តួកគី​យល់ព្រម​​គាំទ្រ​​​ហ្វាំងឡង់​និងស៊ុយអែតចូលណាតូ​ ក្រោយសម្រេច​បាន​កិច្ចព្រម​ព្រៀង​ត្រីភាគី​​​​

ទីបំផុត​​​​ប្រទេសតួកគី​បាន​យល់ព្រម​​​លើក​​សិទ្ធវេតូ​​បដិសេធ​​​​​សម្រាប់​​បេក្ខភាព​​របស់​​​ប្រទេស​ស៊ុយអែត​និងហ្វំាង​ឡង់ចូល​ជា​សមាជិក​របស់​អង្គការ​​​សន្ធិសញ្ញា​​អាត្លង់ទិក​ខាងជើង ដែល​គេ​ហៅកាត់ថា «ណាតូ» ​​ក្រោយ​ប្រទេស​ទាំងបី​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​រួម​មួយ​ដើម្បី​​​ប្រឆាំង​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​។​

​​ខណៈ​ពេល​ដែល​ប្រមុខ​​ដឹកនាំ​ប្រទេស​​​​ចំនួន​៣០​ដែល​ជាសមាជិក​នៃ​​អង្គការ​នេះ​​​​​កំពុង​ជួបប្រជុំ​​រហូត​ដល់ថ្ងៃទី​៣០​ខែមិថុនា​​នៅ​ទីក្រុង​ម៉ាឌ្រីដ​​នៃ​ប្រទេស​អេស្ប៉ាញ​​ តាមការ​ចេញ​ផ្សាយ​របស់​​បណ្តាញ​ព័ត៌មាន CNBC លោក Sauli Niinisto ប្រធានាធិបតី ហ្វាំងឡង់ បាន​ឲ្យ​ដឹង​​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋ​មន្ត្រីការ​បរទេស​នៃ​ប្រទេស​ទាំងបី​បាន​ចុះហត្ថ​លេខា​លើ​អនុស្សរណៈ​​មួយ​ដើម្បី​បញ្ជាក់​ថា​តួកគី​នឹង​គាំទ្រ​​ការ​ខិត​ខំ​​ប្រឹងប្រែង​របស់ស៊ុយអែត និង​ហ្វាំងឡង់សម្រាប់​​​ចូលជាសមាជិក​​របស់​ណាតូ។

មេដឹកនាំហ្វាំងឡង់បាននិយាយថា៖«អនុស្សរណៈរួមរ​បស់​យើង​បាន​គូសបញ្ជាក់​ពីការ​ប្តេជ្ញា​ចិត្ត​របស់ប្រទេសហ្វាំងឡង់ ស៊ុយអែត និងតួកគី ដើម្បី​ពង្រីក​ការគាំទ្រ​ពេញលេញ​របស់​ពួកគេ​ប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខរបស់គ្នាទៅវិញទៅមក»​។

លោក​បាន​បន្ថែម​ថា៖«យើង​ដែល​នឹង​​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ណាតូ ​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​ប្តេជ្ញា​ចិត្ត​នេះ»។

ការជំរុញ​ដើម្បី​​បន្ថែម​ស៊ុយអែត និងហ្វាំងឡង់ទៅក្នុង​​សម្ព័ន្ធ​​អង្គការ​ប្រដាប់​អាវុធ​ណាតូ កើត​ឡើង​​នៅពេល​ដែល​ការវាយ​លុករបស់រុស្ស៊ីលើអ៊ុយក្រែន បង្ក​ការភ័យខ្លាច​ដល់​ប្រទេស​ផ្សេងទៀត​នៅក្នុងតំបន់។ ទីក្រុងម៉ូស្គូ​ដែល​​តែងតែ​ជំទាស់​​​ជាយូរ​មក​ហើយ​ចំពោះ​ការពង្រីក​អង្គការណាតូ​បាន​ប្រឆាំងនឹងផែនការរបស់ប្រទេសទាំងពីរក្នុងការចូលរួមសម្ព័ន្ធភាព។

កន្លងមក ប្រធានាធិបតីតួក​គីលោក​ រ៉េសិប ​​តៃ​យីប​​ អេរដូហ្គែន​ (Recep Tayyip Erdogan) បាន​និយាយ​ថា លោកនឹង​មិន​យល់ព្រម​លើពាក្យសុំ​ចូល​ជា​សមាជិក​​នៃ​ប្រទេស​ទាំង​ពីរ​​នេះទេ ដោយ​លើកឡើង​ពីការ​គាំទ្រ​របស់ពួកគេចំពោះអង្គការ​​ឃឺដ ដែល​តួកគី​ចាត់ទុកការគំរាមកំហែងផ្នែកសន្តិសុខ។

សមាជិកណាតូទាំង៣០​ ត្រូវតែ​យល់ព្រម​លើការ​​​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​មួយ​​ ដើម្បី​ត្រូវ​​​​គេ​​​ទទួល​យក​ទៅក្នុងសម្ព័ន្ធភាព។

​យោង​តាម​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពីសប្តាហ៍មុន បានផ្សាយ​ថា​ លោក ជេនស៍ ស្តូលថេនប៊ើក (Jens Stoltenberg) ​​អគ្គលេខាធិ​ការ​​ណាតូ បាន​ប្រាប់​​អ្នក​​យកព័ត៌មាន​​ថា​គាត់​កំពុង​ធ្វើការ​ដើម្បី​បន្ថែម​​ហ្វាំងឡង់​ និង​ស៊ុយអែ​តទៅក្នុង​អង្គការណាតូ «ឱ្យបានឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

លោក​បាននិយាយថា ​​​ការចូល​ជាសមាជិក​នៃប្រទេស​ទាំងពីរ​នឹងធ្វើឱ្យពួកគេមានសុវត្ថិភាព អង្គការណាតូកាន់តែរឹងមាំ និង​​តំបន់​អឺរ៉ូ-អាត្លង់ទិកកាន់តែមានសុវត្ថិភាព។

ទាំងហ្វាំងឡង់ និងស៊ុយអែតបានបំពេញលក្ខខណ្ឌជាច្រើនក្នុងការក្លាយជាសមាជិកណាតូ។ តម្រូវការមួយចំនួនរួមមានការមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យដែលដំណើរការ ឆន្ទៈ​ក្នុងការផ្តល់នូវតម្លាភាពសេដ្ឋកិច្ច និង​សមត្ថភាព​ក្នុង​ការរួមចំណែក​យោធា​ក្នុង​បេសកកម្ម​របស់ណាតូ។

នៅក្នុងខែឧសភា ប្រទេស​ទាំងពីរ​បាន​ចាប់ផ្តើម​ដំណើរការ​ជាផ្លូវការ​នៃ​ការដាក់ពាក្យ​សុំចូល​ជា​សម្ព័ន្ធមិត្ត​របស់អង្គការណាតូ។ ក្រោយ​មក​សហរដ្ឋ​អាមេរិក​​បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​បេក្ខភាព​ទាំងពីរនេះ​។

បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ដាក់​សំណើ​​របស់​​ពួកគេ​ លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​នឹង​«ធ្វើ​ឲ្យ​អង្គការ​ណាតូ​កាន់​តែ​ខ្លាំង»។ លោក​បាន​ហៅ​ចំណាត់​ការ​របស់​ពួក​គេ​ក្នុង​ការ​ចូល​រួម​ក្នុង​កតិកាសញ្ញា​នេះ​ថា​ជា «ជ័យ​ជម្នះ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ»៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner