របាយការណ៍៖ លោក បៃដិន ប្រាប់ឱ្យមន្រ្តីការពារជាតិ និងការបរទេសអាមេរិក បន្ទាបវោហាសាស្រ្ត ពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថា បានប្រាប់មន្ត្រីការពារជាតិ និងមន្ត្រីការទូតជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់លោក ឱ្យបន្ទាបនូវវោហាសាស្ត្ររបស់ពួកគេ បន្ទាប់ពីពួកគេបានសន្យាថា នឹងជួយអ៊ុយក្រែនឈ្នះជម្លោះជាមួយរុស្ស៊ី។ នេះបើតាមសារព័ត៌មាន NBC News នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
បើតាមរបាយការណ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន ទំនងជាបានធ្វើសេចក្តីថ្លែងការណ៍ដែលលោកប្រធានាធិបតី បៃដិន មិនចូលចិត្តក្នុងកំលុងការធ្វើទស្សនកិច្ចរួមគ្នារបស់ពួកលោកទៅកាន់ប្រទេសប៉ូឡូញកាលពីខែមេសាកន្លងទៅ។ អ្នកទាំងពីរបានគូសបញ្ជាក់ថា គោលដៅរបស់អាមេរិក គឺជួយអ៊ុយក្រែនឈ្នះសង្រ្គាមជាមួយរុស្ស៊ី ជាជាងការការពារខ្លួនដោយសាមញ្ញ។
ឆ្លើយតបនឹងការអះអាងបែបនេះ ទូរទស្សន៍ NBC News បានចេញផ្សាយថា លោក បៃដិន បាន ហៅការធ្វើសន្និសិទរួមគ្នារវាងលោកទាំងពីរនៅពេលនោះថា ពួកគេកំពុងកំណត់ការរំពឹងទុកមិនប្រាកដប្រជា អំពីវិសាលភាពនៃការគាំទ្ររបស់សហរដ្ឋអាមេរិក និងប្រថុយនឹងការអូសទាញសហរដ្ឋអាមេរិកទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។
របាយការណ៍ខាងលើនេះ ផ្អែកលើកិច្ចសម្ភាសន៍ជាមួយមន្ត្រីអាមេរិកបច្ចុប្បន្នចំនួន ៧រូប និងប្រភពផ្សេងទៀតដែលមិនត្រូវបានបញ្ចេញឈ្មោះ។ ប្រភពដដែលបានបញ្ជាក់ដូច្នេះថា លោក បៃដិន មិនសប្បាយចិត្តទេនៅពេលដែលលោក ប្លីងគែន និងលោក អូស្ទីន និយាយអំពីជ័យជំនះនៅអ៊ុយក្រែន… លោកមិនសប្បាយចិត្តនឹងវោហាសាស្ត្រនេះទេ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា




