អង្គការសម្ព័ន្ធពិភពឥស្លាមថ្លែងថាកម្ពុជាធានាបានការរួមរស់សន្តិសហវិជ្ជមាន រវាងប្រជាជន ដែលមានសាសនាផ្សេងៗគ្នា (Video Inside)

អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម បណ្ឌិត មហាំម៉ាត់ អាប់ ឌុល ការីម ដែលកំពុង បំពេញទស្សនកិច្ច៦ថ្ងៃក្នុងប្រទេសកម្ពុជាបានថ្លែងថា កម្ពុជាអាចធានាបាននូវការ រួម រស់ប្រកបដោយសន្តិសហវិជ្ជមានរវាងប្រជាជនដែលមានសាសនាផ្សេងៗគ្នា។

ការថ្លែងបង្ហាញក្តីសុទិដ្ឋិនិយមចំពោះការធ្វើឱ្យមានភាពសុខដុមនីយកម្មលើវិស័យសាសនាក្រោមនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងនៅថ្ងៃទី២២មិថុនានេះ ក្នុងឱកាសដែលអគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាមនិងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

អង្គការសម្ព័ន្ធពិភពឥស្លាម ដែលមានមូលដ្ឋានក្នុងប្រទេសអារ៉ាប់ សាអ៊ូឌី គឺជាអង្គការនៃ សម្លេងឈានមុខមួយលើពិភពលោកនៃសាសនាឥស្លាម និងជាអង្គការ សំខាន់មួយដែលប្រយុទ្ធប្រឆាំងនឹងមនោគម វិជ្ជាជ្រុលនិយម។

លោក ប្រាក់ សុខុន បានថ្លែងថាដោយសារការដឹកនាំក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលលើកកម្ពស់កិច្ចសន្ទនានិងការយោគយល់អធ្យាស្រ័យ, ការ ប្រឆាំងនឹង ភាពជ្រុលនិយម, ការស្អប់ខ្ពើមនឹងអំពើហិង្សា បានធ្វើឱ្យប្រទេសដែលមានពុទ្ធសាសនិកជន ច្រើនបំផុតក្នុងប្រទេសនេះ មានសុខដុមនីយកម្មសាសនា។

លោក ប្រាក់ សុខុន បានថ្លែងបង្ហាញថាកម្ពុជាបច្ចុប្បន្នមានពុទ្ធសាសនិក ៩០% និងឥស្លាមសាសនិក ៥% អាចធានាបាន នូវការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានរវាងប្រជាជនដែលមានសាសនាផ្សេងៗគ្នា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារសំខាន់នៃដំណើរទស្សនកិច្ច របស់អង្គការសម្ព័ន្ធពិភពឥស្លាមនៅកម្ពុជានេះ គឺជាការជំរុញទាំង ចំពោះទំនាក់ទំនងរវាងកម្ពុជាជាមួយអង្គការសម្ព័ន្ធពិភពឥស្លាម និងរវាងសហគមន៍ម៉ូស្លីមនៅ កម្ពុជាជាមួយសហគមន៍ម៉ូស្លីមនៅលើពិភពលោកផងដែរ។ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner