អ្នកវិភាគ៖ វោហាសាស្រ្តរបស់លោក អ៊ីមរ៉ាន ខាន់ បំបាក់ទំនាក់ទំនងជាមួយបស្ចិមលោក ដែលជាដៃគូពាណិជ្ជកម្មប៉ាគីស្ថានសំខាន់
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) បន្តតវ៉ាចំពោះការបាត់បង់អំណាចរបស់លោក ដោយអំពាវនាវឱ្យមានបដិវត្តន៍ប្រឆាំងនឹងអ្វីដែលលោកហៅថាជាការបម្រើផលប្រយោជន៍អាមេរិក។
ការតវ៉ាមួយចំនួនបង្កជាអំពើហិង្សា ហើយអាជ្ញាធរប៉ាគីស្ថានសង្ឃឹមថា ពួកគេនឹងទប់ទល់នឹងភាពច្របូកច្របល់របស់លោក ខាន់ ដែលអ្នកកាន់សាសនាអ៊ិស្លាម និងមន្ត្រីយោធាចូលនិវត្តន៍ដែលប្រឆាំងអាមេរិកមួយចំនួនគាំទ្រ។
ប៉ុន្តែការខូចខាតរបស់លោក ខាន់ កំពុងបង្កឲ្យទំនាក់ទំនងរបស់ប៉ាគីស្ថានជាមួយសហរដ្ឋអាមេរិក និងបស្ចិមប្រទេសផ្សេងទៀត អាចនឹងពិបាកក្នុងការគ្រប់គ្រងកាន់តែខ្លាំង ជាពិសេសលើផ្នែកសេដ្ឋកិច្ច។
លោក ខាន់ ដែលធ្លាប់ហៅមេដឹកនាំអាល់កៃដាលោក អូសាម៉ា ប៊ីនឡាដិន ថាជា «ទុក្ករបុគ្គល» បានអះអាងថា ការដកលោកចេញពីតំណែង តាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្តក្នុងសភា គឺជាលទ្ធផលនៃការឃុបឃិតគាំទ្រដោយសហរដ្ឋអាមេរិក។
លោក Husain Haqqani អ្នកកាសែត និងជាអតីតឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំសហរដ្ឋអាមេរិក សរសេរក្នុងអត្ថបទទស្សនៈរបស់លោកចុះផ្សាយដោយកាសែត The Hill ថា៖ «វាហាក់ដូចជាពិបាកសម្រាប់លោក[ខាន់] ក្នុងការយល់ថា សហរដ្ឋអាមេរិករវល់នឹងបញ្ហាអន្តរជាតិផ្សេងទៀត ហើយមិនចាប់អារម្មណ៍នឹងលោក ឬប៉ាគីស្ថានដើម្បីចង់បង្កើតការផ្លាស់ប្តូររបបនោះទេ»។
លោក Haqqani និយាយថា មានចំណាប់អារម្មណ៍តិចតួចចំពោះប៉ាគីស្ថានក្នុងចំណោមរង្វង់គោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលអ្នកការទូតនៃប្រទេសទាំង២ពិបាកក្នុងការផ្លាស់ប្ដូរ។ ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថាន បាននាំឱ្យអ្នកបង្កើតគោលនយោបាយអាមេរិកជាច្រើនឈប់សម្រាកពីការដោះស្រាយជាមួយប៉ាគីស្ថាន ក៏ដូចជាទំនាក់ទំនងដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថានផងដែរ។
ជាការពិតណាស់ សហរដ្ឋអាមេរិកនឹងមិនអាចព្រងើយកន្តើយចំពោះប៉ាគីស្ថានជារៀងរហូតនោះទេ ហើយប្រជាជនប៉ាគីស្ថាននឹងត្រូវទទួលយកការឃ្លាំមើលលើការគាំទ្ររបស់រដ្ឋាភិបាលរបស់ខ្លួនចំពោះក្រុមសកម្មប្រយុទ្ធដូចជាពួកតាលីបង់ មុនពេលប្រទេសទាំង២ចាប់ផ្តើមទំនាក់ទំនងឡើងវិញ។ លោក Haqqani និយាយថា ការភ្ជាប់ទំនាក់ទំនង ត្រូវតែគ្មានការបំភាន់ទាំងសងខាង ប៉ុន្តែវោហាសាស្ត្រដ៏ក្តៅគគុករបស់លោក ខាន់ ដែលត្រូវគេដកអំណាចកាលពីខែមេសា ធ្វើឲ្យការភ្ជាប់គ្នាមានការលំបាកកាន់តែខ្លាំង ខណៈរដ្ឋាភិបាលថ្មីព្យាយាមរក្សាតុល្យភាពជាមួយប្រទេសដែលខ្លួនបន្តទំនាក់ទំនងជាមួយ។
ទោះយ៉ាងណា លោក Haqqani និយាយថា តម្រូវការសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប៉ាគីស្ថាន កំណត់ថា ប៉ាគីស្ថានគួរតែជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងដៃគូអឺរ៉ុបរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកវិភាគដដែលបន្ថែមថា៖ «ទោះបីមានការពិភាក្សាទាំងអស់អំពីប្រទេសចិនថាជា «មិត្តគ្រប់កាលៈទេសៈ» របស់ប៉ាគីស្ថានក្ដី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប៉ាគីស្ថាន»។
ប៉ាគីស្ថានជារឿយៗ ងាកទៅរកស្ថាប័នហិរញ្ញវត្ថុពហុភាគីដែលដឹកនាំដោយបស្ចិមលោក រួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ហើយមិនអាចគេចផុតពីឥទ្ធិពលរបស់លោកខាងលិចនៅអង្គការសហប្រជាជាតិ និងក្រុមការងារកិច្ចការហិរញ្ញវត្ថុ (FATF) ដែលដាក់ប៉ាគីស្ថានក្នុងបញ្ជីតាមដានការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មចាប់តាំងពីឆ្នាំ ២០១៨ នោះបានទេ។
លោក Haqqani និយាយថា ទោះបីជាលោកខាន់ ធ្វើឱ្យអ្នកគាំទ្រលោកជឿថាប៉ាគីស្ថានអាចដើរទៅមុខបានល្អដោយចាប់ដៃគូជាមួយរុស្ស៊ីជំនួសឱ្យលោកខាងលិចក្ដី ការអះអាងរបស់លោកមិនច្បាស់លាស់នោះទេ។ នៅឆ្នាំ ២០២០ ការនាំចេញរបស់ប៉ាគីស្ថានទៅរុស្ស៊ីមានចំនួន ២៧៩ លានដុល្លារ ខណៈការនាំចូលពីរុស្ស៊ីមានចំនួន ៦៩៩ លានដុល្លារ។ ក្នុងឆ្នាំដដែលនោះ ប៉ាគីស្ថាននាំចេញទំនិញតម្លៃ ៤ ប៊ីលានដុល្លារទៅអាមេរិក និង ៦ ប៊ីលានដុល្លារទៅសហភាពអឺរ៉ុប។ កាលពីឆ្នាំមុន ការនាំចេញរបស់ប៉ាគីស្ថានទៅអាមេរិកកើនដល់ ៦,១ ប៊ីលានដុល្លារ ខណៈទៅសហភាពអឺរ៉ុបកើនដល់ ៦,៦ ប៊ីលានដុល្លារ។
តួលេខដ៏ធំបែបនេះ បង្ហាញពីភាពមិនពាក់ព័ន្ធនៃវោហាសាស្ត្រមនោគមវិជ្ជារបស់លោក ខាន់ អំពី «បញ្ហាសេរីភាព» ជាថ្មីពីឥទ្ធិពលលោកខាងលិច។ លោក Haqqani និយាយថា សម្រាប់ប៉ាគីស្ថាន ការបង្ហាញទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីក្រោយប្រទេសនេះឈ្លានពានអ៊ុយក្រែន របស់លោក ខាន់ គឺជាការញុះញង់ក្នុងក្រសែភ្នែកដៃគូពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លាររបស់ប៉ាគីស្ថាន ខណៈរុស្ស៊ីគ្រាន់តែជាដៃគូពាណិជ្ជកម្មតូចទាបរបស់ខ្លួន។
កាលពីនៅកាន់តំណែង លោក ខាន់ បានងាកទៅរកជំនួយផ្នែកសេដ្ឋកិច្ចប៉ាគីស្ថានទៅលើ IMF ដែលផ្តល់ជំនួយសង្រ្គោះសេដ្ឋកិច្ចចំនួន ២២ លើកដល់ប៉ាគីស្ថាន ចាប់តាំងពីឆ្នាំ ១៩៥៨។ ពេលជិតក្លាយជាប្រទេសសងបំណុលគេមិនរួច ប៉ាគីស្ថានត្រូវការលុយ ៤១ ប៊ីលានដុល្លារក្នុងឆ្នាំបន្ទាប់ ដើម្បីសងប្រាក់កម្ចីដែលជិតដល់កំណត់ និងបន្តប្រតិបត្តិការទៅមុខទៀត។ សេដ្ឋកិច្ចប៉ាគីស្ថាន នៅតែពឹងផ្អែកលើខ្សែជីវិតពីមូលនិធិ IMF ខណៈរុស្ស៊ីមិនមានជំហរជួយប៉ាគីស្ថាន ហើយចិនក៏ប្រើវិធីសាស្ត្ររង់ចាំមើល។
លើសពីនេះ សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ារបស់ប៉ាគីស្ថាន ដែលរួមមានអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ផ្តល់ជំនួយបន្ថែមដល់ប៉ាគីស្ថានតាមលក្ខខណ្ឌលើការអនុវត្តកំណែទម្រង់សេដ្ឋកិច្ចដែលស្នើឡើងដោយមូលនិធិ IMF ។
ដោយប្រឆាំងនឹងតថភាពនៃសេដ្ឋកិច្ចប៉ាគីស្ថាន វោហាសាស្ត្រប្រឆាំងបស្ចិមប្រទេសរបស់លោក ខាន់ មានលក្ខណៈស្រដៀងនឹងមេដឹកនាំអ៊ីរ៉ង់ និងវេណេស៊ុយអេឡា។ ការស្រែកថា «បញ្ឈប់អាមេរិក» គឺជាគន្លឹះក្នុងការតវ៉ាដោយគណបក្ស Pakistan Tehrik-e-Insaf (PTI) របស់លោក ខាន់។
ការវាយប្រហាររបស់លោក ខាន់ ទៅលើមេដឹកនាំយោធាប៉ាគីស្ថានបច្ចុប្បន្ន និងការគំរាមកំហែងដែលថាលោកនឹងធ្វើឱ្យប៉ាគីស្ថានមិនអាចគ្រប់គ្រងបាន ប្រសិនបើការបោះឆ្នោតមិនធ្វើឡើងភ្លាមៗ អាចបណ្តាលឱ្យមានការចាប់ខ្លួនលោក ខាន់ ពីបទញុះញង់ឱ្យមានកុប្បកម្ម។ យ៉ាងណាមិញ លោក Haqqani និយាយថា លោកខាន់នឹងទុកឱ្យប្រជាជនប៉ាគីស្ថានរាប់លាននាក់ជឿជាក់លើការស្រមើស្រមៃនៃបដិវត្តន៍ និងទស្សនៈថាអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាអាចជាគំរូដ៏សក្តិសម។
ប៉ុន្តែ ទោះបីលោក ខាន់ អស់ដំណែងជាមេដឹកនាំហើយក្ដី ប៉ាគីស្ថានក៏នៅតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំងពីបស្ចិមលោកក្នុងការផ្លាស់ប្តូរគោលជំហលើជម្លោះរុស្ស៊ី-អ៊ុយក្រែន។ រហូតមកដល់ពេលនេះ ទីក្រុងអ៊ីស្លាម៉ាបាដក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មីនៃលោកនាយករដ្ឋមន្រ្តី Shehbaz Sharif នៅតែដើរលើគន្លងរបស់លោក ខាន់។
ក្នុងពេលជាមួយគ្នានោះ ប៉ាគីស្ថានក៏នៅមានសម្ពាធពីការរក្សាតុល្យភាពមួយចំនួនក្នុងទំនាក់ទំនងលោកខាងលិច និងចិន ខណៈក្រុងប៉េកាំង ជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់ក្រុងអ៊ីស្លាម៉ាបាដ ជាពិសេសតាមការវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធ ដូចជាគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) តម្លៃ ៦០ ប៊ីលានដុល្លារ ដែលជាផែនការក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ជាដើម។
បច្ចុប្បន្ន ប៉ាគីស្ថានកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងបរិយាកាសនៃភាពចលាចលនយោបាយ និងភាពមិនច្បាស់លាស់។ អ្នកវិភាគមើលឃើញថា ប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ កំពុងតែប្រថុយនឹងអនាគតដូចស្រីលង្កាបច្ចុប្បន្ន ដែលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដុនដាប ហើយគ្មានលទ្ធភាពសងបំណុល ខណៈលោក ខាន់ តែបន្តវោហាស្រ្តរបស់លោកវាយប្រហារគូប្រឆាំង និងអាមេរិក ហើយថាលោកនឹងឈ្នះការបោះឆ្នោត ដែលគណបក្សកាន់អំណាចរបស់លោក Sharif ថានឹងធ្វើឡើងរហូតផុតអាណត្តិនៅឆ្នាំក្រោយ។

ប្រភព៖ The Hill