លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទពុករលួយរឿងយកកន្លែងវាយកូនហ្គោល រៀបចំកិច្ចប្រជុំកំពូល G7
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានសម្រេចចិត្តជ្រើសយករមណីយដ្ឋានវាយកូនហ្គោល ផ្ទាល់ខ្លួនរបស់លោកមួយកន្លែង នៅរដ្ឋ Florida ដើម្បីរៀបចំកិច្ចប្រជុំកំពូល G7 នៅពេលខាងមុខនេះ ខណៈមានការចោទប្រកាន់ថា ការសម្រេចចិត្តនេះគឺជាអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩នេះ។

រមណីយដ្ឋានវាយកូនហ្គោល The Trump National Doral Golf Club នៅក្នុងទីក្រុង Miami នៃរដ្ឋ Florida គឺជាកន្លែងស័ក្តិសមបំផុតសម្រាប់ទទួលរៀបចំកិច្ចប្រជុំកំពូល G7 ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា នៅឆ្នាំ២០២០ខាងមុខនេះ។ ប៉ុន្តែ សមាជិកសភាបក្សប្រជាធិបតេយ្យ និងអ្នករិះគន់មួយចំនួន បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាកំពុងប្រព្រឹត្តអំពើពុករលួយ ដោយសារតែយកការសម្រេចចិត្តរបស់រដ្ឋាភិបាលអាម៉េរិក ដើម្បីតែផលចំណេញសម្រាប់រមណីយដ្ឋានផ្ទាល់ខ្លួន របស់លោក។

គួរបញ្ជាក់ថា បើតាមក្រុមអ្នករិះគន់ ការសម្រេចចិត្តខាងលើរបស់លោក ដូណាល់ ត្រាំ ជាទង្វើរំលោភលើបទដ្ឋាន ទាំងផ្នែកកិច្ចការនៅក្នុងស្រុក និងក្រៅប្រទេស ដែលមានចែងពីកិច្ចការពារប្រធានាធិបតីអាម៉េរិកពីឥទ្ធិពលខាងក្រៅ៕ធ.ដ




