ប្រធានបទសំខាន់ៗ ៤ ត្រូវបានលើកយកមកពិភាក្សា រវាងប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងអគ្គលេខាធិការរងអាស៊ាន ជាមួយក្រុមការងារមីយ៉ាន់ម៉ា ទទួលបន្ទុកជំនួយមនុស្សធម៌
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ុនណា ម៉ោងល្វីន និងឯកឧត្តម កូកូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌។
កិច្ចប្រជុំទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ (១) សារៈសំខាន់នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត (២) ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា (៣) ការតាមដានលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ និង (៤) វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការវាយតម្លៃតម្រូវការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ផងដែរ ៕ ដោយ សួង ពិសិដ្ឋ


