ប្រមុខអង្គការណាតូទទួលស្គាល់ថា ទុក្ខកង្វល់ផ្នែកសន្តិសុខរបស់តួកគី គឺជារឿងសមហេតុផល
ហែលស៊ិនគី ៖ អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលធិនប៊ឺគ នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ បានបញ្ជាក់ថា ទុក្ខកង្វល់ផ្នែកសន្តិសុខរបស់តួកគីប្រឆាំងនឹងការដាក់ពាក្យសុំចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត គឺជារឿងសមហេតុផល។
កាលពីខែមុន ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ ប៉ុន្តែពួកគេបានប្រឈមមុខនឹងការប្រឆាំងពីតួកគី ដែលបានចោទប្រកាន់ប្រទេស Nordic ទាំងពីរថា បានគាំទ្រ និងផ្ដល់អាវុធ ព្រមទាំងជម្រកដល់ក្រុមសកម្មប្រយុទ្ធឃើដ និងក្រុមផ្សេងទៀតដែលខ្លួនចាត់ទុកថា ជាក្រុមភេរវករ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គលេខាធិការអង្គការណាតូរូបនេះ បានថ្លែងអះអាងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់លោក សៅលី នីនីស្តូ ថា ប្រការទាំងនេះ គឺជាក្តីកង្វល់ស្របច្បាប់ ហើយថា វាមានពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីអំពើភេរវកម្ម និងការនាំចេញអាវុធ ហើយយើងត្រូវតែចងចាំ និងយល់ថា គ្មានសម្ព័ន្ធមិត្តណាតូណាមួយដែលទទួលរងការវាយប្រហារភេរវកម្មច្រើនជាងតួកគីនោះទេ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា





