ប្រធានគណៈកម្មការអឺរ៉ុប៖ ស្បៀងអាហារឥឡូវនេះបានក្លាយជាផ្នែកមួយនៃឃ្លាំងអាវុធនៃអំពើភេវរកម្មរបស់រុស្ស៊ី
ព្រុចសែល ៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរសូឡា វ៉ុនឌែរ ឡេយិន នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា ស្បៀងអាហារបានក្លាយជាផ្នែកមួយនៃ “ឃ្លាំងអាវុធនៃអំពើភេវរកម្ម” របស់រុស្ស៊ី។
នៅក្នុងសុន្ទរកថាទៅកាន់សភាអឺរ៉ុបនៅទីក្រុង ស្ត្រាសបក (Strasbourg) លោក វ៉ុនឌែរ ឡេយិន បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ដើម្បីស្ដារកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលជាមធ្យោបាយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើតមាន។
លោក វ៉ុនឌែរ ឡេយិន បានប្រាប់សមាជិកសភាសហភាពអឺរ៉ុបថា នេះគឺជាការឡោមព័ទ្ធដ៏ឈាមត្រជាក់ និងការគណនាដោយលោក ពូទីន ទៅលើប្រទេស និងប្រជាជនដែលងាយរងគ្រោះបំផុតមួយចំនួននៅក្នុងពិភពលោក។ ដូច្នេះហើយ សមាជិកកិត្តិយសទាំងឡាយ… ឥឡូវនេះ ស្បៀងអាហារបានក្លាយជាផ្នែកមួយនៃឃ្លាំងអាវុធនៃអំពើភេរវកម្មរបស់វិមានក្រឹមឡាំង… ហើយយើងមិនអាចអត់ឱនឱ្យទង្វើបែបនេះបានទេ។
ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី មិនបានបង្កផលប៉ះពាល់ទំនិញស្បៀងអាហារមូលដ្ឋាននោះទេ ហើយថា ទណ្ឌកម្មទាំងនោះក៏មិនប៉ះពាល់ដល់ការជួញដូរគ្រាប់ធញ្ញជាតិ ឬស្បៀងអាហារផ្សេងទៀតរវាងរុស្ស៊ី និងប្រទេសទីបីនោះដែរ៕ ប្រភព៖ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា



