អ៊ីស្រាអែលប្រាប់ពលរដ្ឋខ្លួនឱ្យជៀសពីក្រុងអ៊ីស្តង់ប៊ុល ជុំវិញការគំរាមកំហែងរបស់អ៊ីរ៉ង់
អ៊ីស្រាអែលជំរុញពលរដ្ឋខ្លួនឱ្យជៀសវាងទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី ឬត្រឡប់ទៅផ្ទះវិញ «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ប្រសិនបើនៅទីនោះរួចហើយ ដោយសារតែការគំរាមកំហែងនៃការប៉ុនប៉ងរបស់អ៊ីរ៉ង់ក្នុងការសម្លាប់ ឬចាប់ពង្រត់ជនជាតិអ៊ីស្រាអែលដែលធ្វើវិស្សមកាលនៅតួកគី។
ក្នុងការព្រមានចេញប្រកាសកាលពីថ្ងៃចន្ទ រដ្ឋាភិបាលអ៊ីស្រាអែលបានធ្វើសេចក្តីណែនាំប្រឆាំងពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរទៅតួកគី។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid និយាយក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា៖ «យើងកំពុងអំពាវនាវដល់ប្រជាជនអ៊ីស្រាអែលកុំឲ្យហោះហើរទៅអ៊ីស្តង់ប៊ុល ហើយប្រសិនបើអ្នកមិនមានអ្វីសំខាន់ កុំទៅតួកគីឱ្យសោះ។ ប្រសិនបើអ្នកនៅអ៊ីស្តង់ប៊ុលរួចហើយ ត្រូវត្រឡប់ទៅអ៊ីស្រាអែលវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក Lapid និយាយថា៖ «ការគម្រាមកំហែងភេរវករទាំងនេះ ដាក់គោលដៅលើជនជាតិអ៊ីស្រាអែលដែលធ្វើវិស្សមកាល។ ពួកគេកំពុងចាប់ពលរដ្ឋអ៊ីស្រាអែលដោយចៃដន្យ ប៉ុន្តែមានចេតនាក្នុងគោលបំណងចាប់ជំរិត ឬសម្លាប់ពួកគេ»។
លោកបន្តថា៖ «ខ្ញុំចង់បញ្ជូនសារទៅកាន់ប្រជាជនអ៊ីរ៉ង់ផងដែរ។ អ្នកណាដែលធ្វើបាបអ៊ីស្រាអែលនឹងមិនរួចខ្លួនឡើយ។ អាវុធវែងរបស់អ៊ីស្រាអែលនឹងចាំទទួលមិនថាពួកគេនៅទីណាឡើយ»។
បន្ថែមលើការថ្លែងអំណរគុណរដ្ឋាភិបាលតួកគីចំពោះការសហការផ្សេងៗ លោក Lapid និយាយថា «កិច្ចខិតខំប្រឹងប្រែងដ៏ធំ» ដោយកងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែលបានជួយសង្គ្រោះ «ជីវិតអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ»។
ការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដំណើរអ៊ីស្រាអែល ធ្វើឡើងចំពេលមានភាពតានតឹងចុងក្រោយរវាងគូប្រជែងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយទីក្រុងតេអេរ៉ង់បន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងយោធារបស់ខ្លួន ទាំងនៅអ៊ីរ៉ង់ និងស៊ីរី។
ក្រុងតេអេរ៉ង់សន្យាថានឹងសងសឹកអ៊ីស្រាអែល ដែលចោទប្រកាន់ចំពោះការសម្លាប់លោក Hassan Sayyad Khodaei វរសេនីយ៍ឯកកងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ដែលត្រូវជនមិនស្គាល់មុខ២នាក់ធ្វើឃាតនៅកណ្ដាលរដ្ឋធានីតេអេរ៉ង់កាលពីចុងខែឧសភា។
អ៊ីស្រាអែលមិនបានបញ្ជាក់ ឬបដិសេធការទទួលខុសត្រូវឡើយ ប៉ុន្តែធ្លាប់បានចោទប្រកាន់លោក Khodaei ថារៀបចំផែនការវាយប្រហារលើពលរដ្ឋរបស់ខ្លួននៅទូទាំងពិភពលោក។ តួកគី គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ជនជាតិអ៊ីស្រាអែល ក្រោយប្រទេសទាំង២ពង្រឹងទំនាក់ទំនងបន្ទាប់ពីមានភាពតានតឹងជាង១ទសវត្សរ៍។

ប្រភព៖ Reuters