​តើ​​ការ​​លុប​​ចោល​​ពន្ធ​គយ​លើ​ចិន​​នឹង​​អាច​ដោះស្រាយ​វិបត្តិ​អតិផរណា​នៅ​អាមេរិក​បាន​​ ឬ​យ៉ាង​​ណា​?​

ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃដិន​ ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​កេរ្តិ៍ដំណែល​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ ដែល​​បន្សល់​ទុក​ពី​អាណត្តិ​លោក​ ដូណាល់​ ត្រាំ​ ​​កំពុង​ស្ថិត​នៅ​ក្រោម​ការ​​ចាប់​អារម្មណ៍​ពី​បញ្ហា​អតិផរណា​ក្នុង​ស្រុក​ ដែល​មិន​មែន​ជា​ភាព​តាន​តឹង​រវាង​​ក្រុង​វ៉ាស៊ីនតោន​ និង​​ក្រុង​ប៉េកាំង​​។​

នាយកដ្ឋាន​ការងារ​សហរដ្ឋ​អាមេរិក​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ អត្រា​អតិផរណា​​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល​៤​ទសវត្សរ៍​នៅ​ខែ​ឧសភា​ នៅ​ពេល​តម្លៃ​ទំនិញ​ប្រើប្រា​ស់​​កើន​ឡើង​ដល់​ ៨,៦ ​ភាគ​រយ​។ ​រាប់​តាំង​ពី​ការ​ឡើង​តម្លៃ​អាហារ ​រហូត​ដល់​ប្រេង​សាំង​ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​អាមេរិក​។​

ខណៈ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ដ៏​សំខាន់​នា​ខែ​វិច្ឆិកា​ខិត​ជិត​មក​ដល់​ ​ហើយ​​គណបក្ស​ប្រជាធិបតេយ្យ​ប្រឈម​មុន​នឹង​ការ​បាត់​បង់​អាសនៈ​​​សភា​ លោក ​បៃដិន ​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​ជម្រើស​ដ៏​លំបាក​៖​ រក្សា​ពន្ធ​គយ​ ហើយ​រង​​ការ​ស្តី​បន្ទោស​ចំពោះ​​តម្លៃ​ទំនិញ​​ខ្ពស់​ ឬ​លុប​ពន្ធ​ចេញ​ ​ហើយ​ហាក់ប្រើ​យុទ្ធសាស្រ្ត​ទន់​ខ្សោយ​ដាក់​ចិន​។​

កាល​​ពី​​​ថ្ងៃ​​សុក្រ​ លោក ​បៃដិន​ បាន​​ចង្អុល​​​ទៅ​​ក្រុម​ហ៊ុន​ប្រេង​ធំ​ៗ​ និង​​រុស្ស៊ី​ ដោយ​​និយាយ​​​ថា​ តម្លៃ​​ប្រេង​​ឡើង​​ថ្លៃ​​ជា​​កត្តា​​អតិផរណា​​ដ៏​សំខាន់​ ខណៈ​​​សង្រ្គាម​​នៅ​​អ៊ុយក្រែន​​ជា​​មូលហេតុ​​ចម្បង​។ ​

ក្នុង​សន្និសីទ​កាសែត​មួយ​នា​ក្រុង​​ឡូស​អាន់​​ជ័រ​​លេស​ ​លោក​បៃដិន​ហៅ​ចំ​ឈ្នោះ​ក្រុម​ហ៊ុន​ប្រេង​ធំ​ៗ​ដូច​ជា​ ក្រុម​ហ៊ុន​ Exxon Mobil ​ជុំ​វិញ​ការបរាជ័យ​​មិន​បង្កើន​ផលិតកម្ម​។​ លោក បៃដិន និយាយថា៖ «​រឿង​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​អំពី​ក្រុម​ហ៊ុន​ប្រេង​នោះ​គឺ​ ពួក​គេ​មាន​ច្បាប់​អនុញ្ញាតិ​ឱ្យ​ខួង​ប្រេង​ជាង​ ៩ ០០០ ​ទីតាំង​ តែ​ពួក​គេ​មិន​ខួង​ទេ​ ព្រោះ​តែ​ការ​ទុក​ឱ្យ​សាំង​ឡើង​ថ្លៃ​អាច​ឱ្យ​គេ​រក​លុយ​បាន​ច្រើន​​​»​​។ ​

កាល​ពី​ខែ​មុន​ លោក​ បៃដិន ​និយាយ​ថា​ រដ្ឋបាលរ​បស់​លោក​កំពុង​ពិចារណា​ដក​ពន្ធ​ដែល​រដ្ឋបាល​លោក​ ត្រាំ ​ដាក់​ចេញ​លើ​ចិន​ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០១៨ ​ខណៈ​អ្នក​សេដ្ឋកិច្ច​ និង​ធុរកិច្ច​ជា​ច្រើន​​ជំរុញ​ឱ្យ​លោក​ បៃដិន ​កាត់​បន្ថយ​ពន្ធ​ពាណិជ្ជកម្ម​ដើម្បី​ធ្វើ​ឱ្យ​អតិផរណានៅ​​អា​មេរិក​ថយ​ចុះ​។​

អ្នក​ជំនាញ​មើល​ឃើញ​ថា​ វិបត្តិ​អតិផរណា​បណ្តាល​មក​ពី​កត្តា​ធ្ងន់​ធ្ងរ​រួម​ទាំង​ការ​ងើប​ឡើង​វិញ​ពី​កូវីដ​ ការ​រាំង​ស្ទះ​ចង្វាក់​ផ្គត់​ផ្គង់​ និង​សង្រ្គាម​អ៊ុយក្រែន។​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​​ មាន​ការ​ចោទ​សួរ​ជា​ច្រើន​ថា​ការ​លើក​លែង​ពន្ធ​លើ​ចិន​ នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។​

លោក​ Shang-Jin Wei ​សេដ្ឋវិទូ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ធុរកិច្ច​ និង​សេដ្ឋកិច្ច​ចិន​នៅ​សកល​វិទ្យា​ល័យ​ Columbia ​​និយាយ​ប្រាប់​កាសែត​ Nikkei ​ថា​៖​ «​ប្រសិន​បើ​អាមេរិក​កែ​សម្រួល​ [​ពន្ធ​គយ​]​ វា​នឹង​មិន​​ជួយ​ត្រឹម​តែ​​ចិន​ទេ​ តែ​វា​ក៏​នឹង​អាច​ជួយ​ដល់​សហរដ្ឋ​អាមេរិក​»​។ ​លោក​បន្ត​ថា​៖​ «​ការ​ដក​ពន្ធ​អាច​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​សម្រាប់​ក្រុមហ៊ុ​ន​​ និង​តម្លៃ​នៃ​ការ​រស់​នៅ​សម្រាប់​គ្រួសារ​អាមេរិក​»។​​

រដ្ឋបាល​ត្រាំ​ ដាក់​ពន្ធគយ​រហូត​ដល់​ ២៥ ​ភាគរយ​លើ​ទំនិញ​ចិន​ក្នុង​អំឡុង​ពេល​សង្រ្គាម​ពាណិជ្ជកម្ម​ ដែល​រាប់​បញ្ចូល​ទាំង​ផលិត​ផល​ប្រើ​ប្រាស់​របស់​ចិន​ ដែល​មាន​តម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លារ​​។​ បញ្ហា​ថា​តើ​ត្រូវ​រក្សា​ពន្ធគយ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ទៅ​ជា​​ប្រធាន​បទ​នយោបាយ​ក្ដៅ ​ដោយ​​​មាន​ការ​ប្រតិកម្មពី​អ្នក​នយោបាយ​ និង​អ្នក​ដឹក​នាំ​ឧស្សាហកម្ម​មួយ​ចំនួន​ ដែល​ចោទ​ប្រកាន់​លោក​ បៃដិន ​ថា​ទន់​ខ្សោយ​ដាក់​ចិន​ ប្រសិន​បើ​លោក​កាត់​ពន្ធ​ចេញ​។​

អ្នក​គាំទ្រ​លើ​យុទ្ធសាស្រ្ត​និយាយ​ថា​ ការ​ដក​ពន្ធ​​នឹង​កាត់​បន្ថយ​ការ​ចំណាយ​ដែល​ជន​ជាតិ​អាមេរិក​​ចំណាយ​លើ​ផលិតផល​ទូទៅ​ រួម​មាន​ សម្លៀក​បំពាក់​ ឡេ​ការពារ​កម្តៅ​ថ្ងៃ​ សាប៊ូ ​គ្រឿង​សង្ហា​រឹម​ ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ កង់​ និង​គ្រឿង​អេឡិច​ត្រូនិក​ជា​ដើម​។ ​ប៉ុន្តែ​អ្នក​ជំនាញ​ព្រមាន​ថា​ វា​នឹង​មិន​ធ្វើ​ឱ្យ​អតិផរណា​ចុះ​ដល់​កម្រិត​ដែល​ចង់​បាន​នោះ​ទេ​​។

រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​អ្នក​ស្រី​ Janet Yellen ​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​ចិន​មិន​មែន​ជា​គ្រាប់​កាំភ្លើង​វេទមន្ត​ សម្រាប់​អតិផរណា​ខ្ពស់​នោះ​ទេ​។ ​អ្នក​ស្រី​និយាយ​ថា​៖​ «​ខ្ញុំ​គិត​ថា​ការ​កាត់​បន្ថយ​តម្លៃ​របស់​របរ​មួយ​ចំនួន​អាច​ត្រូវ​បាន​ធានា​ ​​តែ​ខ្ញុំ​មិន​គិត​ថា​គោល​នយោបាយ​ពន្ធដារ​គឺ​ជា​ដំណោះស្រាយ​​អតិផរណា​ទេ​»​។​

យ៉ាង​ណា​ក៏​ដោយ​ សេដ្ឋវិទូ​មួយ​ចំនួន​និយាយ​ថា​ បែប​នេះ​មិន​មែន​មាន​ន័យ​ថា​ ពន្ធគយ​គួរ​តែ​រក្សា​ទុក​នោះ​ទេ ​ដោយ​សារ​​គោលនយោបាយ​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​នៅ​ក្នុង​គោល​បំណង​ដំបូង​របស់​វា​នោះ​ទេ​។​

លោក​​​ David Sacks ​អ្នក​ស្រាវ​ជ្រាវ​ដែល​ផ្តោត​លើ​ទំនាក់​ទំនង​អាមេរិក-ចិន​នៅ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​បរទេស​​និយាយ​ប្រាប់​កាសែត​ Nikkei ​ថា​៖​ «​ខ្ញុំ​មិន​គិត​ថា​ការ​ដំឡើង​ពន្ធ​ ផ្លាស់​ប្តូរ​អាកប្ប​កិរិយា​របស់​​ចិន​ក្នុង​មធ្យោបាយ​​​ណា​ទេ​។​ ការ​ជជែក​វែកញែក​បាន​ផ្លាស់​ប្តូរ​ហើយ​ បញ្ហា​ស្នូល​​ដែល​យើង​កំពុង​ព្យាយាម​ដោះ​ស្រាយ​គឺ​ការ​អនុវត្ត​​ទីផ្សារ​ដែល​មិន​មែន​​​សហគ្រាស​រដ្ឋ​​ និង​ក្រុម​ហ៊ុនចិន​​ដទៃ​ទៀត​​​។

​ទម្ទឹន​នឹង​ការ​គាំទ្រ​ការ​ដក​ពន្ធ​ អ្នក​មួយ​ចំនួន​ផ្សេង​ទៀត​ បូក​រួម​ទាំង​ក្រុម​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​បោះឆ្នោត​ បាន​ប្រឆាំង​នឹង​ជំហាន​មួយ​នេះ​។​

សហជីព​ការងារ​ United Steelworkers ​​ដែល​​​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​ស្តី​ពី​គោល​នយោបាយ​ពាណិជ្ជកម្ម​ ​ដែល​ជា​ក្រុម​ផ្តល់​ប្រឹក្សា​ដល់​សេតវិមាន​ បាន​ផ្ញើ​លិខិត​មួយ​កាល​ពី​ដើម​ខែ​ ទៅ​កាន់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ដោយ​ជំរុញ​ឱ្យ​រដ្ឋបាល​បៃដិន​ ​កុំ​ឱ្យ​ដក​​ពន្ធ​។​

សហជីព​​​​លើក​​ឡើង​​​ថា ​គោល​នយោបាយ​​ពាណិជ្ជកម្ម​​របស់​​បក្ស​​កុម្មុយនិស្ត​​ចិន​​ កំពុង​​​ធ្វើ​​​ឲ្យ​​ប៉ះពាល់​​ដល់​​ក្រុម​ហ៊ុន​​អាមេរិក​ ​កម្លាំង​ពលកម្ម​ និង​សេដ្ឋកិច្ច​។​ ​លោក​ Thomas Conway ​ប្រធាន​​សហជីព​អន្តរជាតិ​​និយាយ​ក្នុង​លិខិត​ថា​៖​ «​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​ច្រើន​ពេក​ បាន​បរាជ័យ​​ក្នុង​ការ​ចាត់​វិធានការ​ចាំ​បាច់​ដើម្បី​ដោះ​ស្រាយ​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​គោល​នយោបាយ​បក្ស​កុម្មុនីស្ត​ចិន​។​ ក្រុម​ហ៊ុន​ជាច្រើន​នៅ​តែ​បន្ត​ការ​ផលិត​ និង​ការ​ស្រាវ​ជ្រាវ​ និង​ការ​អភិវឌ្ឍន៍​ ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​របស់​សហរដ្ឋ​អាមេរិក ​និង​​ប្រយោជន៍​សន្តិសុខ​ជាតិ​»​។​

​លោក​ Robert Handfield ​សាស្ត្រាចារ្យ​ផ្នែក​គ្រប់​គ្រង​សង្វាក់​ផ្គត់​ផ្គង់​នៅ​សាកល​វិទ្យា​ល័យ​​ North Carolina ​​ពន្យល់​ថា​ ពន្ធគយ​មួយ​ចំនួន​គាំទ្រ​ដល់​ឧស្សាហកម្ម​មួយ​ចំនួន​ ដូច​ជា​ពន្ធ​លើ​ដែក​ជាដើម​។​ ​លោក​​និយាយ​ថា​៖​ «​ប្រសិន​បើមាន​​ពន្ធ​ខ្ពស់​លើ​ដែក​ថែប​​ចិន​ វា​​ការពារ​ក្រុមហ៊ុន​ផលិត​ដែក​អាមេរិក​ និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ទទួល​ប្រាក់​ចំណេញ​ខ្ពស់​ និង​បរិមាណ​កាន់​តែ​ច្រើន​ ហើយ​នោះនឹង​​ផ្តល់​នូវ​ការងារ​។​ ពេល​តម្លៃ​​ដែក​​ឡើង​​ខ្ពស់​​ណាស់ ​ពួក​​​គេ​​សប្បាយ​​ចិត្ត​​នឹង​​ស្ថានភាព​​នោះ​»​​។

​ក្រៅ​ពី​សង្រ្គាម​អ៊ុយក្រែន​ និង​ជំងឺ​រាត​ត្បាត​​ លោក​ Handfield ​​និយាយ​ថា​ បញ្ហា​ស្នូល​ដែល​ធ្វើ​ឱ្យ​អតិផរណា​​កើន​ឡើង​ខ្ពស់​ ក៏​ចូល​រួម​ចំណែក​ដោយ​បញ្ហា​​ចង្វាក់​ផ្គត់​ផ្គង់​ផង​ដែរ​។​ លោក​​​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​គិត​ថា​មាន​អ្វី​ដែល​អាច​ធ្វើ​ក្នុង​រយៈ​ពេល​ខ្លី​ដោយ​រដ្ឋាភិបាល​នោះ​ទេ​។​ រឿង​មួយ​ចំនួន​ដែល​ពួក​គេ​កំពុង​ធ្វើ​គឺ​ការ​បង្កើន​អត្រាការ​ប្រាក់​ ដែល​អាច​កាត់​បន្ថយ​តម្រូវ​ការ​សម្រាប់​ទំនិញ​មួយ​ចំនួន​។​ តែ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​សកល​មាន​ការ​ជាប់​គាំង​ជាច្រើន​ ​ដែល​វា​មិន​ពាក់​ព័ន្ធ​នឹង​គោល​នយោបាយ​របស់​​រដ្ឋាភិបាល​នោះ​ទេ​»​។

លោក​ Bob Bilbruck ​នាយក​ប្រតិបត្តិ​នៅ​ក្រុម​ហ៊ុន​ប្រឹក្សា​ Captjur ​និយាយ​ប្រាប់​កាសែត​ញូក​យ៉ក​បុស្តិ៍​ថា​ ការ​​ដក​​ពន្ធ​​ទំនង​​ដូច​ជា​​​​​ធ្វើ​ឡើង​ជា​​ឯកតោ​ភាគី​​ដោយ​​មិន​​មាន​​ការ​​តប​ស្នង​​ពី​​ចិន​។​ លោក​និយាយ​ថា​៖​ «​វា​មិន​អាច​ជួយ​ដោះស្រាយ​​អតិផរណា​លើ​មុខ​ទំនិញ​សំខាន់​ៗ​ដូច​ជា​សាំង​ និង​អាហារ​នោះ​ទេ​ ហើយ​ក៏​មិន​មាន​ការ​ធានា​ថា​​ចិន​នឹង​បញ្ចុះ​តម្លៃ​លើ​ទំនិញ​ដែល​ពួក​គេ​ផលិត​ និង​នាំ​ចេញ​មក​ឱ្យ​យើង​ ដោយ​សារ​យើង​បន្ទាប​ពន្ធ​លើ​ផលិតផល​គេ​នោះ​ដែរ​»​។​

ប្រភព៖ Nikkei Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner