ម្ចាស់ហាងពេជ្រ CSNJ ហ៊ានចំណាយប្រាក់រាប់ម៉ឺនដុល្លារលើកទឹកចិត្តកញ្ញាឯកកម្ពុជា ពេលចេញទៅប្រកួតលើឆាកអន្តរជាតិ ដើម្បីនាំយកជ័យលាភីជូនជាតិមាតុភូមិវិញ

ភ្នំពេញ ៖ កម្មវិធីប្រកួតជ្រើសរើសកញ្ញាឯកក្នុងឆ្នាំ២០២២នេះ គឺពិតជាមានភាពរីកចម្រើនជាងពេលមុនៗ និងចំណាយអស់ច្រើន ខណៈគ្រាន់តែមកុដដែលកញ្ញា ហង្ស ម៉ានីតា គ្រងនាពេលនេះ គឺមានតម្លៃរហូតដល់ ១៨ម៉ឺនដុល្លារឯណោះ ។

នេះជាប្រសាសន៍របស់លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលជាអ្នកជួយគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី «Miss Universe Cambodia 2022» ប្រាប់អ្នកយកព័ត៌មានក្នុងពិធីសន្និសិទសារព័ត៌មានមួយនាពេលថ្មីៗនេះ នៅហាងពេជ្រ CSNJ ផ្ទះលេខ 39B & 39C មហាវិថីអ្នកឧញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះ លោក ចិន សំណាង បានបញ្ជាក់ថា ទោះបីជាត្រូវចំណាយថវិកាច្រើន នៅក្នុងការជួយជ្រោមជ្រែងកម្មវិធីប្រកួតទាំងមូល រហូតជ្រើសរើសបាននូវបេក្ខនារី ដែលស័ក្តិសមក្នុងគ្រងមកុដនេះរួចហើយក្ដី ក៏លោកនៅតែមិនរុញរា ពោលគឺរូបលោកនៅតែបន្តតាមជួយដល់កញ្ញាឯករបស់កម្ពុជា ពេលចេញទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិបន្ថែមទៀត ទាំងក្ដីរំពឹងសង្ឃឹមយ៉ាងមុតមាំថា នឹងនាំមកនូវជយលាភីមកជូនជាតិមាតុភូមិវិញ។

លោកបន្តថា លោកពិតជាចង់ឃើញមោទនភាពរបស់កម្ពុជា តាមរយៈកម្មវិធីខាងលើ ខណៈជាច្រើនឆ្នាំមកហើយគ្រប់ការប្រកួតកម្មវិធីនេះ ឬកម្មវិធីស្រដៀងគ្នា កញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជាបានត្រឹមតែកំដរឆាក ខណៈប្រទេសជិតខាងយើង គេបានសាងមោទនភាពជូនជាតិរបស់គេជាបន្តបន្ទាប់។

ក្នុងឆ្នាំនេះ លោកសង្ឃឹម និងជឿជាក់ថា បេក្ខភាពដ៏ស័ក្តិសមរបស់កម្ពុជា គឺកញ្ញា ហង្ស ម៉ានីតា ដែលមានចំណេះដឹងខ្ពស់ ជាពិសេសអាច និយាយភាសាអង់គ្លេស និងភាសាបារាំងបានយ៉ាងល្អ នឹងខិតខំប្រឹងប្រែងបញ្ចេញនូវចំណេះជំនាញ និងភាពក្លាហានរបស់ខ្លួនឲ្យអស់ពីលទ្ធភាព ពេលទៅចូលរួមនៅលើឆាកអន្តរជាតិ ដើម្បីនាំយកជយលាភីមកជូនជាតិឲ្យទាល់តែបាន។

ម្ចាស់ហាងពេជ្រ CSNJ រូបនេះបន្ថែមថា រូបលោកនឹងនៅតែចាំលើកទឹកចិត្ត ជួយទាំងកម្លាំងកាយទាំងកម្លាំងចិត្ត និងថវិកាដល់បេក្ខនារី ខណៈដែលនៅឆ្នាំ២០២២នេះ លោកនឹងត្រៀមបញ្ចូនបេក្ខនារីតំណាងប្រទេសទៅឲ្យបានមុន៣ថ្ងៃ នៃការប្រកួតចាប់ផ្ដើម ដើម្បីរៀបចំខ្លួនឲ្យបានល្អ។

នាឱកាសនោះដែរ ម្ចាស់ជ័យលាភីគ្រងមកុដ «Miss Universe Cambodia 2022» កូនកាត់ខ្មែរ-បារាំង និងជាបវរកញ្ញាឯកតំណាងប្រទេសកម្ពុជា កញ្ញា ហង្ស ម៉ានីតា បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា កញ្ញានឹងនាំយកនូវតំបន់ទេសចរដ៏ល្អឯកនានា តំបន់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជា

ព្រមទាំងមុខម្ហូបអាហារ ជាពិសេសប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីរបស់ខ្មែរទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីឲ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ និងក្នុងន័យទាក់ទាញទេសចរមកលេងកម្ពុជាឲ្យកាន់តែច្រើន។

សូមបញ្ជាក់ថា កញ្ញា ហង្ស ម៉ានីតា បានក្លាយម្ចាស់ជ័យលាភី Miss Universe Cambodia 2022 ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ បេក្ខភាពរូបនេះ ត្រូវបានគេមើលឃើញថា មានអំណោយផលទាំងព្រម ទាំងស្អាត មានចំណេះដឹងទូលំទូលាយ ព្រមអាចប្រើប្រាស់ភាសាអង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញ ដែលទាំងនេះជាមូលហេតុដែលកញ្ញាទទួលបានជយលាភី ក្រោមការគាំទ្រយ៉ាងច្រើនពីមហាជន៕ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner