ស្គាល់គ្នាតាមហ្វេសប៊ុកបាន ៦ខែ ស្រីស្នេហ៍ទូរស័ព្ទហៅឱ្យមកយក រួចប្លន់យកម៉ូតូទៅបានសម្រេច
ភ្នំពេញ ៖ យុវជនម្នាក់ បានស្គាល់គ្នាជាមួយស្រីស្នេហ៍តាមបណ្តាញសង្គម (ហ្វេសប៊ុក) រយៈពេលប្រាំមួយខែ តែមិនដែលជួបមុខគ្នាផ្ទាល់នោះទេ។ លុះនៅយប់មួយ នារីជាស្រីស្នេហ៍ បានទូរស័ព្ទហៅយុវជរូបនេះ ទៅយក ដើម្បីទៅដេកជាមួយ ប៉ុន្តែពេលយុវជនរងគ្រោះទៅដល់ ក៏ត្រូវបក្ខពួកនារី ដែលជាស្រីស្នេហ៍វាយប្លន់យកម៉ូតូទៅបានសម្រេច រួចជិះគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជា១១ និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ នៅត្រង់ចំណុចផ្លូវលំ ដីវាលមួយកន្លែង ម្តុំខាងក្រោយវត្តព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស្រេង ភារម្យ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអ្នកដឹកម្ហូបអាហារ តាមអនឡាញ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ សង្កាត់ដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ។
ម៉ូតូដែលជនសង្ស័យ ប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JN-9101។ ចំណែកនារីជនសង្ស័យ មានឈ្មោះ ស្រីពៅ រីឯបក្សពួកផ្សេងទៀត នៅមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ស្រមោល។
បើយោងតាមការរៀបរាប់ពីជនរងគ្រោះ បានឱ្យដឹងថា រូបគាត់ បានស្គាល់នារី ជាជនសង្ស័យ រយៈពេលប្រាំមួយខែមកហើយ ដោយមិនដែលបានជួបគ្នាទេ ឃើញតែរូបក្នុងទូរស័ព្ទដៃ ហើយមុនពេលកើតហេតុ រូបគាត់ កំពុងអង្គុយលេងនៅចំណុចមុខក្លឹបមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ស្រាប់តែនារី ជាជនសង្ស័យ បានទូរស័ព្ទហៅខ្លួនឱ្យទៅយក ដោយប្រាប់ខ្លួនថា មកយកទៅដេកជាមួយផង ដោយគ្មានកន្លែងដេកនោះទេ។
លុះពេលរូបគាត់ ជិះម៉ូតូមកដល់កន្លែងកើតហេតុខាងលើ ក៏ឃើញនារីជាជនសង្ស័យតែម្នាក់ឯង ដោយមិនដឹងថា នារីរូបនោះ ហៅបក្សពួកមកចាំវាយប្លន់នោះទេ លុះនិយាយគ្នាមួយសន្ទុះ នារីជាជនសង្ស័យខាងលើបានបន្លំលួចដកសោរម៉ូតូរបស់គាត់ ហើយបានរត់ចូលទៅគម្ពោតព្រៃ ជាប់នឹងស្ពានថ្មមួយបាត់ ហើយលេចមុខជនសង្ស័យសុទ្ធតែមនុស្សប្រុសមួយក្រុមមានគ្នា ៦ ទៅ ៧នាក់ បាននាំគ្នាចេញពីក្រោមស្ពានប្រដាប់ដោយដាវ កំបិត និងដំបង រួចបានធ្វើសកម្មភាពដេញវាយ និងកាប់ទៅលើរូបគាត់ បណ្ដាលឱ្យរូបគាត់ភ័យស្លន់រត់យករួចខ្លួនសិន។ បន្ទាប់មកភ្លាមៗនោះជនសង្ស័យ បាននាំគ្នាយកម៉ូតូរបស់គាត់ ហើយនាំនារីដែលរូបគាត់ ស្គាល់នោះជិះគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទំនាក់ទំនងហៅមិត្តភក្កិ ឱ្យជួយជូនទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកមុខជនសង្ស័យចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ ៖ ឆៃហួត




