សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសមួយ អាចទទួលបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសមួយ អាចទទួលបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គនាយកអង្គការសម្ព័ន្ធពិភពអ៊ីស្លាម (Muslim World League RABITA) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ មិថុនា ។

នៅក្នុងជំនួបនេះ ឯកឧត្តម មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គនាយកអង្គការសម្ព័ន្ធពិភពអ៊ីស្លាម (Muslim World League RABITA) មានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្តីរីករាយ ដោយបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយ នៅក្នុងបេះដូងរបស់ឯកឧត្តម ហើយក៏ជាប្រទេសមួយដែលមិនមានការរើសអើងខាងសាសនា ផ្ទុយទៅវិញជាប្រទេសដែលមានសន្តិសហវិជ្ជមានខាងជាតិសាសន៍ និងសាសនា ដែលនេះគឺជាតម្លៃពិតរបស់កម្ពុជា ជាទីគោរពនិងជាទីគំរូសម្រាប់ពិភពលោក។

ក្នុងន័យនេះ ឯកឧត្តម សូមសំដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ប្រទេសអារ៉ាប់ប៊ីសាអូឌិត រីករាយណាស់ជាមួយការគោរព និងស្រឡាញ់ ការដឹកនាំរបស់សម្តេចតេជោ ហើយនឹងយកបទពិសោធន៍ពីកម្ពុជា ទៅចែករំលែកនៅតាមវេទិកាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំដទៃទៀត អំពីការដឹកនាំដែលផ្តល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្តីស្រឡាញ់តាមការអនុវត្តជាក់ស្តែង ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេជ្រដ៏ល្អរបស់ ឯកឧត្តម មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គនាយកអង្គការសម្ព័ន្ធពិភពអ៊ីស្លាម ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍សង្កត់ធ្ងន់ថា សុខដុមបនីយកម្មជាតិសាសន៍ និងសាសនា គឺពិតជាមានសារសំខាន់ខ្លាំណាស់។ ប្រទេសមួយអាចទទួលបានសុខសន្តិភាព ស្ថេរភាព និការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា ត្រូវខិតខំធ្វើយ៉ាងណា កុំឲ្យមានភាពលំអៀង និងមិនអាចយកច្បាប់ វិធានរដ្ឋបាល មកគ្រប់គ្រងជំនឿរបស់ប្រជាជននោះទេ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្ត ដើម្បីបំពេញបន្ថែម បង្កលក្ខណៈឲ្យមានការរីកចម្រើន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner