ណាហ្គាវើលដ៍ ផ្ដល់ប្រាក់រង្វាន់ ៨៨,០០០ដុល្លារ ដល់ម្ចាស់មេដាយមាស គ្រូបង្វឹក និងប្រតិភូ
ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ដដល់អត្តពលិកដណ្ដើមបានមេដាយមាសកីឡាស៊ីហ្គេម លើកទី៣១ រួមជាមួយគ្រូបង្វឹក និងប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នូវទឹកប្រាក់សរុប ៨៨,០០០ដុល្លារ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។
ពិធីប្រគល់ប្រាក់រង្វាន់នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រួមជាមួយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ហើយក៏មានការចូលរួមផ្ទាល់ពីសំណាក់ម្ចាស់មេដាយមាស និងគ្រូបង្វឹកផងដែរ។
លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ថា ការឧបត្ថម្ភនេះ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងឧបត្ថម្ភ “ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយលោកក៏បានចូលរួមអបអរសាទរអត្តពលិកកម្ពុជា ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយដ៏ច្រើនជូនជាតិផងដែរ រួមមានមេដាយមាស ៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១ សរុប ៦៣គ្រឿង។
ឯកឧត្តម វ៉ាត់ ចំរើន ក្នុងនាមអត្តពលិកទាំងអស់ ពិសេសក្នុងនាមម្ចាស់មេដាយមាសស៊ីហ្គេម បានថ្លែងអំណរគុណ ចំពោះណាហ្គាវើលដ៍ ដែលបានរួមចំណែកជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវផ្លែផ្កាដ៏ល្អប្រសើរក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាយណូយ។ ក្នុងនោះ ឯកឧត្តមក៏បានរំឮក និងការដឹងគុណដ៏ខ្ពង់ខ្ពស់ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមុនការប្រកួតសម្ដេចបានផ្ដល់នូវការលើកទឹកចិត្ដផ្ទាល់ ហើយបានផ្ដល់នូវការដឹកជញ្ជូនតាមយន្ដហោះពិសេសរបស់ក្រុមហ៊ុន Cambodia Airways ថែមទៀតផង។
ឯកឧត្តមនាយបេសកកម្មមានប្រសាសន៍ថា ៖«អ្វីដែលណាហ្គាវើលដ៍បានធ្វើថ្ងៃនេះ គឺជាគំរូមួយដ៏ល្អ សម្រាប់ក្រុមហ៊ុនដៃគូ និងវិស័យឯកជនផ្សេងៗ ហើយសង្ឃឹមថា ណាហ្គាវើលដ៍ នឹងធ្វើកិច្ចការទាំងអស់នេះបន្ដទៀតជាមួយគ្នា។ ជាពិសេសសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា យើងសង្ឃឹមថា ណាហ្គាវើលដ៍ នឹងរក្សានូវកម្មវិធីផ្ដល់ប្រាក់រង្វាន់ និងការលើកទឹកចិត្ដដល់ម្ចាស់មេដាយមាសក្នុងការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខផងដែរ» ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឧបត្ថម្ភ“ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើ គឺមានរយៈពេល ១០ឆ្នាំមកហើយ។ សម្រាប់ការផ្ដល់ប្រាក់រង្វាន់ឆ្នាំនេះ ណាហ្គាវើលដ៍ បានផ្ដល់ប្រាក់រង្វាន់ដល់ម្ចាស់មេដាយមាសលើវិញ្ញាសាឯកត្តជនក្នុង ១គ្រឿង ទទួលបាន ៦,០០០ដុល្លារ ។ ចំណែកម្ចាស់មេដាយមាសជាក្រុម ក្នុង ១គ្រឿង ឬ ១វិញ្ញាសា ទទួលបាន ១០,០០០ដុល្លារ ។ រីឯគ្រូបង្វឹក ក៏ទទួលបានថវិកា ១,០០០ដុល្លារ ហើយ NOCC ក៏ទទួលបាន ១,០០០ដុល្លារ នៃមេដាយមាសដែលអត្តពលិកដណ្ដើមបានផងដែរ ។ សរុបប្រាក់រង្វាន់ទាំងអស់ គឺមានចំនួន ៨៨,០០០ដុល្លារ ៕ ចាន់ វិចិត្រ








