ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់បារាំងជួបគ្នារំលឹកចំណងមិត្តភាពរវាងប្រទេសទាំង២ (Video Inside)

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាល និងពិភាក្សាការ ងារជាមួយមន្ត្រីជាន់ខ្ពស់បារាំងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំង២។

ជំនួបជាមួយនឹង លោកប៊ែ័រត្រង់ ល័រថូឡារី ប្រធាននាយកដ្ឋានអាស៊ីនិងអូសេអានី នៃក្រសួង កិច្ចការអឺរ៉ុបនិងការបរទេសបារាំងបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត បានលើកឡើងអំពី ចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដែលរក្សាបាននូវកិច្ចសហប្រតិបត្តិការ ល្អលើគ្រប់វិស័យ។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេស បារាំងនិងប្រជាជនបារាំង ដែលកន្លងមកតែងបានគាំទ្រជួយជ្រោមជ្រែងកម្ពុជា ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក្នុងដំណើរការកសាងអភិវឌ្ឍប្រទេស។

លោកបានបញ្ជាក់ថា នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩នេះទៀត ប្រទេសបារាំងក៏បានជួយដល់កម្ពុជានៅក្នុង ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការឧបត្ថម្ភជាថវិកា ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថែមទៀត។

ពាក់ព័ន្ធលើវិស័យការពារជាតិ, បារាំង ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពយោធិនកម្ពុជានៅសាលា នាយទាហានសកម្មត្មាតពង និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សម្អាតមីន និងកាកសំណល់សង្គ្រាម។

មន្ត្រីបារាំង លោក ប៊ែ័រត្រង់ ល័រថូឡារី ក្នុងប្រសាសន៍តបក្នុងឳកាសនោះ បានថ្លែងអំពីមនោសញ្ចេតនា និងចំណងផ្សារភ្ជាប់ដ៏ជិតស្និទ្ធរបស់លោកជាមួយនឹងប្រទេសកម្ពុជា ខណៈដែល លោកធ្លាប់ជាកម្លាំងថែរក្សាសន្តិភាពរបស់ប្រទេសបារាំង ដែលបំពេញបេសកកម្មនៅកម្ពុជា កាលពី ៣០ ឆ្នាំមុន ក្នុងសម័យកាល UNTAC ។

កិច្ចពិភាក្សា បានផ្តោតផងដែរលើស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយ នឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី  ដើម្បីចូលរួមចំណែក ដោះ ស្រាយបញ្ហាដែលកើតមាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner