បុរសម្នាក់ ចូលចាប់រំលោភប្អូនថ្លៃ និងគំរាមសម្លាប់ មិនបានសម្រេច ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួននទៅកាន់តុលាការនៅព្រឹកនេះ
ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ ដែលគេស្គាល់ថា ជាអ្នកបើកបរនិងជាអង្គរក្ស លោកអភិបាលខណ្ឌម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពកាន់កាំបិតប៉័ងតោទៅគាស់ទ្វារបន្ទប់ប្អូនថ្លៃ ដែលជានិស្សិតចូលទៅចាប់រំលោភសេពសន្ធវៈ តែមិនបានសម្រេច នៅវេលាម៉ោង១២ និង៣០នាទីយប់ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
បុរសជាជនសង្ស័យ ឈ្មោះ នួន ភារៈ អាយុ ៣០ឆ្នាំ ដែលគេស្គាល់ថា ជាអង្គរក្ស និងជាអ្នកបើករថយន្តឱ្យលោកអភិបាលខណ្ឌម្នាក់ មានទីលំនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯ នារីរងគ្រោះវិញ ឈ្មោះ ស.ស.ម អាយុ ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២២ បុរសជាជនសង្ស័យ និងប្រពន្ធ បាននាំគ្នា ទៅលេងផ្ទះ ប្អូនស្រី ដែលឪពុកម្តាយ បានធ្វើដំណើរទៅខេត្ត។ លុះនៅវេលាយប់នោះ បុរសម្នាក់ ដែលជាបងថ្លៃ ក៏បានជួបជុំគ្នា ផឹកស៊ីនៅផ្ទះកើតហេតុខាងលើ។ បន្ទាប់ពីផឹកស្រវឹងរួចក៏បានទៅដេកជាមួយប្រពន្ធ នៅជាន់ក្រោម។ ដោយឡែក ប្អូនថ្លៃស្រី ព្រមទាំងក្មួយ បានសម្រាកនៅបន្ទប់ជាន់ឡាវតឿ ខណៈពេលនោះ ប្អូនថ្លៃស្រីកំពុងតែដេក ក៏ស្រាប់តែជនល្មោភកាមរូបនេះ បានលួចក្រោកទៅគាស់ទ្វារបន្ទប់ ដើម្បីចូលទៅចាប់រំលោភសេពសន្ធវៈតែម្តង តែពុំបានសម្រេចនោះទេ។
តាមនារីរងគ្រោះ បានឱ្យដឹងថា នៅយប់នោះបងថ្លៃ បានកាន់កាំបិតប៉័ងតោល និងកាំបិតចុងស្រួច និងស្លៀកតែខោខ្លី បានចូលមកចាប់រំលោភសេពសន្ធវៈទាំងកំរោល ហើយនាងខំរើបម្រាស់រួចក៏បានស្រែកហៅឱ្យប៉ាជួយ និងក្មួយស្រី ដែលបានដេកនៅបន្ទប់ក្បែរនេះ ក៏បានបើកភ្លើងចេញមកហើយ ជននោះក៏បានរត់ទៅពួនក្នុងបន្ទប់ ។ ដោយមានការភ័យក្លាចផងនោះ ទើបខ្លួនខ្លាចបងថ្លៃសម្លាប់ និងក្មួយក៏បានដឹកដៃគ្នាចេញមកក្រៅ ហើយបានប្រាប់បងប្អូន និងបាននាំគ្នា ចាក់សោរទ្វារផ្ទះរួចរត់ទៅប្តឹង នគរបាលមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ឃាត់ខ្លួន បានទាំងយប់។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បានឆែកឆេររកឃើញ កាំបិតប៉័ងតោ នៅក្រោមគ្រែផងដែរ។
គួរបញ្ជាក់ថា កន្លងមកបុរសម្នាក់ ដែលជាជនល្មោភកាមរូបនេះ ក៏បានធ្លាប់ប៉ុនប៉ងសម្លាប់ឪពុកម្តាយក្មេកម្តងរួចមកហើយ កាលពីចុងឆ្នាំ២០២១ និងធ្លាប់វាយបង្ករឱ្យមានបួសស្នាមដល់អ្នកដទៃ កាលពីថ្ងៃទី៨ កញ្ញា ឆ្នាំ២០២០ ដោយសងជំងឺចិត្តគេអស់ ៩ពាន់ដុល្លារ ។
បច្ចុប្បន្ន បុរសជាជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ កំពុងតែស្ថិតក្នុងការសាកសួរនៅឡើយ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ឆៃហួត



