តួកគី និងវេណេស៊ុយអេឡាប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី នៅពេលលោក ម៉ាឌូរ៉ូ បំពេញទស្សនកិច្ច

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ និងសមភាគីវេណេស៊ុយអេឡាដែលកំពុងបំពេញទស្សនកិច្ចរបស់លោក គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃពុធសប្តាហ៍នេះ បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក អឺដូហ្គាន់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ម៉ាឌូរ៉ូ នៅរដ្ឋធានី អង់ការ៉ា ថា មានសក្តានុពលកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ថាមពល ការជីកយករ៉ែ អាជីវកម្មសំណង់ សុខភាព កសិកម្ម និងទេសចរណ៍។ ដោយហៅវេណេហ្ស៊ុយអេឡាថា ជា “ប្រទេសមិត្ត” ប្រធានាធិបតីតួកគីបាននិយាយថា លោកប្រឆាំងនឹងការដាក់ទណ្ឌកម្មលើវ៉េណេស៊ុយអេឡា ហើយថា តួកគីនឹងឈរក្បែរប្រទេសនេះចាប់ពីពេលនេះតទៅ។ ចំណែកលោក ម៉ាឌូរ៉ូ បានសម្តែងការដឹងគុណដល់តួកគីក្នុងនាមប្រជាជនរបស់លោក។

លោកថានៅក្នុងគ្រានៃភាពមិនប្រាកដប្រជាបំផុត ក្នុងគ្រាដ៏លំបាកបំផុត និងនៅពេលនៃជំងឺរាតត្បាតសកល តួកគីតែងតែនៅក្បែរយើង និងគាំទ្រពួកយើង។ ជាមួយគ្នានេះ លោក ម៉ាឌូរ៉ូ បានអញ្ជើញអ្នកវិនិយោគតួកគីចូលទៅវិនិយោគក្នុងទេសចរណ៍ រ៉ែ ឧស្សាហកម្ម ភស្តុភារ ធនាគារ ប្រេង មាស និងធ្យូងថ្មរបស់ប្រទេសវេណេហ្ស៊ុយអេឡា ដោយធានាដល់ពួកគេ នូវការធានាផ្នែកច្បាប់ និងនយោបាយទាំងអស់។

គួរបញ្ជាក់ថា ពាណិជ្ជកម្មរវាងតួកគី និងវ៉េណេស៊ុយអេឡា ដែលបានកើនឡើងដល់ ៨៥០លានដុល្លារក្នុងឆ្នាំ ២០២១ ទំនងជានឹងឈានដល់ ១ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ ហើយមានគោលដៅសម្រេចដល់ ៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំឱ្យបានឆាប់តាមដែលអាចធ្វើបាន។ នេះបើតាមមេដឹកនាំតួកគី ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner