការសហប្រជាជាតិ បានបង្ហាញថា ជនជាតិដើមភាគតិចនៅលើពិភពលោក មានចំនួនប្រមាណ ៣៧០លាននាក់ ដែលរស់នៅ ៧០ប្រទេស មានស្ថានភាពសង្គម សេដ្ឋកិច្ច និងវប្បធម៌ប្រហាក់ប្រហែលគ្នា ប៉ុន្តែ និយាយភាសាខុសៗគ្នា។ ចំណែក ស្ថានភាពជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា វិញ យោងតាមគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច រួមទាំងស្ថានភាពជាក់ស្តែង បានបង្ហាញឲ្យឃើញថា ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា មានច្រើនក្រុមខុសៗគ្នា ប្រមាណជាង ២៤ក្រុម ដូចជា ព្នង កួយ ទំពួន ចារាយ គ្រឹង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្មូន លុន ស្អូច រដែ ខិៈ រអង ស្ពុង ល្អឺន និងសំរែ ដោយប្រើប្រាស់ភាសានិយាយខុសៗគ្នា និងគ្មានគំនូសអក្សរទេ។ ហើយពួកគាត់រស់នៅក្នុងចំនួន ១៥ខេត្ត-ក្រុង ដោយភាគច្រើនរស់នៅក្នុងខេត្ត ភាគឥសាន នៃប្រទេស ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងខេត្តកំពង់ធំ។ លោកបានបញ្ជាក់ទៀតថា ការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច គឺភាគច្រើនរស់នៅប្រមូលផ្តុំគ្នាជាក្រុម ការប្រកបមុខរបរចិញ្ចឹមជីវិត ធ្វើស្រែ និងចំការ ប្រើប្រាស់ដីធ្លីជាលក្ខណៈសមូហភាព ការប្រមូលផល អនុផល ពីព្រៃឈើ ការគោរពប្រពៃណីទំនៀមទម្លាប់ ដូចជា ពិធីសែនព្រេន មានជំនឿទៅលើព្រលឹងអារក្ស អ្នកតា ឬ ដូនតា និងការដឹកនាំតាមរបៀបប្រពៃណីដើម ដែលបានអនុវត្តន៍រហូតមកដល់សព្វថ្ងៃនេះ។ ហើយនៅគ្រាបច្ចុប្បន្ន ខេត្តស្ទឹងត្រែង មាន១០ជនជាតិ ដែលកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្ត ដែលមានចំនួនសរុប ៤ពាន់ ៣៩គ្រសារ រួមមាន៖ ព្រៅ គ្រឹង កាវ៉ែត ក្រោល លុន ទំពួន ព្នង ចារ៉ាយ កាចក់ និងគួយ មាន១២សហគមន៍ ដែលបានទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ និង ២សហគមន៍ទៀត កំពុងដាក់សំណើរសុំចុះបញ្ជី និងមាន១សហគមន៍ ដែលទទួលបានប័ណ្ណកម្មសិទ្ធិសមូលហភាព គឺស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner