ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross គ្រោងដំណើរការប្រកួតផ្លូវការ នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ
បន្ទាប់ពីទទួលបានគាំទ្រខ្លាំងពីកីឡាករប្រណាំងម៉ូតូ នៅកម្ពុជា ជុំវិញការប្រណាំងម៉ូតូ Cambodia Motor Cross ឆ្នាំ២០១៩ កាលពីអំឡុង ខែកញ្ញាកន្លងទៅ លោក ឃួន ពិឡុត អ្នក ជំនាញ រៀបចំ ព្រឹត្តិការណ៍ប្រណាំងម៉ូតូនៅកម្ពុជា បានបង្ហើបថា នឹងរៀបចំព្រឹត្តិការណ៍ ប្រណាំងមួយទៀតគឺ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross ខេមបូឌា នៅទឹកដីភ្នំប្រសិទ្ធ ខេត្តកណ្តាល ដែលគ្រោងរៀប ចំផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។
អ្នកជំនាញរូបនេះអះអាងថា នេះជាព្រឹត្តិការណ៍ប្រណាំងលើកទី៨ហើយ ដែលខ្លួនបានរៀបចំ នៅកម្ពុជា ហើយ ការប្រណាំងនេះ គឺបានបើកទូលាយសម្រាប់កីឡាករកម្ពុជា ទាំងអស់ចូលរួម ប្រកួត ប្រជែង។ លោក ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Cross គឺជាវិញ្ញាសាប្រណាំងមួយដែល កីឡាករ នៅកម្ពុជាចូលចិត្តបំផុត ព្រោះវិញ្ញាសានេះបានផ្តល់នៅការប្រកួត ប្រជែងលើផ្លូវប្រណាំងដែលមាន ឧបសគ្គតិចតួច និងមានការហោះឡើងទូលបន្តិចបន្ទួចប៉ុណ្ណោះ មិនដូចប្រណាំងម៉ូតូក្រូសនោះទេ ដែល មានការហោះទួលច្រើន និងផ្លូវឧបសគ្គក៍ច្រើន ។
អ្នកជំនាញដដែល បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ ប្រណាំងនេះ លោកក៍បានអញ្ជើញកីឡាករ បរទេសចូលរួមប្រណាំងប្រជែងដែរ ក្នុងន័យផ្តល់ឱកាស ដល់កីឡាករយុវជនកម្ពុជា បានប្រកួតដក ស្រង់បច្ចេកទេសជាមួយកីឡាករអន្តរជាតិខ្លាំងៗ ដើម្បីអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសឈាន ទៅចូលរួមការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ នាពេលខាងមុខ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូអ៊ីនយូរ៉ូក្រូសដែលបង្កើតឡើងដោយ លោក ឃួន ពិឡុត គឺបានរៀបចំនួន៧លើករួចមកហើយនៅលើទឹកដីភ្នំប្រសិទ្ធ ខេត្តកណ្តាល ហើយព្រឹត្តិការណ៍ប្រកួត លើកទី៨នេះ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនប្រេងម៉ាស៊ីន WOLVER ។ ចំពោះព្រឹត្តិការណ៍លើកទី៨នេះ មាន៤វិញ្ញាសាដាក់អោយប្រណាំងប្រជែង Class A សម្រាប់កីឡាករកម្រិតខ្ពស់ប្រកួតប្រជែងជាមួយ កីឡាករបរទេស Class B ប្រកួតប្រជែងជាមួយកីឡាករខ្មែរដូចគ្នា Class C កីឡាករដែល មានកម្រិត មធ្យម និង Class D សម្រាប់ប្រភេទម៉ូតូកែឆ្នៃ ៕