អង្គការ NASA របស់សហរដ្ឋអាមេ៉រិកបញ្ចេញឈុតអវកាសជំនាន់ថ្មី ដែលត្រូវស្លៀកទៅឋានព្រះច័ន្ទនៅឆ្នំា២០២៤
សហរដ្ឋអាមេ៉រិក៖ ប្រធានអង្គការ NASA លោក ជីម ប្រាយដិនស្ទាញ នៅថ្ងៃអង្គារ៍នេះ បានរៀបចំកម្មវិធីបើកបង្ហាញគំរូឈុតអវកាសចំនួនពីរ ដែលរចនាឡើងសម្រាប់ការរុករកនៅឋានព្រះច័ន្ទនាឆ្នំា២០២៤ខាងមុខនេះ ។

ក្នុងនោះមួយឈុត គឺសម្រាប់ពេលបំពេញការងារនៅលើផ្ទៃរបស់ព្រះច័ន្ទ ហៅថាឈុត អ៊ិច អ៊ីម៊ូ (xEMU) និងមួយទៀត សម្រាប់ពេលជិះក្នុងយាន អូរាយអន (Orion) ចុះឬឡើងឋានព្រះច័ន្ទហៅថា ឈុត អូរាយអន គ្រូ សឺវាយវ៉ល ស៊ីសស្ទែម (Orion Crew Survival System) ។

បើតាមការគ្រោងទុកនោះ ក្រុមអវកាសយានិកនៅស្ថានីយអវកាសអន្តរជាតិ នឹងធ្វើតេស្តឈុតអវកាសថ្មីទាំងនេះជាមុនសិន ហើយពួកវាក៏នឹងត្រូវប្រើប្រាស់នៅក្នុងស្ថានីយអវកាស ដែលគ្រោងបង្កើតឡើងនៅគន្លងព្រះច័ន្ទ និង ភពអង្គារផងដែរ ខណៈអង្គការ NASA នឹងបញ្ជូនអវកាសយានិកមានស្រី និងប្រុសឲ្យទៅជាន់ផ្ទៃព្រះច័ន្ទសាជាថ្មីនៅឆ្នាំ២០២៤ និង ទៅដល់លើផ្ទៃភពអង្គារនៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០ ៕ធ.ដ


