ឥណ្ឌា​បង្កើន​ការ​ចាប់​ខ្លួន​ និង​រុះ​រើ​ផ្ទះ​ដើម្បី​បញ្ឈប់​ភាព​ចលាចល​តវ៉ា​របស់​ម៉ូស្លីម​ប្រឆាំង​នឹង​ការ​ប្រមាថ​សាសនា​

ក្រុម​មន្ត្រី​ឥណ្ឌា​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ អាជ្ញាធរ​ក្នុង​រដ្ឋ​អ៊ុតតាប្រាដេស​​ បាន​រុះ​រើ​ផ្ទះ​របស់​ប្រជាជន​ជា​ច្រើន​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​​ជាប់​ពាក់ព័ន្ធ​ក្នុង​កុប្បកម្ម​កាល​ពី​សប្តាហ៍​មុន​ ដែល​រៀប​ចំ​ឡើង​ប្រឆាំង​តវ៉ា​នឹង​ការ​ប្រមាថ​មើល​ងាយ​ព្យាការី​ម៉ូហាម៉ាត​ក្នុង​សាសនា​អ៊ិស្លាម​ ពី​​ឥស្សរ​ជន​​គណបក្ស​​កាន់​​អំណាច​​​។​ ​

ម៉ូស្លីម​ធ្វើ​ដំណើរ​តាម​ផ្លូវ​នានា​ទូទាំង​ប្រទេស​ឥណ្ឌា​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​​ការ​​អត្ថាធិប្បាយ​ប្រឆាំង​អ៊ិស្លាម​ ពី​សមាជិក​២​នាក់​នៃ​គណបក្ស​កាន់​អំណាច​ជាតិ​និយម​ហិណ្ឌូ ​Bharatiya Janata (BJP) ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ណារិនដ្រា​ ម៉ូឌី​។​ ការ​ប៉ះ​ទង្គិច​គ្នា​ផ្ទុះ​ឡើង​​រវាង​អ្នក​កាន់​សាសនា​អ៊ិស្លាម ​និង​ហិណ្ឌូ​ ​និង​ប៉ូលីស​នៅ​ក្នុង​តំបន់​ជាច្រើន​​​។​ ប៉ូលីស​ក្នុង​រដ្ឋ​អ៊ុតតាប្រាដេស​​ ចាប់​ខ្លួន​មនុស្ស​ជាង​ ៣០០ ​នាក់​ ពាក់​ព័ន្ធ​នឹង​ភាព​ចលាចល​នេះ​។​

ក្រុម​មន្ត្រីនិ​យាយ​ថា​ នៅ​តំបន់​កាស្មៀរ​គ្រប់​គ្រង​ដោយ​ឥណ្ឌា​ ប៉ូលីស​ចាប់​ខ្លួន​យុវជន​ម្នាក់​ពី​បទ​បង្ហោះ​វីដេអូ​គំរាម​កាត់​ក្បាល​អតីត​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច​ ដែល​​និយាយ​ពាក្យ​ប្រមាថ​មួយ​ចំនួន​។​

សហគមន៍​មូស្លីម​​ដែល​ជា​ក្រុម​ភាគ​តិច​របស់​ឥណ្ឌា​ មើល​ឃើញ​ថា​ ការ​អត្ថា​ធិប្បាយ​ពី​មន្រ្តី​បក្ស​កាន់​អំណាច​ ជាឧ​ទាហរណ៍​ចុង​ក្រោយ​បង្អស់​នៃ​សម្ពាធ​ និង​ការ​អាម៉ាស់​ក្រោម​ការ​គ្រប់​គ្រង​របស់​បក្ស​ BJP ​លើប​ញ្ហា​ជា​ច្រើន​ចាប់​តាំង​ពី​សេរីភាព​នៃ​ការ​ថ្វាយ​បង្គំ​សាសនា​ រហូត​ដល់​ការ​ពាក់​កន្សែង​រុំ​ក្បាល​ហ៊ីចាប​។​

គណបក្ស​ BJP ​បាន​ព្យួរ​ការងារ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន​អ្នក​ស្រី​ Nupur Sharma ​និង​បណ្តេញ​មេដឹក​នាំ​ម្នាក់​ទៀត​គឺ​លោក​ Naveen Kumar Jindal ​សម្រាប់​ការ​អត្ថាធិប្បាយ​ដែល​បង្ក​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​ខាង​សាសនា​។​ ប៉ូលិស​បាន​ប្តឹង​អ្នក​ទាំង​២​ ហើយ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ការ​អត្ថាធិប្បាយ​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​​ទស្សនៈ​របស់​ខ្លួន​ទេ​។​ ប៉ុន្តែ​ក្រុម​មូស្លីម​ទាមទារ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ ​ខណៈ​ក្រុម​ហិណ្ឌូ​ជ្រុល​និយម​មួយ​ចំនួន​ ចាត់​ទុក​អ្នក​ទាំង​២​ថា​ជា​អ្នក​នយោបាយ​ក្លាហាន​ និង​ជាតិ​និយម​។​

ទាក់​ទង​នឹង​ភាព​ចលាចល​ អ្នក​នាំ​ពាក្យ​រដ្ឋ​របស់​បក្ស​ BJP ​និយាយ​ថា​ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ អភិបាល​រដ្ឋ​អ៊ុតតាប្រាដេស​​លោក​ Yogi Adityanath ​បញ្ជា​ឱ្យ​មន្ត្រី​រុះ​រើ​គ្រឹះស្ថាន​ និង​ផ្ទះ​ខុស​ច្បាប់​ណា​មួយ​របស់​ប្រជាជន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​កុប្បកម្ម​នៅ​ក្នុង​រដ្ឋ​កាល​ពី​សប្តាហ៍​មុន​។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​ Adityanath ​កំពុង​តែ​បន្ត​ប្រើ​វិធី​សាស្ត្រ ​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​បំបិទ​មាត់​បាតុករ​។​ រហូត​មក​ទល់​ពេល​នេះ​ លោក​ ម៉ូឌី ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ជុំ​វិញ​ភាព​ចលាចល​ក្នុង​សហគមន៍​។​

នៅ​ភាគ​ខាង​កើត​រដ្ឋ​បេង​​ហ្គាល់​ខាង​លិច​ អាជ្ញាធរ​​អនុវត្ត​ច្បាប់​គ្រា​អាសន្ន​ ដែល​ហាម​ឃាត់​ការ​ជួប​ជុំ​ជា​សាធារណៈ​នៅ​ក្នុង​សង្កាត់​ឧស្សាហកម្ម​ Howrah ​រហូត​ដល់​ថ្ងៃ​ទី​ ១៦ ​ខែ​មិថុនា​។​ អភិបាល​រដ្ឋ​ពី​បក្ស​ BJP ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ធ្វើ​ការ​តវ៉ា​មួយ​ ហើយ​ចោទ​ប្រកាន់​ប្រទេស​ជិត​ខាង​បង់ក្លាដែស​ ពី​បទ​ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ​ ខណៈ​មូស្លីម​ផ្ទុះ​ការ​តវ៉ា​នៅ​រដ្ឋធានី​ដាកា​ប្រឆាំង​នឹង​ការ​អត្ថាធិប្បាយ​របស់​មន្រ្តី​ឥណ្ឌា​។​

កាល​ពី​សប្តាហ៍​មុន​ បណ្តា​ប្រទេស​ដូច​ជា​កាតា​ អារ៉ាប៊ី​សាអូឌីត​ អារ៉ាប់​រួម​ អូម៉ង់​ អ៊ីរ៉ង់​ ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​របស់​ឥណ្ឌា​ បាន​ធ្វើ​ការ​តវ៉ា​ការ​ទូត​ដើម្បី​ទាមទារ​ការ​សុំ​ទោស​ពី​រដ្ឋាភិបាល​របស់​លោក​ ម៉ូឌី ​សម្រាប់​ការ​លើក​ឡើង​ប្រមាថ​សាសនា​ពី​មន្រ្តី​របស់​ខ្លួន​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner