ប្រធាន​គណៈកម្មការ​អឺរ៉ុប​៖​ ការ​​សម្រេច​​ចិត្ត​ឱ្យ​អ៊ុយក្រែន​​ក្លាយ​​ជា​​សមាជិក​​ប្លុក​​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​​

ប្រធាន​គណៈកម្មការ​អឺរ៉ុប​អ្នក​ស្រី​ អួរស៊ូឡា ​វ៉ុនឌែរ​ ឡេយែន​ (Ursula von der Leyen ) ​និយាយ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​កាន់​ទីក្រុង​កៀវ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ សហភាព​អឺរ៉ុប​កំពុង​បញ្ចប់​ការ​វាយ​តម្លៃ​លើ​ថា​តើ​ត្រូវ​ផ្តល់​អនុសាសន៍ឱ្យ​​អ៊ុយក្រែន​ក្លាយ​ជា​សមាជិក​នៃ​ប្លុក​ឬ​យ៉ាង​ណា​នៅ​សប្ដាហ៍​ក្រោយ​។​ ​

ការ​ផ្លាស់​ប្តូរ​នេះ​នឹង​គ្រាន់​តែ​ជា​ជំហាន​បឋម​ក្នុង​ដំណើរ​ការ​ដ៏​វែង​មួយ​ប៉ុណ្ណេះ​។​ យ៉ាង​ណា​មិញ​ រដ្ឋា​ភិបាល​សហភាព​អឺរ៉ុប​ទាំង​ ២៧ ​នឹង​ត្រូវ​យល់​ព្រម​ផ្តល់​ឋានៈជា​​បេក្ខជនដល់​​អ៊ុយក្រែន​ បន្ទាប់​ពី​នោះ​នឹង​មាន​កិច្ច​ពិភាក្សា​យ៉ាង​ទូលំទូលាយ​ស្តី​ពី​កំណែ​ទម្រង់​ដែល​ទាមទារ​ មុន​ពេល​​ពិចារណា​ឱ្យ​ក្រុង​​កៀវ​នូវ​សមាជិក​ភាព​។​

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ៉ូឡូឌីមៀ​ ហ្សេឡេនស្គី​ ​បាន​នឹង​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប​យ៉ាង​ឆាប់​រហ័ស​ ជា​មធ្យោបាយ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ភូមិសា​ស្ត្រ​នយោបាយ​របស់​អ៊ុយក្រែន​បន្ទាប់​ពី​ការ​លុក​លុយ​របស់​រុស្ស៊ី​។​

ប៉ុន្តែ​មន្ត្រី និ​ង​មេដឹក​នាំ​នៅ​ក្នុង​ប្លុក​ព្រមាន​ថា​ ទោះបី​​ជា​មាន​ឋានៈ​បេក្ខភាព​ក៏​ដោយ​​ សមាជិក​ភាព​​​ជាក់​ស្តែង​របស់​សហភាព​អឺរ៉ុប​អាច​ចំណាយ​ពេល​រាប់​ឆ្នាំ​ ឬ​សូម្បី​តែ​រាប់​ទសវត្សរ៍​។​ អ្នក​ស្រី​ វ៉ុនឌែរ ឡេយែន ​និយាយ​ប្រាប់​លោក​ ហ្សេឡេនស្គី ​ថា​ ទោះ​​បី​​​ជា​​មាន​​ការ​​រីក​​ចម្រើន​​លើ​​កំណែ​​ទម្រង់​​រដ្ឋ​បាល​ និង​​កន្លែង​​ផ្សេង​​ទៀត​​​ក្ដី​ ក៏​​​​​​នៅ​មាន​លក្ខខណ្ឌ​ផ្សេង​ទៀត​ដែល​ត្រូវ​សម្រេច​បាន​។​

អ្នក​​ស្រី​​និយាយ​​ថា​​​៖​​ «​​អ្នក​​បាន​​ធ្វើ​​ការ​ច្រើន​ក្នុង​ការ​ពង្រឹង​នីតិ​រដ្ឋ​ ប៉ុន្តែ​នៅ​តែ​មាន​តម្រូវ​ការ​សម្រាប់​កំណែ​ទម្រង់​ដែល​ត្រូវ​អនុវត្ត​ ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ​ ជា​ឧទាហរណ៍​»​។​

ការ​ចូល​រួម​ក្នុង​សហភាព​អឺរ៉ុប​គឺ​ជា​ដំណើរ​ការ​ដែល​ជា​ធម្មតា​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ ហើយ​តម្រូវ​ឱ្យ​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ដ៏​តឹង​រឹង​ ចាប់​ពី​ស្ថិរភាព​សេដ្ឋកិច្ច​ រហូត​ដល់​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ រហូត​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​។​ កាល​ពី​ខែ​មីនា​ មេដឹក​នាំ​នៃ​សហភាព​អឺរ៉ុប​​បដិសេធ​ការ​អំពាវនាវ​របស់​ទីក្រុង​កៀវ ​ចំពោះ​ដំណើរ​ការ​ចូល​ជា​សមាជិក​​ឆាប់​រហ័ស​។ ​​ កាល​ពី​ខែ​មេសា​ លោក ​​ហ្សេឡេនស្គី ​និយាយ​ថា​ សមាជិក​ភាព​របស់​អ៊ុយក្រែន​នៅ​ក្នុង​ប្លុក​ EU ​​មាន​សារៈ​សំខាន់​ចំពោះ ​«​ចក្ខុ​វិស័យ​យុទ្ធ​សាស្ត្រ​»​ សម្រាប់​ការ​កសាង​ប្រទេស​របស់​ខ្លួន​ក្រោយ​សង្រ្គាម​ឡើង​វិញ​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner