អគ្គលេខាធិការណាតូគ្មានហេតុជឿថាតួកគីបដិសេធសមាជិកភាពរបស់ហ្វំាងឡង់និងស៊ុយអែត ខណៈដំណើរការដំបូងគឺគ្មានបញ្ហាសោះ
លោក ជេនស៍ ស្កូលតេនប៊ើច (Jens Stoltenberg) ដែលធ្លាប់ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីពីដងនៃប្រទេសន័រវែស និងបច្ចុប្បន្នជាអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)ដោយកាន់តួនាទីនេះជិត១០ឆ្នាំចាប់តាំងពីឆ្នាំ២០១៤ បានអះអាងពីការមិនយល់ដែលប្រទេសតួកគីរារាំងប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិករបស់អង្គការសម័្ពន្ធមិត្តយោធានេះ ខណៈពេលដែលដំណើរការពីដំបូងគ្មានសញ្ញាណាមួយជាឧបសគ្គនោះទេ។
អគ្គលេខាធិការទី១៣របស់អង្គការយោធាណាតូ លោក ជេនស៍ ស្កូលតេនប៊ើច បានចូល ក្នុងឆ្នាំ២០១៤ ធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសន័រវែសចំនួនពីរលើក គឺ ចន្លោះឆ្នាំ២០០០ដល់២០០១ និងលើកទី២ ចន្លោះឆ្នាំ២០០៥ដល់២០១៣ បាននិយាយថា ណាតូមិនមានហេតុផលដើម្បីជឿថាតួកគីនឹងរារាំងកិច្ចខិតខំប្រឹងប្រែងចូលរបស់ហ្វាំងឡង់ និងស៊ុយអែតនោះទេ។ នេះបើយោងតាម បណ្តាញសារព័ត៌មាន Financial Times របស់អង់គ្លេសដែលចេញផ្សាយកាលពីថ្ងៃទី១៣ខែមិថុនា។
ប្រទេសហ្វាំងឡង់និងស៊ុយអែតដែលស្ថិតនៅតំបន់ខាងជើងទ្វីបអឺរ៉ុប និងអាត្លង់ទិកខាងជើង ដែលគេហៅថា «Nordic» បានដាក់ពាក្យស្នើចូលអង្គការសម្ព័ន្ធមិត្តយោធា NATO យ៉ាង់តក់ក្រហល់បន្ទាប់ពីឃើញប្រទេសរុស្ស៊ីលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែនដែលជារដ្ឋអធិបតេយ្យនៅជាប់ប្រទេសរុស្ស៊ីដូចខ្លួនដែរ។
គោលបំណងនៃការចូលជាសមាជិករបស់អង្គការនេះក៏ព្រោះតែក្តីពឹងថា ក្នុងពេលខ្លួនបានក្លាយជាសមាជិកនៃអង្គការយោធានេះពេញសិទ្ធិ អង្គការនេះនឹងជួយការពារខ្លួន ឬជួយខ្លួនក្នុងការប្រយុទ្ធក្នុងករណីដែលប្រទេសរុស្ស៊ីឈ្លានពានដូចករណីអ៊ុយក្រែន។
ប៉ុន្តែបំណងរបស់ប្រទេសទាំងពីរដែលទទួលបានការព្រមានខ្លះៗពីប្រទេសរុស្ស៊ីនោះ ក៏ខកខានទៅវិញដោយសារ ប្រទេសតួកគីដែលស្ថិតនៅតំបន់មជ្ឈឹមបូព៌ាក្នុងអាស៊ីភាគខាងលិច ដែលបានចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងក្នុងខែកុម្ភៈឆ្នាំ១៩៥២ បានបដិសេធសមាជិកភាពនៃប្រទេសទាំងពីរ។
ក្នុងហេតុផលដែលតួកគីប្រឆាំងការចូលជាសមាជិកភាពនៃអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ និង ស៊ុយអែត ដោយចោទប្រកាន់ប្រទេសទាំងពីរនេះថា បានគាំទ្រក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធឃឺដ ដែលប្រទេសតួកគីចោទថា ជាពួកភេរវករបំបែកខ្លួនធ្លាប់ប្រយុទ្ធជាមួយកងកម្លាំងជាមួយតួកគីផង។
លោក ស្តូលតេនប៊ើច ត្រូវបានដកស្រង់សម្តីដូចដែលបាននិយាយថា៖«គោលដៅរបស់ខ្ញុំគឺដើម្បីឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតជាសមាជិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វានៅតែអាចមានភាពរហ័សរហួនបើប្រៀបធៀបជាមួយនឹងដំណើរការចូលជាសមាជិកផ្សេងទៀត»។
លោកបានបន្តថា៖«នៅក្នុងដំណើរការកាលពីមុន យើងគ្មានហេតុផលជឿថា នឹងមានបញ្ហាកើតឡើងនោះទេ» ដោយនិយាយថា ការព្រួយបារម្ភផ្នែកសន្តិសុខរបស់តួកគីមិនថ្មីនោះទេ។ ប្រទេសតួកគីជាសម្ព័ន្ធមិត្តសំខាន់ ហើយ នៅពេលដែលសម្ព័ន្ធមិត្តលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ យើងត្រូវតែដោះស្រាយវា»។
តួកគីដែលជាប្រទេសស្ថិតនៅតំបន់មជ្ឈឹមបូព៌ាក្នុងផ្នែកបច្ចឹមនៃទ្វីបអាស៊ី ប្រឈមបញ្ហាអសន្តិសុខជាច្រើននៅក្នុងតំបន់របស់ខ្លួន។
លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ វាមិនមានពេលវេលាចុងក្រោយ ដើម្បីដោះស្រាយបញ្ហានោះទេ ដោយកិច្ចប្រជុំកំពូលរបស់អង្គការណាតូនឹងត្រូវរៀបចំឡើងនៅទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ ដែលគ្រោងធ្វើឡើងនៅចុងខែកក្កដាខាងមុខនេះ។
កាលពីថ្ងៃទី១៨ ខែឧសភា ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំអង្គការណាតូ លោក Klaus Korhonen និងសមភាគីស៊ុយអែត លោក Axel Vernhoff បានប្រគល់ពាក្យសុំចូលជាសមាជិក NATO របស់ប្រទេសរបស់ពួកគេជាផ្លូវការទៅឱ្យលោក Stoltenberg។
យោងតាមបណ្តាញព័ត៌មាន CNBC របស់អាមេរិក លោក រ៉េសិប តៃយីប អេរដូហ្គែន(RecepTayyip Erdogan) ប្រធានាធិបតីតួកគីបាននិយាយនៅពេលក្រោយនៅថ្ងៃដដែលនោះថា សាធារណរដ្ឋរបស់លោកនឹងរារាំងការខិតខំចូលជាសមាជិកភាពរបស់ប្រទេស Nordic ទាំងពីរ លុះត្រាតែពួកគេពិនិត្យឡើងវិញនូវគោលជំហររបស់ពួកគេចំពោះអង្គការភេរវករ ពោលគឺគណបក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់តាំងដោយទីក្រុងអង់ការ៉ា។
កាលពីថ្ងៃទី២១ឧសភា លោក អេរដូហ្គែន បាននិយាយថា តួកគីនឹងគាំទ្រស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយអង្គការណាតូ នៅពេលដែលទីក្រុងស្តុកខុម (Stockholm) និង ទីក្រុងហែលស៊ីនគី (Helsinki) បានបង្ហាញយ៉ាងច្បាស់ពីសាមគ្គីភាពរបស់ពួកគេជាមួយនឹងការព្រួយបារម្ភរបស់ទីក្រុងអង់ការ៉ាក្នុងវិស័យសន្តិសុខ។
ការព្រួយបារម្ភរបស់ប្រទេសតួកគីហាក់សំដៅទៅលើប្រទេសហ្វាំងឡង់តិចជាងស៊ុយអែត ដែលមានចំនួនប្រជាជនឃឺដច្រើន។
អគ្គលេខាធិការណាតូ និយាយថា៖«ការព្រួយបារម្ភរបស់តួកគីលើអំពើភេរវកម្មគឺស្របច្បាប់។ ដោយសារតែគ្មានសម្ព័ន្ធមិត្តណាតូណា បានទទួលរងការវាយប្រហារភេរវកម្មច្រើនជាងតួកគីនោះទេ។ យើងនឹងអង្គុយជាមួយតួកគី ហើយស្វែងរកផ្លូវរួមគ្នាឆ្ពោះទៅមុខ» ដោយប្រើឈ្មោះសម្រាប់ប្រទេសតួកគីដែលលោក អេរដូហ្គែន ពេញចិត្ត។
លោកក៏បានសរសើរលោកស្រី ម៉ាកដាលេនា អែនឌ័រសុន (Magdalena Andersson) នាយករដ្ឋមន្ត្រីស៊ុយអែត ដែលលោកស្រីនឹងធ្វើទស្សនកិច្ចនៅពេលក្រោយនៅថ្ងៃចន្ទ សម្រាប់ «ការត្រៀមខ្លួនរបស់ស៊ុយអែត ដើម្បីដោះស្រាយកង្វល់របស់តួកគី» ដោយធ្វើវិសោធនកម្មច្បាប់ប្រឆាំងភេរវកម្ម និងស្នើការលក់អាវុធទៅទីក្រុងអង់ការ៉ាអាចមានភាពងាយស្រួលជាង។
លោក សាអូលី វ៉ៃណាម៉ូ នីនីស្តូ នាយករដ្ឋមន្ត្រីហ្វាំងឡង់ បានបង្ហាញខ្លួនដើម្បីចង្អុលបង្ហាញកាលពីថ្ងៃអាទិត្យថាហ្វាំងឡង់នឹងមិនបោះបង់ចោលស៊ុយអែតទេ ប្រសិនបើអ្នកជិតខាងរបស់ខ្លួនជួបការលំបាកជាមួយនឹងខិតខំចូលណាតូដោយសង្កត់ធ្ងន់ថា៖«បុព្វហេតុរបស់ស៊ុយអែតគឺជាបុព្វហេតុរបស់យើង»។
