ប៊ុលហ្គារី​​បណ្ដេញ​​បុគ្គលិក​​ការ​ទូត​​រុស្ស៊ី​​៧០​​នាក់​​ចេញ​​ ជុំ​វិញ​​​​​​ចារកម្ម​

ប៊ុលហ្គារី​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​នឹង​បណ្តេញ​បុគ្គលិក​ការ​ទូត​រុស្ស៊ី​៧០​នាក់​ ជុំ​វិញ​ការ​ព្រួយ​បារម្ភ​អំពី​ចារកម្ម​ ហើយ​បាន​កំណត់​ទំហំ​នៃ​ការ​តំណាង​របស់​ទីក្រុង​ម៉ូស្គូ​ថា​ជា​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​២​ដែល​ធ្លាប់​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ហើយ​ត្រូវ​បែក​បាក់​កាន់​តែ​ខ្លាំង​ក្រោយ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។​

​ជំហាន​ដែល​ប្រកាស​ឡើង​ដោយ​ក្រសួង​ការ​បរទេស​និង​​នាយករដ្ឋមន្ត្រី​ គឺ​ជា​ការ​បណ្តេញ​អ្នក​ការ​ទូត​រុស្ស៊ី​ដ៏​ធំ​បំផុត​ដោយ​រដ្ឋា​ភិបាល​ក្រុង​សូហ្វ៊ីយ៉ា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។​

នាយក​រដ្ឋ​មន្ត្រី​ប៊ុលហ្គារី​ លោក ​គីរីល ​ភិតកូវ​ (Kiril Petkov)​ដែល​ត្រូវ​បាន​សភា​បោះឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​កាល​ពី​សប្ដាហ៍​មុន​ និយាយ​ថា​៖​​«​​​ថ្ងៃ​នេះ​ យើង​​បណ្តេញ​អ្នក​ការ​ទូត​រុស្ស៊ី​ចំនួន​៧០​នាក់​។​ពួក​គេ​ជា​ច្រើន​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​សម្រាប់​សេវាកម្ម​[​ស៊ើប​ការណ៍​]​ ហើយ​តួនាទី​ការ​ទូត​របស់​ពួកគេ​​គឺ​ដូច​ជា​ការ​​បិទ​បាំង​»។​​

​ក្រសួង​ការ​បរទេស​ប៊ុលហ្គារី​និយាយ​ថា​ ការ​សម្រេច​ចិត្ត​បណ្តេញ​បុគ្គលិក​ការ​ទូត​រុស្ស៊ី​ជា​ច្រើន​នាក់​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ ដើម្បី​ទម្លាក់​ទំហំ​នៃ​បេសជន​របស់​​ទីក្រុង​ម៉ូស្គូ​ឱ្យ​ស្មើ​នឹង​អ្នក​តំណាង​របស់​ប៊ុលហ្គារី​នៅ​ទី​ក្រុង​ម៉ូស្គូ​។​ ក្រសួង​ថា​ វា​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​សកម្មភាព​ខុស​ពី​អនុសញ្ញា​ទីក្រុង​វីយែន​ ស្តី​ពី​ទំនាក់​ទំនង​ការ​ទូត​ ឬ​ភាសា​ផ្លូវ​ការ​ហៅ​ថា​ ​​«​ចារកម្ម​»​។​

គិត​ត្រឹម​ព្រឹម​ថ្ងៃ​ពុធ​មិន​មាន​ការ​ឆ្លើយ​តប​ភ្លាម​ៗ​របស់​រុស្ស៊ី​ចំពោះ​ការ​ចោទ​ប្រកាន់​ចារកម្ម​នោះ​ទេ​។​ ប៉ុន្តែ​ប្រភព​​មិន​បញ្ចេញ​ឈ្មោះ​​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​TASS ​របស់​រុស្ស៊ីថា​​ ទីក្រុង​ម៉ូស្គូ​ដែល​ផ្តាច់​ហ្គាស​ទៅ​​ប៊ុលហ្គារី​កាល​ពី​ខែ​មេ​សា​ដោយ​សារ​មិន​ព្រម​ទូទាត់​ជា​ប្រាក់​រូប្លិ៍​ ​នឹង​ធ្វើ​ការ​ឆ្លើយ​តប​វិញ​ចំពោះ​ការ​បណ្ដេញ​​អ្នក​ការ​​ទូត​របស់​ខ្លួន​។​

លោក​ ភិតកូវ​ប្រកាន់​ជំហរ​ខ្លាំង​ខុស​ពី​ធម្មតា​ប្រឆាំង​នឹង​រុស្ស៊ី​ ដែល​ធ្លាប់​​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប៊ុលហ្គារី​​ក្នុង​សម័យ​កុម្មុយនិស្ត​ ដោយ​ថែម​ទាំង​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​ទីក្រុង​ម៉ូស្គូ​។​លោក​​​បណ្តេញ​​រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​​ចេញ​​​ពី​​តំណែង​​កាល​ពី​​​ខែ​កុម្ភៈ​​ចំពោះ​ការ​បដិសេធ​មិន​ហៅ​សកម្មភាព​របស់​រុស្ស៊ី​ថា​ជា​«​​សង្គ្រាម​​»​​​។​

លោក​ភិតកូវ ​​​រៀប​រាប់​​ការ​​បណ្តេញ​​ចេញ​ថ្មី​​នេះ​​ថា​​​៖​«​នេះ​​មិន​​មែន​​​ជា​​ទង្វើ​​ឈ្លានពាន​លើ​​ប្រជាជន​​រុស្ស៊ី​​​ទេ​។​​នៅ​ពេល​ដែល​រដ្ឋាភិបាល​បរទេស​កំពុង​ព្យាយាម​ជ្រៀតជ្រែ​ក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​យើង ​យើង​មាន​ស្ថាប័ន​ដែល​នឹង​ឆ្លើយ​តប​»​។​​ លោក​បន្ត​ថា​៖​ «​នៅ​ថ្ងៃ​អាទិត្យ​ យើង​រំពឹង​ថា​ យន្តហោះ​ពេញ​មួយ​ដែល​មាន​៧០​ កៅអី​ នឹង​ហោះ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​»​។

ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​បាន​បណ្តេញ​អ្នក​ការ​ទូត​រុស្ស៊ី​បន្ទាប់​ពី​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​កាល​នៅ​ចុង​ខែ​កុម្ភៈ​ហើយ​រុស្ស៊ី​បាន​ឆ្លើយត​ប​វិញ​នូវ​ជំហាន​ដូច​គ្នា​។​ ​ក្នុង​នោះ​ដែរ​ប៊ុលហ្គារី​​បាន​​បណ្ដេញ​​អ្នក​ការ​ទូត​​រុស្ស៊ី​​១០​​នាក់​​​កាល​ពី​​​ខែ​មីនា​។​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​ក្លាយ​ជា​ជូរ​ចត់​ ក្រោយ​រឿង​អាស្រូវ​ចារកម្ម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ ​២០១៩​។​ ​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner