ឥណ្ឌា​ព្យាយាម​រក្សា​តុល្យភាព​ភូមិ​សាស្ត្រ​នយោបាយ​ និង​សេដ្ឋកិច្ច​ក្នុង​វិបត្តិ​សង្រ្គាម​រុស្ស៊ី​-​អ៊ុយក្រែន​

ពេល​រុស្ស៊ី​ទើប​បើក​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ដំបូង​ៗ ​សហរដ្ឋ​អាមេរិក​​ព្រមាន​ឥណ្ឌា​ប្រឆាំង​នឹង​ការ​ទិញ​ប្រេង​បន្ថែម​ពី​រុស្ស៊ី​​ ដោយ​និយាយ​ថា​ក្រុង​ញូវដែលី​អាច​ប្រឈម​នឹង ​«​ហានិភ័យ​ខ្ពស់​​»​។​

ប៉ុន្តែ​ស្រប​ពេល​ដែល​សង្រ្គាម​បន្ត​អូស​បន្លាយ​ ឥណ្ឌា​​ត្រូវ​បាន​គេ​រាយការណ៍​ថា​​បង្កើន​ការ​នាំ​ចូល​ប្រេង​រុស្ស៊ី​របស់​ខ្លួន​រហូត​ដល់​លើស​​ពី​​៨១៩ ០០០​បារ៉ែល​/​ថ្ងៃ​នា​ខែ​ឧសភា​​។​ ៤ ​ខែ​ក្រោយ​ការ​ឈ្លាន​ពាន​ លោក​ខាង​លិច​ដែល​នាំ​គ្នា​ជាន់​ក​សេដ្ឋកិច្ច​រុស្ស៊ី​ បែរ​ជា​បង្ហាញ​ការ​បន្ទន់​ជំហរ​ ដោយ​សង្កត់​ធ្ងន់​ថា​ ​ថា​ឥណ្ឌា​មិន​ចាំ​បាច់​ជ្រើស​រើស​ភាគី​ណា​ទេ​។​

ក្រៅ​ពី​ការ​​បន្ទន់​ជំហរ​ចុះ​របស់​បស្ចិម​លោក​ជំហាន​ផ្សេង​ៗ​របស់​ឥណ្ឌា​ក្នុង​អំឡុង​វិបត្តិ​រុស្ស៊ី​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ក្នុង​ការ​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​តុល្យភាព​​​លើ​បញ្ហា​ភូមិ​សាស្រ្ត​នយោបាយ​ខណៈ​​ទាញ​យក​ឱកាស​នៃ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​។​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​​ជីវិត​​សាធារណៈ​រដ្ឋ​ ការ​មិន​ចូល​បក្ស​សម្ព័ន្ធ​ និង​អព្យាក្រឹតភាព​បាន​បម្រើ​កេរ្តិ៍​ឈ្មោះ ​និង​កិត្យានុភាព​របស់​ឥណ្ឌា​បាន​យ៉ាង​ល្អ​។​

លោក​នាយក​រដ្ឋ​មន្រ្តី ​ណារិនដ្រា​ ម៉ូឌី ​ដែល​​ក្រុម​ប្រទេស​អ្នក​មាន​ទាំង​៧​(G-៧)​អញ្ជើញ​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​អាល្លឺម៉ង់​នា​សប្តាហ៍​នេះ​​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​​​ស្តី​ពី​សកម្មភាព​និង​ការ​អភិវឌ្ឍន៍​អាកាស​ធាតុ​រួម​គ្នា​ជាមួយ​​​គេ​ឯង​ដែរ​ខណៈ​បន្ត​បដិសេធ​ការ​ថ្កោល​ទោស​រុស្ស៊ី​ចំពោះ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។​

ឥណ្ឌា​​​ព្យាយាម​​លើក​​ខ្លួន​​ថា​​ជា​​សម្លេង​​សម្រាប់​​ប្រទេស​ក្រីក្រ​ផ្សេង​ទៀត​ផង​ដែរ​ ដោយ​លើក​​ហេតុ​ផល​​ថា​​ទណ្ឌកម្ម​បស្ចិម​លោក​លើ​រុស្ស៊ី​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​​ដល់​​ប្រទេស​​កំពុង​​អភិវឌ្ឍ​​ខ្លាំង​​បំផុត​។​​ក្រោយ​និយាយ​ថា​ លោក​ខាង​លិច​មិន​គួរ​យក​ការ​នាំ​ចូល​ប្រេង​រុស្ស៊ី​របស់​ខ្លួន​ធ្វើ​ជា​រឿង​នយោបាយ​​ ក្រសួង​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​ឥណ្ឌា​និយាយ​កាល​ពី​ខែ​មុន​ថា​ ការ​ទិញ​ប្រេង​រុស្ស៊ី​របស់​ឥណ្ឌា​មិន​ត្រឹម​តែ​ជួយ​សម្រាល​បន្ទុក​ក្នុង​ប្រទេស​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជួយ​សម្រាល​កំណើន​ខ្លាំង​នៃ​អតិផរណា​​​លើ​ពិភព​លោក​ផង​ដែរ​។​ ​

ទន្ទឹម​នឹង​នោះ​ ​លោក ​ម៉ូឌី​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ ​G-៧​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖​ «​អ្នក​ទាំង​អស់​គ្នា​ក៏​នឹង​យល់​ស្រប​នឹង​រឿង​​ដែល​ថា​ការ​ទទួល​បាន​ថាមពល​មិន​គួរ​តែ​ជា​ឯកសិទ្ធិ​របស់​ប្រទេស​អ្នក​មាន​​ប៉ុណ្ណោះ​ទេ​។​ប្រទេស​ក្រីក្រ​ក៏​មាន​សិទ្ធិ​ដូច​គ្នា​លើ​ថាមពល​ដែរ​»។​​លោក​បន្ត​ថា​៖ ​​​«​នៅ​ពេល​នេះ​ ខណៈ​ដែល​តម្លៃ​ថាមពល​ឡើង​ខ្ពស់​កប់​ពពក​ ដោយ​សារ​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ វា​ជា​រឿង​សំខាន់​ជាង​ក្នុង​ការ​ចង​ចាំ​រឿង​នេះ​»​​។

កត្តា​ផ្សេង​ៗ​ដែល​ជួយ​ឱ្យ​ឥណ្ឌា​រក្សា​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​។ អ្នក​វិភាគ​និយាយ​ថា​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ចង់​បង្កើន​សម្ពាធ​ជាស​កល​ប្រឆាំង​នឹង​រុស្ស៊ី​ វា​ក៏​មិន​អាច​ប្រថុយ​នឹង​កាត់​ផ្ដាច់​សម្ព័ន្ធ​មិត្ត​ដូច​ជា​ឥណ្ឌា​ដែរ​។ ​ឥណ្ឌា​ត្រូវ​ការ​ឥណ្ឌា​ជា​ថ្នូរ​នឹង​បញ្ហា​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​យុទ្ធសាស្ត្រ​ទប់​ទល់​នឹង​ចិន​ ដែល​តែង​ប៉ះ​ទង្គិច​ជាមួយ​ឥណ្ឌា​នៅ​តាម​ព្រំដែន​ជួរ​​ភ្នំ​ហិមាល័យ​​។

មុន​កិច្ច​ប្រជុំ​កំពូល​G-៧ ​លោក ​ចន ​ឃឺរប៊ី​ (John Kirby)​អ្នក​សម្រប​សម្រួល​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​​សហរដ្ឋ​អាមេរិក​​ពណ៌នា​ឥណ្ឌា​ថា​ជា​«​ដៃគូ​យុទ្ធសាស្ត្រ​សំខាន់​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​។​ក្នុង​កិច្ច​ប្រជុំ​ដដែល​លោក​ប្រធានា​ធិបតី​ចូ ​បៃដិន​ក៏​​ប្រកាស​ផ្តល់​មូលនិធិ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អន្តរជាតិ​ចំនួន​៦០០ ​ប៊ីលាន​ដុល្លារ​ដើម្បី​ទប់​ទល់​នឹង​​គម្រោង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​របស់​​ចិន​ ហើយ​​ឥណ្ឌា​នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​ទទួល​ផល​ដំបូង​គេ​។​​​

លើស​ពី​នេះ​ អ្នកវិភាគ​និយាយ​ថា ​ប្រេង​គឺ​​​ជា​ស្នូល​នៃ​ជំហរ​តុល្យភាព​របស់​ឥណ្ឌា​ជុំវិញ​​វិបត្តិ​សង្រ្គាម​នៅ​អឺរ៉ុប​ ខណៈ​ដែល​ពិភព​លោក​ប្រឈម​នឹង​តម្លៃ​ថាមពល​ឡើង​ថ្លៃ​ ដែល​ជំរុញ​អតិផរណា​។

កាល​ពី​ខែ​មីនា ​មន្ត្រី​សហរដ្ឋ​អាមេរិក​ រួម​ទាំង​លោក​បៃដិន ​ជំរុញ​កុំ​​ឱ្យ​ឥណ្ឌា​​បង្កើន​ការ​ទិញ​ថាមពល​ពី​រុស្ស៊ី​ ប៉ុន្តែ​ត្រូវ​ឥណ្ឌា​មិន​អើ​ពើ ​ហើយ​បង្កើន​ការ​នាំ​ចូល​។ ​ឥណ្ឌា​​ទិញ​ប្រេងឆៅ​លក់​បញ្ចុះ​តម្លៃ​ពី​រុស្ស៊ី​ប្រហែល​៧៦​លាន​បារ៉ែល​ក្នុង​រយៈ​ពេល​៤​ខែ​ ​ដោយ​តម្លៃ​នោះ​ថោក​ជាង​តម្លៃ​ប្រេង​សកល​រហូត​ដល់​ ៣០ ​ភាគ​រយ​នៅ​ខែ​ឧសភា​ និង​ដើម​ខែ​មិថុនា​។ 

មន្ត្រី​ឥណ្ឌា​​ការពារ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ការ​ទិញ​ទាំង​នេះ​ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​​បញ្ចៀស​ផល​ប៉ះ​ពាល់​នៃ​តម្លៃ​អាហារ​ និង​ឥន្ធនៈ​ខ្ពស់​សម្រាប់​ប្រជាជន​​​។​​រដ្ឋ​មន្ត្រី​ប្រេង​​ឥណ្ឌា ​លោក ​Hardeep Singh Puri ​​និយាយ​ថា​៖​ «​យើង​មិន​ទាន់​ងើប​ស្រួល​បួល​ពី​ជំងឺ​រាត​ត្បាត​ទេ​»​ ដោយ​លើក​ឡើង​ថា​ ឥណ្ឌា​នៅ​តែ​ត្រូវ​ផ្ដល់​អាហារ​​ដល់​មនុស្ស​រាប់​រយ​លាន​នាក់​ និង​ឧបត្ថម្ភ​ធន​លើ​វ៉ាក់សាំង​។​លោក​​បន្ថែម​​​ថា​​​៖​«​​យើង​​ត្រូវ​​តែ​​មើល​​ថែ​​ផល​ប្រយោជន៍​​ខ្លួន​​យើង​​​»​​។

​ពេល​​សហរដ្ឋ​អាមេរិក​ ក៏​ដូច​ជា​សហភាព​អឺរ៉ុប​​ពិចារណាលើ​ការ​ដាក់​ទណ្ឌកម្ម​​រុស្ស៊ី​ មាន​ការព្រួ​យ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ថា​ ការ​ធ្លាក់​ចុះ​​ជំរុញ​ឱ្យ​មាន​បញ្ហា​ស្រេក​ឃ្លាន​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​វិបត្តិ​ថាមពល​។​ ​​លោក​ខាង​លិច​កំពុង​ចាប់​ផ្តើម​ទទួល​ស្គាល់​ថា​ ទណ្ឌកម្ម​​​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ទូទាំង​ពិភព​លោក ​ដោយ​មិន​ធ្វើ​ឱ្យ​ខូច​ម៉ាស៊ីន​សង្រ្គាម​របស់​វិមាន​ក្រឹមឡាំង​នោះ​ទេ​ ខណៈ​ក្រុង​ម៉ូស្គូ​មាន​សម្ព័ន្ធ​មិត្ត​ដូច​ជា​ចិន​ និង​ឥណ្ឌា​ជួយ​ទិញ​ប្រេង​។​​ឥឡូវ​នេះ ​សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ឱ្យ​មាន​ការ​កំណត់​តម្លៃ​លើ​ប្រេង​រុស្ស៊ី​ ដើម្បី​​នាំចូល​ជា​ដំណោះ​ស្រាយ​លើ​វិបត្តិ​ថាមពេល​ ខណៈ​​កំពុង​ស្វែង​រក​វិធី​ថ្មី​ដើម្បី​ដាក់​ទណ្ឌកម្ម​ទី​ក្រុង​ម៉ូស្គូ​។​

កន្លង​មក​ឥណ្ឌា​​តែង​​​រិះ​គន់​​ការ​​លាក់​ពុត​​ម្តង​ហើយ​ម្តង​ទៀត​​​នៃ​​តម្រូវ​ការ​​ប្រេង​​របស់​​លោក​ខាង​លិច​ ខណៈ​​​​អឺរ៉ុប​​​ផ្ដល់​ដង្ហើម​​សេដ្ឋកិច្ច​ដោយ​បន្ត​ទទួល​​ឧស្ម័ន​​ធម្មជាតិ​ភាគ​ច្រើន​ពី​​​រុស្ស៊ី​។​​យោង​តាម​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ថាម​ពល ​និង​ខ្យល់​ស្អាត​ក្នុង​រយៈ​ពេល​១០០ ​ថ្ងៃ​ដំបូង​នៃ​សង្រ្គាម​ ប្រាក់​ចំណូលនៃ​ការ​លក់​​ឥន្ធនៈ​ហ្វូស៊ីល​​​របស់​រុស្ស៊ី​ប្រហែល​៣/៤ ​បាន​មក​​​អឺរ៉ុប​​ហើយ​​តិច​​ជាង​​៥ ​​ភាគ​​រយ​បាន​​មក​​ពី​​​​ឥណ្ឌា​​។​​

លោក ​Subrahmanyam ​Jaishankar ​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌា​​និយាយ​នៅ​​កាល​ពី​ដើម​ខែ​ថា​៖ ​«​ការ​ទិញ​ហ្គាស​រុស្ស៊ី​មិន​ផ្ដល់​មូល​និធិ​ដល់​សង្រ្គាម​ទេ​ឬ​?​។​ អឺរ៉ុប​គួរ​ចៀស​​ពី​ផ្នត់​គំនិត​ដែល​ថា​បញ្ហា​របស់​អឺរ៉ុប​គឺ​ជា​បញ្ហា​របស់​ពិភព​លោក ​ប៉ុន្តែ​បញ្ហា​របស់​ពិភព​លោក​មិន​មែន​ជា​បញ្ហា​របស់​អឺរ៉ុប​»។​

ក្នុង​កិច្ច​ប្រជុំ​កំពូល​ដដែល​​ជាមួយ​ប្រទេស​G-៧ ​លោក​Modi ​នៅ​តែ​បន្ត​បង្ហាញ​ជំហរ​រក្សា​​អព្យាក្រឹត​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន​ ដោយ​អំពាវ​នាវ​​​ឱ្យ​មាន​ដំណោះ​ស្រាយ​តាម​រយៈ​ការ​ទូត​ និង​កិច្ច​ចរចា​។​ ​

តាម​វិធី​ជាច្រើន​ លោក​ម៉ូឌី​​នឹង​រក្សា​ជំហរ​​ស្វ័យភាព​ជា​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា​។​លោក​Hafeez ullah Khan​ជំនួយ​ការ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​Abdul Wali Khan​ប្រទេស​ប៉ាគីស្ថាន​ សរសេរ​នៅ​ក្នុង​អត្ថបទ​វិភាគ​របស់​លោក​ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​ថា​៖​ «​រុស្ស៊ី​មាន​សារៈ​សំខាន់​ខ្លាំង​សម្រាប់​ផល​ប្រយោជន៍​ជាតិ​ឥណ្ឌា​។​ ឥណ្ឌា​​មិន​​ព្រម​​ថ្កោល​ទោស​​រុស្ស៊ី​​មិន​​ត្រឹម​តែ​​ដោយ​សារ​​គោលការណ៍​​អព្យាក្រឹតភាព​​ប៉ុណ្ណោះ​​​ទេ​ ប៉ុន្តែ​​​ក៏​​ដោយ​សារ​​តែ​​ការ​​ពឹង​​លើ​​រុស្ស៊ី​​ហួស​ហេតុ​​ដែរ​»​។​​

ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី ​មាន​តាំង​ពី​ដើម​ពេល​ឥណ្ឌា​ទើប​ទទួល​ឯករាជ្យ​ ​ហើយ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ រុស្ស៊ី​តែង​គាំទ្រ​ឥណ្ឌា​នៅ​អង្គការ​សហប្រជាជាតិ​ លើ​សំណួរ​ជុំ​វិញ​ជម្លោះ​នៅ​តំបន់​កាស្មៀរ។​​ ក្រៅ​ពី​នេះ ​រុស្ស៊ី​ក៏​ជា​អ្នក​ផ្គត់​ផ្គង់​សព្វា​វុធ​ឱ្យ​ឥណ្ឌា​ដ៏​សំខាន់​ផង​ដែរ។​ យោង​តាម​អត្ថបទ​ស្រាវ​ជ្រាវ​របស់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​Stimson ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ចុះ​ផ្សាយ​កាល​ពី​ខែ​មីនា​ប្រហែល ​៨៥ ​%​ នៃ​សម្ភារៈ​យោធា​របស់​​ឥណ្ឌា​បាន​មក​ពី​ប្រទេស​រុស្ស៊ី​ ឬ​មាន​ប្រភព​មក​ពី​សហភាព​សូវៀត​។​

ទន្ទឹម​នឹង​ការ​ថ្កោល​ទោស​រុស្ស៊ី​របស់​បស្ចិម​លោក​ លោក​Khan​និយាយ​ថា​៖​«តាម​ទស្សនៈ​របស់​ឥណ្ឌា​ រុស្ស៊ី ​និង​អាមេរិក​​គឺ​ជា​មហា​អំណាច​ពិភព​លោក​ និង​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​។​ ការ​ជ្រើស​រើស​ភាគី​ម្ខាង​ជុំ​វិញ​បញ្ហា​អ៊ុយក្រែន​នឹង​បំផ្លាញ​ទំនាក់​ទំនង​ទ្វេ​ភាគី​ដ៏​មាន​តម្លៃ​ជាមួយ​សម្ព័ន្ធ​មិត្ត​មួយ​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​ទាំង​២​»។​​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner