សមាជិកព្រឹទ្ធសភាអាមេរិក ប្រកាសកិច្ចព្រមព្រៀងលើវិធានការទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកទ្វេភាគីកាលពីថ្ងៃអាទិត្យ ស្នើលើវិធានការដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើងបន្ទាប់ពីការបាញ់សម្លាប់រង្គាលនៅរដ្ឋតិចសាស់ និងញូវយ៉ក ប៉ុន្តែវិធានការមានកំណត់ គឺតិចជាងការអំពាវនាវរបស់ប្រធានាធិបតីដែលសុំឱ្យមានការផ្លាស់ប្ដូរ។
ការបាញ់ប្រហារកាលពីខែឧសភា ទាំងនៅសាលាបឋមសិក្សារដ្ឋតិចសាស់ ដែលសម្លាប់ក្មេងៗ ១៩ នាក់ និងគ្រូបង្រៀន២នាក់ និងនៅផ្សារទំនើបមួយក្នុងរដ្ឋញូវយ៉ក ដែលសម្លាប់ជនជាតិអាមេរិកស្បែកខ្មៅ ១០ នាក់ បានដាក់សម្ពាធលើអ្នកនយោបាយឱ្យចាត់វិធានការ។
ប៉ុន្តែសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលរារាំងវិធានការតឹងរ៉ឹងម្តងហើយម្តងទៀត នៅតែប្រឆាំងនឹងការផ្លាស់ប្តូរសំខាន់ៗចំពោះការគ្រប់គ្រងកាំភ្លើង ជំនួសមកវិញនូវការចង្អុលទៅលើបញ្ហាសុខភាពផ្លូវចិត្តថាជាឫសគល់នៃបញ្ហា។
សំណើថ្មីរួមមានការត្រួតពិនិត្យសាវតាដ៏តឹងរ៉ឹងសម្រាប់អ្នកទិញកាំភ្លើងដែលមានអាយុក្រោម ២១ ឆ្នាំ បង្កើនធនធានសម្រាប់រដ្ឋដើម្បីរក្សាអាវុធឱ្យផុតពីដៃរបស់មនុស្សដែលចាត់ទុកថាជាហានិភ័យ និងការបង្ក្រាបការទិញកាំភ្លើងខុសច្បាប់ជាដើម។
ក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋចំនួន ២០ នាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា៖ «ថ្ងៃនេះ យើងប្រកាសអំពីសំណើទ្វេភាគី ដើម្បីការពារកុមារៗអាមេរិក រក្សាសាលារៀនរបស់យើងឱ្យមានសុវត្ថិភាព និងកាត់បន្ថយការគំរាមកំហែងនៃអំពើហិង្សានៅទូទាំងប្រទេសរបស់យើង»។
សមាជិកព្រឹទ្ធសភាក៏អំពាវនាវឱ្យបង្កើនការវិនិយោគលើសេវាសុខភាពផ្លូវចិត្ត និងធនធានសុវត្ថិភាពសាលារៀន ក៏ដូចជាការកាត់ទោសអំពើហិង្សាក្នុងគ្រួសារ និងការរឹតបន្តឹងបទបញ្ជានៅក្នុងមូលដ្ឋានទិន្នន័យត្រួតពិនិត្យសាវតាជាតិ។
លោកប្រធានាធិបតី ចូ បៃដិន សរសើរសំណើថ្មី ហើយជំរុញឱ្យសមាជិកសភាអនុម័តឱ្យលឿន ខណៈលោកបញ្ជាក់ថាសំណើនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
សភាតំណាងរាស្រ្ដគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានអនុម័តកញ្ចប់ធំនៃសំណើដែលរួមបញ្ចូលទាំងការបង្កើនអាយុទិញកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិភាគច្រើនពី ១៨ ទៅ ២១ ឆ្នាំ។ ប៉ុន្តែគណបក្សនេះមិនមាន ៦០ សំឡេងដែលត្រូវការ ដើម្បីឈានទៅមុខក្នុងព្រឹទ្ធសភាទេ ដោយបន្សល់ទុកកិច្ចព្រមព្រៀងទ្វេភាគីជាក្តីសង្ឃឹមតែមួយគត់ សម្រាប់វិធានការសហព័ន្ធដើម្បីដោះស្រាយអំពើហិង្សាដោយអាវុធ។
ការបាញ់ប្រហារទ្រង់ទ្រាយធំជាញឹកញាប់ នាំឱ្យមានការផ្ទុះកំហឹងយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក ដែលមនុស្សភាគច្រើនគាំទ្រឱ្យច្បាប់កាំភ្លើងកាន់តែតឹងរ៉ឹង ប៉ុន្តែការប្រឆាំងពីសមាជិកសភា និងអ្នកបោះឆ្នោតជាច្រើននៃគណបក្សសាធារណរដ្ឋ គឺជាឧបសគ្គចំពោះការផ្លាស់ប្តូរដ៏សំខាន់ជាយូរមកហើយ។ កាលពីថ្ងៃសៅរ៍កន្លងទៅ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យមានសកម្មភាពលើហិង្សាដោយកាំភ្លើង។

ប្រភព៖ Bangkok Post