មេដឹកនាំស្វីសព្រមានអំពីការយកទ្រព្យសម្បត្តិរុស្ស៊ីដែលបានបង្កកទៅជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ
ប៊ែន៖ ប្រធានាធិបតីស្វីសលោក អ៊ីគណាហ្ស៊ីអូ កាស្ស៊ីស បានព្រមានសម្ព័ន្ធមិត្តលោកខាងលិចអំពីភាពស្មុគស្មាញផ្នែកច្បាប់ នៃការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក ដើម្បីបង្វិលទៅជួយដល់ការស្តារប្រទេសអ៊ុយក្រែនឡើងវិញ ដោយនិយាយថា សិទ្ធិនៃទ្រព្យសម្បត្តិ គឺជាសិទ្ធិជាមូលដ្ឋាន… គឺជាសិទ្ធិរបស់មនុស្ស ។
លោក កាស្ស៊ីស បានធ្វើការអត្ថាធិប្បាយបែបនេះទៅកាន់អ្នកសារព័ត៌មាននៅចុងបញ្ចប់នៃសន្និសិទអន្តរជាតិស្តីអំពីការកសាងអ៊ុយក្រែនឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក ដេនីស ស៊្មីហាល់ បានសម្តែងក្តីសង្ឃឹមថា នឹងប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីប្រមាណពី ៣០០ ទៅ ៥០០ពាន់លានដុល្លារដែលត្រូវបានបង្កកនៅក្នុងធនាគារលោកខាងលិចជាច្រើន ដើម្បីជួយចំណាយសម្រាប់ការស្តារប្រទេសអ៊ុយក្រែនឡើងវិញក្រោយបញ្ចប់សង្គ្រាម។
ប្រធានាធិបតីស្វីសរូបនេះបានសង្កត់ធ្ងន់ថា សិទ្ធិជាមូលដ្ឋានអាចត្រូវបានគេរំលោភបំពាន ដូចដែលបានធ្វើនៅក្នុងករណីខ្លះក្នុងអំឡុងជំងឺរាតត្បាត COVID-19 ប៉ុន្តែយើងត្រូវបង្កើតមូលដ្ឋានច្បាប់ សម្រាប់ការផ្លាស់ប្តូរបែបនេះជាមុនសិន។ លោកថា អ្នកត្រូវតែធានាថា ប្រជាពលរដ្ឋត្រូវបានការពារប្រឆាំងនឹងអំណាចរបស់រដ្ឋ។
គួរបញ្ជាក់ថា ប្រទេសស្វីសបានបង្កកប្រាក់ប្រមាណ ៦.៥ពាន់លានដុល្លារដែលជាទ្រព្យសម្បត្តិរបស់រុស្ស៊ី៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា





