គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកណ្ដាល រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២២ របស់ខ្លួន

ខេត្តកណ្តាល ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ខ្លួន ក្រោមវត្តមានលោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល មន្ទីរពាក់ព័ន្ធ និងលោក-លោកស្រី ដែលជាប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ក្រុង-ស្រុក ផងដែរ។

លោកជំទាវ នួន នារតី បានបញ្ជាក់ថា បើទោះបីជាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) គ្រប់លំដាប់ថ្នាក់សម្រេចបាននូវលទ្ធផលការងារបានច្រើន និងល្អយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខ្វះខាត់តិចតួច ដែលតម្រូវឱ្យសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នា ដើម្បីរកនូវដំណោះស្រាយទៅលើចំណុចខ្វះខាតទាំងនោះ ឱ្យបានទាន់ពេលវេលា ពីព្រោះគោលបំណងដ៏សំខាន់បំផុត ក្នុងកិច្ចប្រជុំនេះ គឺរៀបចំឡើងដើម្បីត្រួតពិនិត្យទៅលើសមិទ្ធិផលការងារដែលសម្រេចបាន ស្វែងរកបញ្ហាប្រឈមចំណុចខ្វះខាត យកមករួមគ្នាពិនិត្យពិភាក្សា រកដំណោះស្រាយ ទុកសម្រាប់ជាគន្លឹះក្នុងការអនុវត្តទិសដៅការងារបន្ត ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។

ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ក៏បានស្នើដល់អង្គប្រជុំទាំងមូល សូមរួមគ្នាបញ្ចេញជាមតិយោបល់ ដើម្បីកែសម្រួលទៅលើរបាយការណ៍ឆមាសទី១ សំដៅធ្វើឱ្យរបាយការណ៍នេះ កាន់តែមានភាពត្រឹមត្រូវ ខ្លីហើយច្បាស់លាស់ បំពេញចំណុចខ្វះខាត់បានគ្រប់ជ្រុងជ្រោយ។

សូមជម្រាបថា ក្នុងទិសដៅការងារឆមាសបន្តបន្ទាប់នេះគឺ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក)ខេត្តកណ្ដាល នឹងត្រៀមរៀបចំវេទិការផ្សព្វផ្សាយច្បាប់ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការចិញ្ចឹមកូនបែបវិជ្ជមាន ការបំបែកកូនចេញពីគ្រួសារ ដោយមិនចាំបាច់។ ត្រៀមរៀបចំវគ្គតម្រង់ទិស ស្តីពីតួនាទីភារកិច្ច គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ក្រុង/ស្រុក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ឃុំ/សង្កាត់ ក្នុងការលើកកម្ពស់សេវាសង្គម ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner