មនុស្សយ៉ាងហោចណាស់ ៥០ នាក់ ស្លាប់ក្នុងការវាយប្រហារពីក្រុមឧទ្ទាមនៅប៊ួគីណាហ្វាសូ
អ្នកនាំពាក្យរដ្ឋាភិបាលប៊ួគីណាហ្វាសូនិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ៥០ នាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធទៅលើភូមិមួយនៅភាគខាងជើងប្រទេស។
ការវាយប្រហារធ្វើឡើងនៅយប់ថ្ងៃសៅរ៍-អាទិត្យ នៅឃុំ Seytenga ផ្នែកមួយនៃខេត្ត Seno ដែលស្ថិតនៅតំបន់ព្រំដែន ជាកន្លែងដែលពួកសកម្មប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងអាយស៊ីស ចូលរួមនៅក្នុងការបះបោរប្រដាប់អាវុធ។
អ្នកនាំពាក្យលោក Lionel Bilgo ថា គិតត្រឹមថ្ងៃចន្ទ «កងយោធាបានរកឃើញសាកសពចំនួន ៥០ នាក់» ហើយចំនួនអ្នកស្លាប់អាចកើនឡើង។ ប៉ុន្តែតួលេខនេះខុសគ្នានឹងមន្ត្រីសន្តិសុខម្នាក់ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទថា មនុស្សយ៉ាងតិច ១០០ នាក់ស្លាប់ ខណៈប្រភពពីមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មានដដែលថា មនុស្សប្រហែល ១៦៥ នាក់ត្រូវបានសម្លាប់។
អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារនេះ ហើយអំពាវនាវឱ្យអាជ្ញាធរនាំយកជនល្មើសមកកាត់ទោស ខណៈសហភាពអឺរ៉ុបដែលថ្កោលទោសដូចគ្នា អំពាវនាវឱ្យមានការ «បំភ្លឺអំពីកាលៈទេសៈនៃការសម្លាប់នេះ»។
ឃុំ Seytenga គឺជាទីតាំងនៃការប្រយុទ្ធបង្ហូរឈាមកាលពីសប្តាហ៍មុនរវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលប៊ួគីណាហ្វាសូ។ ប៉ូលីស ១១ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យមានប្រតិបត្តិការយោធាដែលសម្លាប់យុទ្ធជនឧទ្ទាមប្រហែល ៤០ នាក់។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Bilgo និយាយថា៖ «ការបង្ហូរឈាមគឺបណ្តាលមកពីការសងសឹកចំពោះសកម្មភាពរបស់កងយោធា»។ លោកបន្តថា៖ «ប្រទេសត្រូវរងការប៉ះទង្គិច ប៉ុន្តែកងទ័ពកំពុងបំពេញការងាររបស់ខ្លួន»។
ការវាយប្រហារកាលពីចុងសប្ដាហ៍ គឺជាការបង្ហូរឈាមដ៏បំផុតមួយចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែមករា នៅពេលបណ្ដាវរសេនីយ៍ឯកក្នុងជួរកងទ័ពជាតិ ដែលខឹងនឹងការបរាជ័យរបស់មន្ត្រីប៊ួគីណាហ្វាសូក្នុងការកម្ចាត់ក្រុមប្រដាប់អាវុធ បណ្តេញប្រធានាធិបតីជាប់ឆ្នោតលោក Roch Marc Christian Kabore ចេញពីតំណែង។
មេដឹកនាំថ្មី លោកវរសេនីយ៍ទោ Paul-Henri Sandaogo Damiba ប្តេជ្ញាភ្លាមៗថានឹងធ្វើឱ្យសន្តិសុខក្លាយជាអាទិភាពសំខាន់របស់លោក។ ក្រោយមានការធូរស្រាលក្នុងការប្រយុទ្ធគ្នាបន្ទាប់ពីរដ្ឋប្រហារ ការវាយប្រហារនៅប៊ួគីណាហ្វាសូបានចាប់ផ្តើមឡើងវិញ ដោយជនស៊ីវិល និងយោធារាប់រយនាក់ត្រូវបានសម្លាប់ក្នុងរយៈពេល៣ខែកន្លងមកនេះ ដែលការវាយប្រហារបានប្រមូលផ្តុំនៅភាគខាងជើង និងខាងកើតរបស់ប្រទេស។
ប៊ួគីណាហ្វាសូ ដែលជាប្រទេសក្នុងតំបន់សាហែលអាហ្វ្រិក ពេញដោយការបះបោរប្រដាប់អាវុធរយៈពេល៧ឆ្នាំចុងក្រោយ ដែលឆក់យកជីវិតមនុស្សជាង ២ ០០០ នាក់ និងបង្ខំមនុស្សប្រហែល ១,៩ លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៥ ។

ប្រភព៖ Aljazeera