សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ។
សូមជម្រាបថា កម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិជប៉ុន និងធ្លាប់បានប្រកាសគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ និងអះអាងថា ឆ្នាំនេះជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ។
ក្នុងស្មារតីនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលនេះនឹងជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀតយ៉ាងពិតប្រាកដ ។
បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រលើសំណើផ្តួចផ្តើមនានារបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួនដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយជាដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សាសន្តិភាពនៅក្នុងតំបន់ ៕ ដោយ ៖ ង៉ាន់ ទិត្យ




