តៃវ៉ាន់នឹងប្តឹងចិនទៅ WTO ព្រមទាំងប្រាប់ក្រសួងកសិកម្មឲ្យធ្វើពិពិធកម្មទីផ្សារត្រី
រដ្ឋាភិបាលកោះតៃវ៉ាន់ដែលតែងប្រឈមដាក់គ្នាជាមួយចិនដីគោក កាលពីថ្ងៃសៅរ៍ ក្រៅពីគំរាមប្តឹងទីក្រុងប៉េកាំងទៅអង្គការពាណិជ្ជកម្មពិភពលោក (WO) ជុំវិញការហាមឃាត់ការនាំចូលត្រីតុកកែកែច្នៃរបស់តៃវ៉ាន់ចូលប្រទេសចិន ដោយអះអាងពីការរកឃើញសាធាតុគីមីហាមឃាត់ ក៏បានប្រាប់ក្រសួងកសិកម្មឲ្យធ្វើពិពិធកម្មទីផ្សារត្រី។
ការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Taiwan News នៅកោះតៃវ៉ាន់ និង រ៉យទ័រ (Reuter) របស់អង់គ្លេស អាជ្ញាធរចិនបានផ្អាកការនាំចូលត្រីក្រៀម (ត្រីតុកកែ)ពីកោះតៃវ៉ាន់ ដោយនិយាយថាខ្លួនបានរកឃើញសារធាតុគីមីហាមឃាត់ ដែលជាជម្លោះកសិកម្មចុងក្រោយបង្អស់រវាងប្រទេសទាំងពីរ។
ប្រពភពពី រ៉យទ័រ បានរាយការណ៍ថា កាលពីឆ្នាំមុន ប្រទេសចិនបានហាមឃាត់ការនាំចូលម្នាស់ ផ្លែប៉ោមផ្អែម និងផ្លែប៉ោមក្រមួនពីតៃវ៉ាន់ ដោយលើកឡើងពីការព្រួយបារម្ភអំពីសត្វល្អិត ដែលតៃវ៉ាន់បានបដិសេធយ៉ាងដាច់អហង្ការ។
រដ្ឋបាលគយរបស់ប្រទេសចិនបាននិយាយកាលពីល្ងាចថ្ងៃសុក្រថា ខ្លួនបានរកឃើញសារធាតុគីមីហាមឃាត់ម្តងហើយម្តងទៀតនៅក្នុងត្រីតុកកែពីតៃវ៉ាន់ ហើយនឹងផ្អាកការនាំចូលពីថ្ងៃច័ន្ទ «ដើម្បីការពារហានិភ័យ និងការពារសុខភាព និងអាយុជីវិតរបស់អ្នកប្រើប្រាស់»។ នេះបើផ្អែកតាមសេចក្តីរាយការណ៍ដដែល។
បណ្តាញសារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ថា លោក ស៊ូ សេង ចាង (Su Tseng-chang) នាយករដ្ឋមន្ត្រីតៃវ៉ាន់ បានអំពាវនាវឱ្យ ក្រុមប្រឹក្សាកសិកម្ម (COA)តៃវ៉ាន់ រក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងជួយអ្នកនាំចេញត្រីធ្វើពិពិធកម្មទីផ្សាររបស់ពួកគេ ដូចដែលកសិករតៃវ៉ាន់ដែលកំណត់គោលដៅដោយការហាមឃាត់ការនាំចូលផ្លែឈើរបស់ចិនបានធ្វើពីមុនមក។
តៃវ៉ាន់បាននាំចេញត្រីក្រៀមទៅប្រទេសចិន និងហុងកុងជាមួយនឹងតម្លៃសរុបចំនួន ១,៦ពាន់លានដុល្លារតៃវ៉ាន់ (៥៣,៩៤ លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១។ ការនាំចេញទៅទីក្រុង Kaohsiung មានចំនួនពាក់កណ្តាល និងមួយផ្នែកទៀតនាំទៅកាន់តំបន់ Pingtung ។
រ៉យទ័រ បានរាយការណ៍ថា ទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ដែលអះអាងទាមទារតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន ស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយប្រទេសចិនបានបង្កើនសម្ពាធផ្នែកនយោបាយ និងយោធា ដើម្បីឱ្យកោះនេះទទួលយកអធិបតេយ្យភាពរបស់ខ្លួន។
លោក ជេន ជី ជុង(Chen Chi-chung) ក្រុមប្រឹក្សាក្រសួងកសិកម្មតៃវ៉ាន់ បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា មិនមានអ្វីខុសជាមួយត្រីនោះទេ ហើយពួកគេនឹងផ្តល់ទិន្នន័យដល់ប្រទេសចិន និងស្នើសុំការឆ្លើយតបពីអាជ្ញាធរចិន។
លោកបានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើចិនមិនឆ្លើយតបទេ ពេលនោះតៃវ៉ាន់នឹងមិនច្រានចោលការនាំយកបញ្ហានេះទៅ អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះទេ។
លោក ឡូ ពីង ជេង (Lo Ping-cheng) អ្នកនាំពាក្យខុទ្ទកាល័យគណៈរដ្ឋមន្ត្រី បាននិយាយថា ប្រទេសចិនបានធ្វើពហិការម្តងហើយម្តងទៀត និងរារាំងផលិតផលកសិកម្ម និងវារីវប្បកម្មរបស់តៃវ៉ាន់ «ក្នុងលក្ខណៈមិនស្របនឹងការអនុវត្តអន្តរជាតិ» ។
នេះមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងរវាងតៃវ៉ាន់ និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រជាជនតៃវ៉ាន់កាន់តែស្អប់ខ្ពើមចំពោះការគាបសង្កត់របស់អាជ្ញាធរបក្សកុម្មុយនិស្តចិន។
ខណៈដែលត្រីតុកកែតៃវ៉ាន់ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេស ប្រទេសចិនមានចំណែកប្រហែល ៩០ ភាគរយនៃផលិតផលនាំចេញផលិតផលត្រីសរុប។
រដ្ឋមន្ត្រី COA លោក ជេន ជី ជុង បាននិយាយថា ការផ្អាករបស់ចិន បានរំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ ពីព្រោះមានតែទំនិញដែលមានបញ្ហាប៉ុណ្ណោះគួរតែត្រូវបានប្រគល់មកវិញ ឬបំផ្លាញចោល។ ប្រទេសចិនបានចោទប្រកាន់តៃវ៉ាន់ថាខ្លួនបានរកឃើញសារធាតុគីមីហាមឃាត់ និងកម្រិតខ្ពស់នៃសារធាតុផ្សេងទៀតនៅក្នុងត្រីតុកកែនាំចូលមកពីតៃវ៉ាន់ ចាប់តាំងពីខែធ្នូឆ្នាំ២០២១មក។
បន្ទាប់ពីការអះអាងស្រដៀងគ្នាកាលពីដើមឆ្នាំនេះ COA បានធ្វើតេស្តត្រីនេះ ប៉ុន្តែមិនបានរកឃើញភស្តុតាងនៃសារធាតុគីមីហាមឃាត់នោះទេ។ ខណៈពេលដែលខ្លួននឹងបន្តបញ្ជូនលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រទៅប្រទេសចិន COA បាននិយាយថា ខ្លួនក៏នឹងពិចារណាផងដែរក្នុងការដាក់របាយការណ៍អំពីសកម្មភាពរបស់ទីក្រុងប៉េកាំងទៅកាន់គណៈកម្មាធិការវិធានការអនាម័យ និងភូតគាមអនាម័យរបស់ WTO ។
