តុលាការអាល្លឺម៉ង់កាត់ទោសអតីតឆ្មាំណាហ្ស៊ីវ័យ ១០១ ឆ្នាំម្នាក់ឱ្យជាប់គុក៥ឆ្នាំ
តុលាការអាល្លឺម៉ង់កាលពីថ្ងៃអង្គារកាត់ទោសបុរសជាអតីតឆ្មាំជំរុំSS វ័យ ១០១ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទផ្ដល់ជំនួយក្នុងឃាតកម្មលើមនុស្សប្រហែល៣ ៥០០ នាក់នៅជំរុំប្រមូលផ្ដុំSachsenhausenកាលពី ៨០ ឆ្នាំមុន ដែលជាការកាត់ក្ដីចុងក្រោយលើសំណុំរឿងណាហ្ស៊ីអាល្លឺម៉ង់។
រដ្ឋអាជ្ញាអាល្លឺម៉ង់និយាយថា លោកយូសែហ្វ អេស(Josef S.)ដែលជាសមាជិកឆ្មាំនៃក្រុមការពារSS របស់បក្សណាហ្ស៊ីបានជួយបញ្ជូនមនុស្សចំនួន៣ ៥១៨ នាក់ទៅជំរុំដាក់អ្នកទោសនយោបាយSachsenhausen នាភាគខាងជើងនៃទីក្រុងប៊ែរឡាំង ដោយឈរយាមជាប្រចាំនៅចន្លោះឆ្នាំ១៩៤២និង១៩៤៥។
មនុស្សជាង២០០ ០០០ នាក់ដែលភាគច្រើនជាអ្នកទោសនយោបាយមកពីទូទាំងទ្វីបអឺរ៉ុប រួមជាមួយនឹងអ្នកទោសសង្គ្រាមសូវៀត និងជនជាតិជ្វីហ្វមួយចំនួនត្រូវបានឈុំខ្លួននៅជំរុំSachsenhausen ចន្លោះឆ្នាំពី ១៩៣៦ ដល់ឆ្នាំ ២៩៤៥។
អ្នកទោសរាប់ម៉ឺននាក់ស្លាប់ដោយសារការអត់ឃ្លាន ជំងឺ ការបង្ខំឱ្យធ្វើការ និងមូលហេតុផ្សេងទៀត ក៏ដូចជាតាមរយៈការពិសោធន៍វេជ្ជសាស្រ្ត និងប្រតិបត្តិការសម្លាប់ជាប្រព័ន្ធពីពួកឆ្មាំSSរួមទាំងការបាញ់ប្រហារ ការព្យួរក និងបំពុលដោយឧស្ម័ន។មនុស្សមួយចំនួនត្រូវបានគេសម្លាប់ ដោយប្រើឧស្ម័នពុល Zyklon-B ជាឧស្ម័នប្រើក្នុងការសម្លាប់រង្គាលយ៉ាងឃោរឃៅនៅជំរុំផ្សេងៗទៀត ដែលជនជាតិជ្វីហ្វអឺរ៉ុបរាប់លាននាក់ត្រូវបានសម្លាប់ក្នុងសម័យប្រល័យពូជសាសន៍ហូលូខឺសថ៍(Holocaust)។
មានការចោទប្រកាន់ជាច្រើនប្រឆាំងនឹងអតីតឆ្មាំជំរុំប្រមូលផ្តុំនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមលោកលើកទី២ប្រឆាំងនឹងមនុស្សជាតិ។ កាលពីខែកញ្ញា អតីតលេខាជំរុំម្នាក់បានព្យាយាមរត់គេចនៅថ្ងៃកាត់ក្ដីរបស់ខ្លួន ប៉ុន្តែត្រូវបានប៉ូលីសចាប់បានប៉ុន្មានម៉ោងក្រោយមក។
សេចក្តីសម្រេចរបស់តុលាការឆ្នាំ២០១១បានត្រួសត្រាយផ្លូវសម្រាប់ការកាត់ទោសទាំងនេះ ដោយបញ្ជាក់ថា សូម្បីតែអ្នកដែលរួមចំណែកដោយប្រយោលដល់ការសម្លាប់មនុស្សក្នុងសម័យសង្គ្រាម ដោយមិនបញ្ចេញសកម្មភាព ឬចេញដីកាក៏អាចទទួលបន្ទុកព្រហ្មទណ្ឌបានដែរ។
មេធាវីការពារក្តីលោកJosef S.លោកStefan Waterkamp និយាយថាកូនក្តីរបស់លោកនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចកាលពីថ្ងៃអង្គារ ហើយថាតុលាការជាន់ខ្ពស់នឹងសម្រេចថាតើ«ការជាធម្មតាដោយគ្មានការចូលរួមជាក់ស្តែង» បានផ្តល់ហេតុផលគ្រប់គ្រាន់សម្រាប់សាលក្រមបែបនេះដែរឬយ៉ាងណា។

ប្រភព៖ Reuters