នាយករដ្ឋមន្ត្រីកាណាដាឆ្លងកូវីដ-១៩ម្តងទៀត
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានឱ្យ ដឹងថា លោកបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តែមានអារម្មណ៍ល្អធម្មតា ដោយសារតែបានចាក់វ៉ាក់សាំងបង្ការ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។លោក Justin ធ្វើការប្រកាសខាងលើក្នុងសារ មួយ បង្ហោះលើទ្វីតធ័រ( Twitter)។
នាយករដ្ឋមន្ត្រីកាណាដារូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបាន ធ្វើតេស្ដវិជ្ជមានកូវីដ១៩ ហើយខ្ញុំនឹងអនុវត្តតាមគោលការណ៍ ណែនាំសុខាភិបាល និងស្នាក់នៅដាច់ដោយឡែក»។ លោកបន្ថែមថារូបលោកមានអារម្មណ៍ល្អធម្មតា ដោយសារតែបាន ចាក់វ៉ាក់សាំងបង្ការ ហើយបានជំរុញឱ្យប្រជាជនដែលមិនទាន់ បានចាក់វ៉ាក់សាំង នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការឱ្យបានគ្រប់ដូស រួមទាំងដូសជំរុញ។
លោក ឌ្រូដូ ក៏ធ្លាប់បានឆ្លងកូវីដ១៩ ផងដែរកាលពីខែមករា កន្លងទៅនេះ។ គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers កាណាដា មានអ្នកឆ្លងកូវីដ១៩សរុប ៣,៨៩៩,៤៩៣នាក់ ក្នុងនោះស្លាប់ ៤១,៥២៧នាក់ និងជាសះស្បើយ ឡើងវិញ ៣,៥៤៦,៤៣៦នាក់៕ ប្រែសម្រួល៖ សារ៉ាត

