ពលរដ្ឋនៅហុងកុងចាប់ផ្ដើមលក់ផ្ទះបណ្តើរៗហើយ ដោយសារបាតុកម្ម
សារព័ត៌មាន SCMP បានចេញផ្សាយកាលពីម្សិលមិញថា ទំនោរទៅរកការចំណាកស្រុករបស់ពលរដ្ឋហុងកុង បានកើនឡើង១៤ដង ក្រោយពេលដែលមានបាតុកម្មតវ៉ាអស់រយៈពេលជាង៤ខែឥតឈប់ឈរ។ ជាមួយគ្នានេះដែរ ប្រជាជនជាច្រើននាក់បានចាប់ផ្ដើមលក់ផ្ទះសម្បែងរបស់ខ្លួន ដោយខ្លាចថាទីផ្សារតម្លៃលក់ដូរអាចនឹងកាន់តែយ៉ាប់យ៉ឺនទៅដោយសារបញ្ហាបណ្ដាលមកពីការធ្វើបាតុកម្ម។

នាយកទីប្រឹក្សាអន្តោប្រវេសន៍អ្នកស្រី Tina Cheng ឲ្យដឹងថាមូលហេតុចម្បងដែលធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ គឺបណ្ដាលមកពីស្ថានភាពទីក្រុងហុងកុងបច្ចុប្បន្ន។ លើសពីនេះទៀត ប្រជាជនភាគច្រើន ចង់បានបរិស្ថានរស់នៅប្រសើរជាងនេះ និងប្រព័ន្ធអប់រំល្អសម្រាប់កូនចៅពួកគេ។ អ្នកស្រី Cheng បន្ថែមថាភាគច្រើននៃអ្នកដែលចាប់ផ្ដើមលក់ផ្ទះសម្បែង គឺជាពលរដ្ឋដែលមានចំណូលពីមធ្យម ទៅខ្ពស់រួមមាន វេជ្ជបណ្ឌិត និងមេធាវីជាដើម។

ពួកគេចាប់ផ្ដើមលក់ផ្ទះដើម្បីស្នើសុំទិដ្ឋាការទៅរស់នៅប្រទេសដទៃ។ គួរឲ្យដឹងថា ការតវ៉ានៅហុងកុង ត្រូវបានអូសបន្លាយអស់រយៈពេលជាង៤ខែមកហើយ បើទោះបីជាមកទល់ពេលនេះ ច្បាប់បត្យាប័នថ្មីត្រូវបានលុបចោលក៏ដោយ៕ធ.ដ

