មកដល់ពេលនេះអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ១៩៩នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២បានឱ្យដឹងថាគិតមកដល់ពេលនេះអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួនសរុប ១៩៩នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនរួចហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបានឱ្យដឹងថា នាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួន បានគោរពស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យជួយអន្តរាគមន៍ ក្រុមហ៊ុនផ្ដល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាម ច្បាប់ស្តីពីការងារ ចំពោះបងប្អូនអតីតបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា នាពេលកន្លងមក មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។ គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ៣រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។

ក្រសួងបានបន្តឱ្យដឹងថាបើគិត មកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ១៩៩នាក់ ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១៧៤នាក់។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បី ជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ ៕ ដោយ ៖ ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner