ប្រមុខអង្គការណាតូ៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបាន ក្លាយជា សង្គ្រាមនៃការបំផ្លិចបំផ្លាញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្វាគមន៍ អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូថែនប៊ឺគ ក្នុងអំឡុងដំណើរ ទស្សនកិច្ចមកកាន់សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នាឱកាស នោះដែរ មេដឹកនាំទាំងពីរបានពិភាក្សាអំពីការប្រយុទ្ធគ្នានៅអ៊ុយក្រែន ហើយបានយល់ព្រមលើតម្រូវការ ដើម្បីពង្រឹងការការពាររបស់ អង្គការ ណាតូ។

លោក ស្តូថែនប៊ឺគ បន្តថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានក្លាយជា សង្រ្គាមនៃការបំផ្លិចបំផ្លាញ។ លោកថា សម្ព័ន្ធមិត្តគួរតែត្រូវបានរៀបចំ សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយនៃជម្លោះនេះ។ ជាមួយគ្នានេះ លោក ស្តូថែនប៊ឺគ បានធ្វើបច្ចុប្បន្នភាពដល់លោក បៃដិន លើការដាក់ពាក្យសុំ របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលរួមសម្ព័ន្ធភាពយោធា ដឹកនាំដោយសហរដ្ឋអាមេរិក (NATO)។ លោកថា សមាជិកណាតូនឹង រកឃើញផ្លូវរួបរួមមួយទៅមុខ។

ទោះជាយ៉ាងណា មេដឹកនាំតួកគីបានប្រកាសប្រឆាំងនឹងសំណើ របស់ ស៊ុយអែត និងហ្វាំងឡង់ ដោយទីក្រុងអង់ការ៉ា បានរិះគន់ប្រទេស Nordic ទាំងពីរចំពោះការគាំទ្រក្រុមសកម្មប្រយុទ្ធឃឺដ ដែលតួកគី បានចាត់ទុកថា ជាអង្គការភេរវករ។

ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃពុធសប្តាហ៍ នេះថា លោកចង់ឱ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ទទួលយក “វិធីសាស្រ្តដ៏ស្មោះត្រង់” ចំពោះការព្រួយបារម្ភរបស់ទីក្រុងអង់ការ៉ា៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner