អង្គភាពប្រឆាំងអំពើពុករលួយ ៖ ក្នុងខែមិថុនាមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលមានចំនួន ១៩៣នាក់
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងអំឡុង ខែមិថុនា ឆ្នាំ ២០២២កន្លងមក មានមន្រ្តីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ១៩៣នាក់ ក្នុងនេះមានមន្ត្រីតែងតាំងថ្មី ១៦០នាក់ មន្ត្រីប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកចុងក្រោយ ដោយមូលហេតុលាឈប់ ពីការងារ-ចប់អាណត្តិ -ចូលនិវត្តន៍ និងបញ្ឈប់ពីការងារចំនួន ៣៣នាក់ ។
យោងតាមសេចក្តីជូនដំណឹងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី១៣ ដែលបានបើកកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២បានឱ្យដឹងថា ក្រៅពីមន្រ្តីដែល ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចបើកមើលឯកសារទ្រព្យសម្បត្តិ និងបំណុលតាមសំណូមពរស៊ើបអង្កត ០២ករណីផងដែរ ។
ប្រភពដដែលនេះបានឱ្យដឹងបន្ថែមថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានត្រៀមរៀបចំទទួលឯកសារប្រកាសចំនួនសរុប ៩.៣៨៩នាក់ ក្នុងនោះទទួលតំណែងថ្មីចំនួន ៤.៧៥៧ នាក់ និងចប់អាណត្តិ ចំនួន ៤.៦៣២ នាក់ ។
អង្ភភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ផងដែរថា ក្នុងខែមិថុនាកន្លងមកចំពោះការងារពាក្យប្ដឹងដែលមានក្នុងខែនេះគឺមានចំនួន ២៥ ត្រូវបានដាក់ចូលប្រជុំវិភាគ ក្រោយពីបានទទួល
១ ឬ ២ ថ្ងៃ។ អង្គភាពប្រឆាំងអំពើពុករលួយ បាននិងកំពុងពិនិត្យឯកសារពីភាគីពាក់ព័ន្ធ-ស្រាវជ្រាវ ដល់មូលដ្ឋាន-ស្ដាប់ការបំភ្លឺ លើពាក្យប្ដឹងចំនួន ២៧ ។ ក្រោយពិនិត្យ-វិភាគ-ចុះស្រាវជ្រាវ ឬសុំឱ្យបំភ្លឺជាលាយលក្ខណ៍អក្សរក្តី ដោយផ្ទាល់មាត់ក្តី ឃើញថា ពាក្យប្ដឹងចំនួន ១០ មិនពាក់ព័ន្ធនឹងបទល្មើសពុករលួយទេ ហើយអង្គភាព ប្រឆាំងអំពើពុករលួយ សម្រេចបញ្ចប់ដោយជម្រាបដល់ម្ចាស់បណ្ដឹងវិញថា ពាក្យប្ដឹងទាំងនោះមិនមានពាក់ព័ន្ធនឹងអំពើពុករលួយដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ។
អង្គភាពប្រឆាំងអំពើពុករលួយបានជម្រាបដល់ម្ចាស់បណ្ដឹងវិញនូវលទ្ធផលនៃការស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយចំនួន ១៦ លិខិត ។ បានធ្វើលិខិតឱ្យសាមីសា្ថប័ននិងសាម៉ីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺ និងកំពុងរង់ចាំការ បំភ្លឺមកវិញចំនួន ២៨ លិខិត ។ បានទទួលលិខិតបំភ្លឺពីក្រសួង ស្ថាប័ន និងសាមីខ្លួនវិញចំនួន ២២ លិខិតបានធ្វើលិខិតកោះហៅជនពាក់ព័ន្ធនឹងពាក្យប្ដឹងឱ្យមកបំភ្លឺផ្ទាល់នៅអង្គភាពប្រឆាំងអំពើ ពុករលួយ ចំនួន ៤៣លិខិត និងបានធ្វើលិខិតអន្តរាគមន៍ចំនួន ០១លិខិត។
ប្រភពដដែលនេះបានបញ្ជាក់ដែរថាចំពោះការងារអប់រំ អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តផលិតវីដេអូអំពីសកម្មភាពការងារ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីផ្សព្វផ្សាយជូនសាធារណជនតាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក-ទូរទស្សន៍-វិទ្យុ និងកាសែត ។ល។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលបង្រៀន ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់សិស្សមេធាវីជំនាន់ទី១៨ ។
ការងារបង្ការ និងទប់ស្កាត់ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ ការប្រឡងថ្នាក់ជាតិជ្រើសរើសសិស្ស និស្សិតចូលរៀនកម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យ សុខាភិបាល ។ ក្នុងការទប់ស្កាត់អំពើពុករលួយវិញ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានពិនិត្យ និង ផ្ទៀងផ្ទាត់ឯកសារនៃការធ្វើលទ្ធកម្មសាធារណៈ ចំនួន ៧២គម្រោង នៃអង្គភាពលទ្ធកម្មរាជធានី-ខេត្ត ក្រសួង-ស្ថាប័ន -មន្ទីរ និងអង្គភាពនានាចំនួន ៣១ ៕ ដោយ ៖ ម៉ាដេប៉ូ



