ប្រធានាធិបតីអាមេរិក៖ គ្រប់គ្រាន់ហើយចំពោះអំពើហិង្សាដោយកាំភ្លើង និងជំរុញឱ្យសភាធ្វើសកម្មភាពជាបន្ទាន់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា សហរដ្ឋ អាមេរិក គួរតែហាមឃាត់ការប្រើប្រាស់កាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ និងដាក់ចេញនូវវិធានការរឹតត្បិតការប្រើប្រាស់កាំភ្លើង ដើម្បីទប់ស្កាត់ អំពើហិង្សាដោយកាំភ្លើង។
ថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ចូ បៃដិន បានសង្កត់ធ្ងន់ថា វាល្មមគ្រប់គ្រាន់ហើយដែល សភា ទាំង ពីររបស់សហរដ្ឋអាមេរិកត្រូវធ្វើសកម្មភាពជាបន្ទាន់ ក្នុងការដាក់ ចេញ ច្បាប់គ្រប់គ្រងកាំភ្លើង ហើយបើពុំដូច្នោះទេ សភាគួរតែដាក់ចេញ វិធានការរឹតត្បិតមួយចំនួន ក្នុងនោះរួមមានទាំងការដំឡើង អាយុរបស់ ប្រជាជនអាមេរិក ដែលអាចទិញកាំភ្លើងបាន ពីអាយុ១៨ឆ្នាំក្នុង ពេល បច្ចុប្បន្នដល់២១ឆ្នាំ។
ជាមួយគ្នានេះ លោក បៃដិន បានលើកឡើងដោយចោទសួរដូច្នេះថា តើយើងចង់ឱ្យសោកនាដកម្មបែបនេះ កើតឡើងច្រើនប៉ុនណាទៀត?។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះ ដោយចង់សំដៅលើការ បាញ់ ប្រហារនៅឯសាលាបឋមសិក្សាមួយក្នុងរដ្ឋតិចសាស់ ដែលផ្ដាច់ ជីវិត កុមារ ១៩នាក់ និងគ្រូបង្រៀន២នាក់ ព្រមទាំងការបាញ់ប្រហារ កាល ពីថ្ងៃពុធសប្ដាហ៍នេះ នៅឯមន្ទីរពេទ្យមួយក្នុងរដ្ឋអូក្លាហូម៉ា ដែលសម្លាប់ មនុស្ស ៤នាក់៕
ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា




