មហាសេដ្ឋីមានទ្រព្យ៣៦ពាន់លានដុល្លារអាមេ៉រិក ចេក ម៉ា នឹងជួយវិស័យអប់រំនៅអាហ្វ្រិក
អត្ថបទដោយ៖
Kien Sereyvuth
មហាសេដ្ឋីពិភពលោក សញ្ជាតិចិន លោក ចេក ម៉ា បាននិយាយថា បេសកកម្មធំបំផុតរបស់លោកនាពេលខាងមុខនេះ គឺជាការជួយដល់វិស័យអប់រំ និងសហគ្រិនវ័យក្មេង នៅអាហ្វ្រិក ក្នុងឋានៈលោកគឺជាស្ថាបនិកមូលនិធិចេកម៉ា។

លោកបានថ្លែងបែបនេះ ជាមួយលោក Steve Forbes ប្រធានទីភ្នាក់ងារព័ត៌មាន Forbes នៅសន្និសីទអន្តរជាតិមួយ នាប្រទេសសិង្ហបុរី កាលពីម្សិលមិញ។

ជាការថ្លែងក្រោយពេលដែលមហាសេដ្ឋីមានទ្រព្យសរុប ៣៦ពាន់លានដុល្លារអាមេ៉រិក វ័យ៥០ឆ្នាំរូបនេះ ទើបប្រកាសលាឈប់ពីប្រធានក្រុមហ៊ុនយក្ស អាលីបាបា ។ លោកថា នឹងចំណាយពេលវេលានិងថាមពលបន្ថែមទៀត លើវិស័យអប់រំ និងកិច្ចការពារបរិស្ថានជាដើម៕ធ.ដ


