ចក្រភពអង់គ្លេសគ្រោងនឹងសរសេរច្បាប់ Brexit ឡើងវិញ ប៉ុន្តែអឺរ៉ុបគំរាមចាត់វិធានការផ្លូវច្បាប់
កាលពីថ្ងៃ ចន្ទ រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស ស្នើសរសេរច្បាប់ថ្មីឡើងវិញជាឯកតោភាគី ពោលគឺ ច្បាប់ពាណិជ្ជកម្មក្រោយ Brexit សម្រាប់អៀរឡង់ខាងជើង បើទោះបីជាមានការប្រឆាំងពីសមាជិកសភាចក្រភពអង់គ្លេស និងមន្ត្រីសហភាពអឺរ៉ុបមួយចំនួនលើកឡើងថា ទង្វើនេះបំពានច្បាប់អន្តរជាតិក៏ដោយ។
សេចក្ដីព្រៀង ដែលបានស្នើឡើងដោយអង់គ្លេស មានបំណងស្វែងរកការដកការត្រួតពិនិត្យគយលើទំនិញមួយចំនួន ដែលនាំចូលពីអង់គ្លេសទៅអៀរឡង់ខាងជើង ដែលលក្ខខណ្ឌនេះ មានលក្ខណៈលើសនូវផ្នែកខ្លះនៃសន្ធិសញ្ញាពាណិជ្ជកម្ម ដែលនាយករដ្ឋមន្ត្រី Boris Johnson បានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបកាលពី ២ ឆ្នាំមុន។
រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស នូវតែរក្សាជំហរខ្លួន ដែលចង់់ឱ្យមានការផ្លាស់ប្តូរ ដោយអះអាងជំហាននេះ មានភាពយុត្តិធម៌នៅក្រោមច្បាប់អន្តរជាតិ ដោយសារតែវាត្រូវបានគេចាត់ចូលជា ករណីពិសេសជាក់ស្ដែង ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេស Liz Truss បានស្តីបន្ទោសសហភាពអឺរ៉ុបវិញ ចំពោះការរារាំងដំណោះស្រាយ ដែលបានចរចារួច។ គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួនអាចចាត់វិធានការផ្លូវច្បាប់ប្រឆាំង នឹងចក្រភពអង់គ្លេស។
អនុប្រធានគណៈកម្មការអឺរ៉ុប លោក Maros Sefcovic បាននិយាយថា៖ «ច្បាប់ពាណិជ្ជកម្ម ដែលមានស្រាប់ នឹងផ្តល់ឱ្យប្រតិបត្តិករអាជីវកម្មនៅអៀរឡង់ខាងជើង ដឹកទំនិញចូលទៅកាន់ទីផ្សារតែមួយរបស់សហភាពអឺរ៉ុប។ វិធីសាស្រ្តរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ធ្វើឱ្យដំណើរការនេះ និងឱកាស ដែលពាក់ព័ន្ធ ឱ្យស្ថិតក្នុងហានិភ័យ»។
នៅប្រទេសអៀរឡង់ នាយករដ្ឋមន្ត្រី Micheal Martin បាននិយាយថា វាជារឿងគួរឱ្យសោកស្តាយណាស់សម្រាប់ប្រទេសមួយ ដូចជា ចក្រភពអង់គ្លេស ដែលសម្លឹងសងសឹកលើសន្ធិសញ្ញាអន្តរជាតិបែបនេះ។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានបន្ទរលោកថា គ្មានហេតុផលសម្រាប់ចក្រភពអង់គ្លេសឱ្យសរសេរច្បាប់ថ្មីឡើងវិញបែបនេះទេ។
លោក Scholz បាននិយាយថា៖ «វាជាការបដិសេធរាល់កិច្ចព្រមព្រៀង ដែលយើងសម្រេចបានរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។ សហភាពអឺរ៉ុប នឹងប្រតិកម្មចំពោះបញ្ហានេះ ព្រោះផែនការទាំងមូលរបស់សហភាពនឹងត្រូវបោះចោល»។
លោក Johnson បាននិយាយប្រាប់អ្នកយកព័ត៌មាន ដោយមិនខ្វល់ពីការរិះគន់ពីសហភាពអឺរ៉ុបថា អ្វី ដែលបានស្នើឡើងគឺជារឿងសាមញ្ញក្នុងការធ្វើ។ លោកបានប្រាប់វិទ្យុ LBC Radio ថា៖ «និយាយដោយត្រង់ទៅ វាគឺជាការកែសម្រួលតិចតួច ដែលទាក់ទងគ្នានៅក្នុងគ្រោងការណ៍ដ៏អស្ចារ្យ»។
លោក បានបន្ថែមថា៖ «ការប្តេជ្ញាចិត្តផ្លូវច្បាប់កាន់តែខ្ពស់របស់រដ្ឋាភិបាលរបស់គាត់ ចំពោះកិច្ចព្រមព្រៀង Good Friday ឆ្នាំ ១៩៩៨ នាំមកនូវសន្តិភាព និងស្ថិរភាពដល់អៀរឡង់ខាងជើង»។
ការរៀបចំសម្រាប់អៀរឡង់ខាងជើង ដែលជាផ្នែកតែមួយគត់របស់ចក្រភពអង់គ្លេសដែលមានព្រំប្រទល់ដីជាមួយប្រជាជាតិសហភាពអឺរ៉ុប បានបង្ហាញឱ្យឃើញពីបញ្ហាដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងការផ្ដាច់ខ្លួនរបស់ចក្រភពអង់គ្លេសពីប្លុកនេះ នៅចុងឆ្នាំ ២០២០។ ចំណុចកណ្តាលនៃជម្លោះគឺត្រង់ ពិធីសារអៀរឡង់ខាងជើង ដែលឥឡូវនេះជាកន្លែងទំនាក់ទំនងពាណិជ្ជកម្មរវាងអៀរឡង់ខាងជើងផង ជាផ្នែកមួយនៃចក្រភពអង់គ្លេសផង និងជាផ្នែកសាធារណរដ្ឋអៀរឡង់ ដែលស្ថិតក្នុងសហភាពអឺរ៉ុបផង។
ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀង Brexit របស់ពួកគេថា ព្រំដែនទឹកអៀរឡង់ នឹងត្រូវបានរក្សាទុក ដោយសេរីពីប៉ុស្តិ៍គយ និងការត្រួតពិនិត្យផ្សេងទៀត ពីព្រោះព្រំដែនបើកចំហ គឺជាសសរស្តម្ភសំខាន់នៃដំណើរការសន្តិភាព ដែលបញ្ចប់អំពើហិង្សារាប់ទសវត្សរ៍នៅអៀរឡង់ខាងជើង។
ជំនួសមកវិញ ដើម្បីការពារទីផ្សារតែមួយរបស់សហភាពអឺរ៉ុប គេឃើញមានការត្រួតពិនិត្យលើទំនិញមួយចំនួន ដូចជា សាច់ និងស៊ុត ចូលអៀរឡង់ខាងជើងពីទូទាំងចក្រភពអង់គ្លេស។
ប៉ុន្តែ ការរៀបចំនេះ បានបង្ហាញពីការខូចខាតផ្នែកនយោបាយសម្រាប់លោក Johnson ព្រោះពិធីការសម្រាប់អៀរឡង់ខាងជើង មានលក្ខណៈខុសគ្នាពីចក្រភពអង់គ្លេស។ គណបក្សសហភាពប្រជាធិបតេយ្យរបស់អៀរឡង់ខាងជើង បានបដិសេធមិនចែករំលែកអំណាចក្នុងតំបន់ទេ លុះត្រាពិធីការអយុត្តិធម៌នេះ ត្រូវបានលុបចោល ឬមានការផ្លាស់ប្តូរសំខាន់ណាមួយ។
យ៉ាងណាមិញ សេចក្តីព្រាងច្បាប់ ដើម្បីបដិសេធការរៀបចំនោះ ត្រូវបានក្រុមអ្នករិះគន់ និយាយថា ជាការផ្លាស់ប្ដូរជាឯកតោភាគី និងខុសច្បាប់ ហើយអាចនឹងធ្វើឱ្យខូចដល់ជំហររបស់ចក្រភពអង់គ្លេសជាមួយនឹងប្រទេសដទៃទៀត ព្រោះវាជាផ្នែកមួយនៃសន្ធិសញ្ញា ដែលត្រូវបានចាត់ទុកថា ស្ថិតនៅក្រោមច្បាប់អន្តរជាតិ។
នៅទីក្រុងប្រ៊ុចសែល លោក Sefcovic បាននិយាយថា ពិធីសារ គឺជាដំណោះស្រាយតែមួយគត់ ដែលយើងអាចស្វែងរកបានរួមគ្នា ដើម្បីការពារផលប្រយោជន៍ ដែលរកបាន ដោយលំបាកនៃដំណើរការសន្តិភាពនៅអៀរឡង់ខាងជើង។
លោកបានបន្ថែមថា សហភាពអឺរ៉ុបនៅតែបើកចំហក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេស ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះនេះ។

ប្រភព៖ Reuters