ប្រមុខការពារជាតិអង់គ្លេស សន្យាផ្តល់ជំនួយយោធាបន្ថែម ដល់អ៊ុយក្រែន
កៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃចុងសប្តាហ៍មុននេះ បានបញ្ជាក់ថា ក្នុងកំលុងទស្សនកិច្ចនៅអ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក បេន វ៉ាលែស៍ បានសន្យាថា នឹងបន្តផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ ខណៈពេលជួបជាមួយសមភាគីអ៊ុយក្រែន ។
ក្នុងអំឡុងកិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡិចស៊ី រ៉េសនីកូវ បានជំរុញឱ្យមានការផ្តល់ជំនួយផ្នែកការពារជាតិបន្ថែមទៀតពីចក្រភពអង់គ្លេស ដោយលោកបាននិយាយដូច្នេះថា យើងត្រូវការអាវុធធុនធ្ងន់បន្ថែមទៀតដើម្បីបន្តការប្រយុទ្ធតស៊ូ ។
ជាមួយគ្នានេះ លោក វ៉ាលែស៍ បានគូសបញ្ជាក់ថា ការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែននឹងបន្ត ដោយលោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន ។
គួរបញ្ជាក់ថា កាលពីខែមុន នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បាននិយាយថា រដ្ឋាភិបាលទីក្រុងឡុងដ៍នឹងផ្តល់ជំនួយយោធាមានទឹកប្រាក់ចំនួន ១.៣ពាន់លានផោន ឬប្រមាណ ១.៦ពាន់លានដុល្លារដល់អ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


