រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីធានាសុវត្ថិភាពកប៉ាល់ដែលចាកចេញពីកំពង់ផែអ៊ុយក្រែន
អង់ការ៉ា៖ រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីធានាសុវត្ថិភាពកប៉ាល់ដែលចាកចេញពីកំពង់ផែអ៊ុយក្រែន។ ការលើកឡើងនេះ គឺជាសេចក្តីថ្លែងការណ៍ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះ នៅទីក្រុងអង់ការ៉ា បន្ទាប់ពីជំនួបជាមួយសមភាគីតួកគីលោក ម៉េវលូត កាវូសូក្លូ។
លោក ឡារូវ បានបញ្ជាក់យ៉ាងដូច្នេះថា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីធានាសុវត្ថិភាពដល់កប៉ាល់ដែលចាកចេញពីកំពង់ផែអ៊ុយក្រែន និងទៅកាន់ច្រកសមុទ្រ។ លោកថា យើងក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើកិច្ចការនេះដោយសហការជាមួយសហការីតួកគីរបស់យើង។ អង្គការសហប្រជាជាតិបានស្នើឱ្យតួកគីជួយការពារការនាំចេញពីកំពង់ផែអ៊ុយក្រែន បើទោះបីជាមានវត្តមានមីន ដែលត្រូវបានរកឃើញនៅជិតឆ្នេរសមុទ្រតួកគី ក្នុងបរិបទនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ។
ជាការឆ្លើយនោះ លោក កាវូសូក្លូ បានបញ្ជាក់ថា ផែនការរបស់អង្គការសហប្រជាជាតិ គឺសមហេតុផល និងអាចធ្វើទៅបាន។ អ៊ុយក្រែន និងរុស្ស៊ីគួរតែទទួលយកវា។ លើសពីនេះ លោកនៅតែអះអាងថា សំណើរបស់ទីក្រុងម៉ូស្គូ ដែលស្នើឱ្យដកទណ្ឌកម្មជាថ្នូរនឹងការធានាសុវត្ថិភាពនាវាអ៊ុយក្រែននោះ គឺ “ស្របច្បាប់”។
គួរបញ្ជាក់ថា លោក ឡារូវ បានធ្វើដំណើរមកដល់ទីក្រុងអង់ការ៉ា កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបង្កើតច្រករបៀងសុវត្ថិភាព ដោយមានគោលបំណងសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិនៅក្នុងសមុទ្រខ្មៅ ៕ ប្រភព៖ Euronews ប្រែសម្រួល៖ ទីណា និងបុត្រា





