អភិបាលខេត្តព្រះសីហនុ ៖ អាវុធកែច្នៃ អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈឺ និងដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបានគឺចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់
ព្រះសីហនុ ៖ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អាវុធកែច្នៃ អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈឺ និងដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបានគឺចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់។ អាវុធប្រើខ្យល់ ប្រើហ្គាគេអាចយកទៅច្នៃប្រើជាគ្រាប់ពិតបាន ដែលអាចបង្ករជារបួសស្នាម ឬសម្លាប់មនុស្សបាន។ ដូច្នេះត្រូវតែបង្ក្រាបទប់ស្កាត់ឱ្យបាន។ អ្នកប្រព្រឹត្តល្មើសយើងគ្មានការលើកលែងដាច់ខាតត្រូវតែផ្តន្ទាទោសទៅតាមច្បាប់។
ទន្ទឹមនេះដែរ ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ដែលមានការសហការធ្វើការបានល្អ។ ឯកឧត្តម ក៏ស្នើឲ្យមានការខិតខំប្រឹងប្រែងបន្តទៀត និងដាក់វិធានការស្រាវជ្រាវបន្ថែមលើការងារនេះឲ្យកាន់តែតឹងរឹង។
ឯកឧត្តម គួច ចំរើន បានផ្តោតលើចំណុចសំខាន់ចំនួន៤ រួមមាន
១.ការទប់ស្កាត់ការសម្អាតប្រាក់និងហិរញ្ញបទានភេវកម្ម
២.ការទប់ស្កាត់ និងចាត់វិធានការនូវការប្រើប្រាស់រថយន្តចង្កូតស្តាំ
៣.ការទប់ស្កាត់ និងចាត់វិធានប្រឆាំងការជួយដូរ និងប្រើប្រាស់បារីអេឡិចត្រូនិច
៤.ការទប់ស្កាត់ វិធានការលើអំពើលួចខ្សែរភ្លើង។
ឆ្លើយនឹងបញ្ហាទាំងនេះ ឯកឧត្តម គួច ចំរើន បានណែនាំអាជ្ញាធរ សមត្ថកិច្ចនិងផ្នែកជាប់ពាក់ព័ន្ធ ត្រូវសហការគ្នា ធ្វើការងារឱ្យមានប្រសិទ្ធិភាពនិងមានទំនួលខុសត្រូវខ្ពស់ដើម្បីសន្តិសុខសុវត្ថិភាព និងសុខមាលភាពពលរដ្ឋ។
ឯកឧត្តម គួច ចំរើន បន្តថា ទោះជាមានរបៀបវារៈច្រើនដែលត្រូវពិភាក្សាដោះស្រាយ ប៉ុន្តែការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានផ្តោតការយកចិត្តទុកដាក់ជាអាទិភាព និងបានណែនាំឱ្យគ្រប់ផ្នែកពាក់ព័ន្ធពង្រឹងការគ្រប់គ្រងគ្រប់អាវុធជាតិផ្ទុះឱ្យបានម៉ត់ចត់ ៕ ដោយ៖ខៀវ សាវ៉ុន



