ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមក្លាយជាជើងឯក ការប្រកួតកីឡាមហាជនជ្រើសរើសថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំ២០២២
ក្រុមបាល់ទាត់ស្រុកល្វាឯមបានក្លាយជាម្ចាស់ជើងឯកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះក្រុមសមាគមបាល់ទាត់យុវជនខេត្តកណ្តាល ដោយ ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្នុងលទ្ធផល៥ទល់៤វគ្គផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍ នៅកីឡដ្ឋានខេត្តកណ្តាល។
តាមរបាយការណ៍ បានឲ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២២នេះ មាន៣ប្រភេទកីឡា ក្នុងនោះ បាល់ទាត់នារី៨ និងបុរស១៧ក្រុម បាល់ទះ នារី៦ក្រុម និងបុរស៧ និង បាល់បោះ នារី៣ក្រុម និងបុរស៤ក្រុម ដោយដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា លទ្ធផលនេះ គឺជាចំណុចសំខាន់ មួយក្នុងចំណោម ទាំង១២ នៃចក្ខុវិស័យ និងបេសកម្មក្នុងការពង្រឹងវិស័យកីឡា ក្នុងខេត្ត ឆ្ពោះទៅរកការអភិវឌ្ឍរីកចំរើន ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ឯកឧត្តម បានគូបញ្ជាក់ទៀតថា ការរៀបចំ កីឡាមហាជនលើ៣ប្រភេទកីឡានេះ គឺដើម្បីពង្រឹងធនធានមនុស្សលើវិស័យកីឡា ទាំងអត្តពលិក អាជ្ញាកណ្តាល និងមន្រ្តីរៀបចំការប្រកួត ។
ទន្ទឹមនោះ រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងគុណភាព នៃការរៀបចំការប្រកួតទៅតាមបច្ចេកទេសស្តង់ដាកម្រិតខ្ពស់ តាមបណ្តាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ។ ជាមួយគ្នានោះ ឯកឧត្តម បានអំពាវនាវដល់ក្លឹបកីឡាក្នុងខេត្ត ត្រូវបង្កើនការចូលរួមឲ្យបានច្រើនកុះករពីមហាជន និងយុវជន ជាពិសេសតាមសាលារៀន ស្របតាមពាក្យស្លោកប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទ ប្រចាំជីវិត ។
លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានសម្តែងអារម្មណ៍រំភើប ក្រោយក្លាយជាម្ចាស់ជើងឯក និងប្តេជ្ញាបន្តលើកទឹកចិត្តឲ្យក្រុមខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពឈានទៅក្រសោបពានធំរបស់ខេត្ត ។
សម្រាប់លទ្ធផលទាំង៣ប្រភេទកីឡាបាល់បោះ ក្រុមបាល់ទះអារ៉ាប់ប៊ីកាហ្វេក្រុងតាខ្មៅ ឈ្នះលេខ១ទាំងបុរស-នារី។ កីឡាបាល់ទះនារី ចំណាត់លេខ១ ក្រុមកីឡារួមចិត្តតែមួយក្រុងតាខ្មៅ ផ្នែកបុរស ចំ លេខ១ ក្រុមយុវជន ព្រែកតាពៅ ។ កីឡាបាល់ទាត់នារី លេខ១ សមាគមបាល់ទាត់នារីខេត្តកណ្តាល ផ្នែកបុរស លេខ១ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ៕ អត្ថបទៈ ជាវ ចន្ធូ





